១. និយមន័យ និងមូលហេតុ
ជំងឺតាអក គឺជាលក្ខខណ្ឌមួយដែលធ្វើឱ្យស្បែករបស់អ្នកឡើងក្រហម និងរមាស់។ ជំងឺនេះមានទំនាក់ទំនងជាមួយហ្សែនផ្សេងៗដែលមានឥទ្ធិពលលើសមត្ថភាពក្នុងការការពាររបស់ស្បែក។ ចំពោះក្មេង ការអាល្លែកហ្ស៊ីជាមួយអាហារអាចដើរតួរយ៉ាងសំខាន់ក្នុងការបង្កឱ្យលេចចេញនូវតាអក។ កត្តាហានិភ័យផ្សេងទៀតដែលអាចបង្កឱ្យមានជំងឺតាអកគឺ ប្រវត្តិគ្រួសារធ្លាប់កើត ប្រតិកម្មអាល្លែកហ្ស៊ី និងហឺត។
២. រោគសញ្ញានៃតាអក
ជំងឺតាអកត្រូវបានសម្គាល់ឡើងដោយរោគសញ្ញាដែលលេចឡើងខុសៗគ្នាអាស្រ័យតាមបុគ្គលម្នាក់ៗ រួមមាន៖
• ស្បែកហាក់ប្រែជាស្ងួតខុសពីធម្មតា
• អាការរមាស់ស្បែក ដែលអាចនឹងធ្ងន់ធ្ងរ ពិសេសពេលយប់
• ស្នាមក្រហម ឬជាំ ពិសេសលើដៃ ជើង កជើង កដៃ ក ក្រោមចង្ការ ត្របកភ្នែក ផ្នត់កែងដៃ ផ្នត់ជង្គង់ បើក្មេងតូច ច្រើនកើតនៅមុខ និងស្បែកក្បាល
• កន្ទួល ឬពងទឹក ដែលអាចរបកពេលកោស។
៣. ផលវិបាក និងការការពារជំងឺតាអក
ប្រសិនពុំបានស្វែងរកការព្យាបាលឱ្យទាន់ពេលទេនោះ អ្នកជំងឺតាអកនឹងវិវឌ្ឍទៅជា ជំងឺហឺត(ក្មេងពាក់កណ្តាលដែលកើតតាអកច្រើនវិវឌ្ឍទៅជាជំងឺហឺតនៅអាយុ១៣ឆ្នាំ) រមាស់រ៉ាំរ៉ៃ ស្បែកឆ្លងមេរោគ (វីរុស និងបាក់តេរី) និងពិបាកក្នុងការគេង។
ទោះជាយ៉ាងណាអ្នកក៏អាចការពារពីជំងឺតាអកបាន ដោយត្រូវគោរពតាមគោលការណ៍ខាងក្រោម៖
• ផ្តល់សំណើមដល់ស្បែកយ៉ាងហោចណាស់២ដងក្នុងមួយថ្ងៃ
• ព្យាយាមរកសញ្ញាណដែលធ្វើឱ្យអ្នកកើតតាអក និងចៀសវាងវា (រួមមាន របស់ផ្អែម ស្ត្រេស លើសទម្ងន់ សាប៊ូ លម្អងផ្កា និងធូលីដី) ចំពោះក្មេងតូច អាចដោយសារតែការ ទទួលទានអាហារមួយចំនួនដូចជា ស៊ុត ទឹកដោះគោ សណ្តែកសៀង និងស្រូវសាឡី
• កុំងូតទឹកយូរពេក ដោយកំណត់រយៈពេលងូតទឹកឱ្យបានសមស្របត្រឹម១០ទៅ១៥នាទី និងគួរប្រើទឹកក្តៅឧណ្ហៗ ជាជាងទឹកក្តៅ
• ប្រើសាប៊ូដុំដុសខ្លួនដែលមានកម្រិតស្រាល ព្រោះថាសាប៊ូដែលមានក្លិនខ្លាំង និងប្រឆាំងបាក់តេរី ភាគច្រើនអាចបំផ្លាញជាតិប្រេងធម្មជាតិលើស្បែករបស់អ្នកបាន និងងាយធ្វើឲ្យស្បែកស្ងួត
• សម្ងួតស្បែកដោយប្រុងប្រយ័ត្នបន្ទាប់ពីងូតទឹករួចដោយប្រើកន្សែងទន់ៗ រួចផលិតផលផ្តល់សំណើមដល់ស្បែកភ្លាមៗ។
គ្មានវិធីសាស្ត្រណាមួយអាចព្យាបាលជំងឺតាអកឱ្យជាសះស្បើយឡើយ មានតែការប្រើថ្នាំដើម្បីបន្ថយសញ្ញាមួយចំនួន និងគោរពតាមគោលការការពារខាងលើប៉ុណ្ណោះ៕
- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Ms.DN)