ជំងឺខាន់ស្លាក់ជាមូលហេតុចម្បងមួយធ្វើឱ្យក្មេងឈឺ បង្កនូវផលវិបាកធ្ងន់ធ្ងរ រហូតដល់ពិការ ឬមិនអាចធ្វើចលនាបាន មានការបង្ករោគនៅសួត និងស្លាប់យ៉ាងច្រើនមុនពេលវ៉ាក់សាំងត្រូវបានរកឃើញ។
វ៉ាក់សាំងបង្ការជំងឺខាន់ស្លាក់ជាប្រភេទវ៉ាក់សាំងដែលអាចការពារបានទាំង ជំងឺតេតាណុស ឬ/និងជំងឺក្អកមាន់ ដែលរួមមាន៤ប្រភេទ៖
• វ៉ាក់សាំង DTaP សម្រាប់ការពារទារក និងក្មេងតូចៗពីខាន់ស្លាក់ តេតាណូស និងក្អកមាន់
• វ៉ាក់សាំង DT ការពារទារក និងក្មេងតូចៗ ពីជំងឺខាន់ស្លាក់ និងជំងឺតេតាណូស
• វ៉ាក់សាំង Tdap សម្រាប់ការពារក្មេងជំទង់ និងមនុស្សពេញវ័យពីជំងឺតេតាណូស ខាន់ស្លាក់ និងក្អកមាន់
• វ៉ាក់សាំង Td ការពារក្មេងជំទង់ និងមនុស្សពេញវ័យពីជំងឺតេតាណូស និងខាន់ស្លាក់។
១. នរណាខ្លះគួរចាក់វ៉ាក់សាំងនេះ? ហើយចាក់នៅពេលណា?
វ៉ាក់សាំងបង្ការជំងឺខាន់ស្លាក់ ជាប្រភេទវ៉ាក់សាំងដែលអាចបង្ការទាំង ជំងឺតេតាណូស និងជំងឺក្អកមាន់ ត្រូវបានផ្តល់ឱ្យសម្រាប់គ្រប់គ្នា។ ទារក និងក្មេងក្រោយ៧ឆ្នាំ នឹងត្រូវបានផ្តល់ឱ្យនូវវ៉ាក់សាំងបង្ការជំងឺខាន់ស្លាក់ប្រភេទ DTaP ឬDT រីឯមនុស្សពេញវ័យ ឬក្មេងជំទង់ទទួលបានប្រភេទ Tdap និងTd។ ប្រឹក្សាជាមួយគ្រូពេទ្យដើម្បីជ្រើសរើសប្រភេទវ៉ាក់សាំងបង្ការជំងឺខាន់ស្លាក់សមស្របតាមស្ថានភាពពិសេសណាមួយរបស់អ្នក។ ទារក និងក្មេងក្រោម៧ឆ្នាំ ត្រូវចាក់៥ដង នៅអាយុ ២ខែ ៤ខែ ៦ខែ ១៥ទៅ១៨ខែ និង៤ទៅ៦ឆ្នាំ។ ចំពោះក្មេងដែលមិនគួរចាក់វ៉ាក់សាំងបង្ការជំងឺក្អកមាន់ គ្រូពេទ្យនឹងតម្រូវឱ្យចាក់ប្រភេទ DT វិញ។ ក្មេងជំទង់អាយុចន្លោះពី១១ទៅ១២ឆ្នាំ តម្រូវឱ្យចាក់រំលឹកភាពស៊ាំការពារពីជំងឺខាន់ស្លាក់ ដោយប្រភេទ Tdap។ ចំពោះស្ត្រីមានផ្ទៃពោះ គួរចាក់វ៉ាក់សាំងប្រភេទ Tdap បង្ការជំងឺខាន់ស្លាក់ អំឡុងត្រីមាសទី៣ នៃការមានផ្ទៃពោះ។ សម្រាប់មនុស្សពេញវ័យគួរចាក់វ៉ាក់សាំងប្រភេទ Td បង្ការជំងឺខាន់ស្លាក់រៀងរាល់១០ឆ្នាំម្តង។
២. នរណាមិនគួរចាក់វ៉ាក់សាំងនេះ?
អាស្រ័យដោយលក្ខខណ្ឌអាយុ និងលក្ខខណ្ឌសុខភាព អ្នកខ្លះមិនអាចចាក់វ៉ាក់សាំងបង្ការជំងឺខាន់ស្លាក់នេះបានទេ ឬត្រូវរង់ចាំក្នុងរយៈពេលមួយ តាមអនុសាសន៍របស់គ្រូពេទ្យ។
៣. ផលរំខានណាខ្លះនឹងកើតមានបន្ទាប់ពីចាក់វ៉ាក់សាំងនេះ?
ករណីស្រាលបន្ទាប់ពីចាក់វ៉ាក់សាំងបង្ការជំងឺខាន់ស្លាក់ (DTaP, DT, Dtap, Td) ជាទូទៅ អាចនឹងមានផលរំខានខ្លះដូចជា ឡើងក្រហម ហើម ឬឈឺត្រង់កន្លែងចាក់ ក្តៅខ្លួន អស់កម្លាំង បាត់បង់ចំណង់អាហារ ក្អួត និងឈឺក្បាលជាដើម។
- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Ms.DN)