(+855) 11 909 020 / 69 909 011

ហេតុអ្វីទារកកើតមកមានជំងឺបាយភ្នែក?

ជំងឺបាយភ្នែកជាជំងឺដែលតែងធ្វើឱ្យរូបភាពឆ្លងកាត់ស្រទាប់បាតភ្នែក ឬរ៉េទីនមានសភាពស្រអាប់ និងជាលទ្ធផលបង្កឲឱ្យមានការថយចុះនូវគំហើញ។ ភាគច្រើននៃជំងឺនេះត្រូវបានរកឃើញចំពោះមនុស្សចាស់ ប៉ុន្តែករណីផ្សេងទៀត ទារកទើបនឹងកើតក៏ស្ថិតនៅក្នុងអត្រាប្រឈមខ្ពស់គួរឲឱ្យកត់សម្គាលផងដែរ។ 

ហេតុអ្វីទារកទើបនឹងកើតមកមានជំងឺបាយភ្នែក? តើអ្នកអាចការពារកូនរបស់អ្នកពីជំងឺនេះបានដែរឬទេ?

១. សញ្ញា និងមូលហេតុនៃបាយភ្នែកលើទារក

ទារកទើបនឹងកើត ឬក្មេងតូចច្រើនប្រឈមនឹងជំងឺបាយភ្នែកទាំងសងខាង ធ្វើឱ្យពួកគេមិនអាចគ្រប់គ្រងចលនាភ្នែកបាន។ ប្រសិនក្មេងតូចខ្លាំង វាអាចនឹងពិបាកក្នុងការសម្គាល់រករោគសញ្ញាខ្លាំងណាស់។ ដូច្នេះ ភ្នែកកូនតូចគួរធ្វើការត្រួតពិនិត្យរាល់៧២ម៉ោងម្តងបន្ទាប់ពីកើត និងនៅពេលពួកគេអាយុចន្លោះពី៦ទៅ៨សប្តាហ៍។ ការរកឃើញនូវសញ្ញាបាយភ្នែកបានរហ័ស និងព្យាបាលបានទាន់ពេលអាចបន្ថយហានិភ័យនៃបញ្ហាគំហើញរយៈពេលយូរ។ 

គួរបញ្ជាក់ថា មូលហេតុជាច្រើនដែលបង្កឲ្យទារកកើតមកមានជំងឺបាយភ្នែក ឬក្មេងតូចងាយវិវឌ្ឍជាជំងឺភ្នែកឡើងបាយរួមមាន៖
• កត្តាតំណពូជពីឪពុកម្តាយ ឬលក្ខខណ្ឌនៃហ្សែនមួយចំនួនដូចជា Down’s syndrome
• អំឡុងពេលមានផ្ទៃពោះ ម្តាយមានជំងឺកញ្ជ្រិល និងជំងឺអ៊ុតស្វាយ
• មានរបួសនៅភ្នែកបន្ទាប់ពីកើត។

២. វិធីបង្ការពីជំងឺបាយភ្នែក

គ្មាននរណាមម្នាក់អាចការពារជំងឺបាយភ្នែកដែលកើតមានដោយសារហ្សែន ឬតំណពូជពីគ្រួសារបានឡើយ។ ប៉ុន្តែ ករណីខ្លះដើម្បីបន្ថយហានិភ័យនៃទារកកើតមករួមជាមួយជំងឺបាយភ្នែក ម្តាយត្រូវចៀសវាងការឆ្លងមេរោគមួយចំនួនអំឡុងពេលមានផ្ទៃពោះ។ បើអ្នកធ្លាប់មានកូនកើតមកមានជំងឺបាយភ្នែក ហើយអ្នកកំពុងមានគម្រោងមានផ្ទៃពោះម្តងទៀត អ្នកចាំបាច់ត្រូវប្រឹក្សាជាមួយគ្រូពេទ្យជាមុន។ 

ការមិនទទួលបានការព្យាបាលឲ្យទាន់ពេលនៃជំងឺបាយភ្នែកលើទារក ឬក្មេងតូចអាចបង្កឱ្យមានការបំផ្លាញជាអចិន្ត្រៃយ៍ដូចជា ជំងឺភ្នែកខ្ជិល និងខ្វាក់ក្នុងករណីធ្ងន់ធ្ងរ។

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Ms.DN)