អ្នកប្រហែលកំពុងទទួលទាននូវភេសជ្ជប៉ូវកម្លាំងជារៀងរាលថ្ងៃ ដើម្បីទប់ទល់ជាមួយការងារដ៏មមាញឹក ឬការដាច់យប់នៃការងារសាលា និងតាមការកំណត់របស់ក្រុមហ៊ុន។ តែថា តើអ្នកទទួលទានបានត្រឹមត្រូវហើយឬនៅ? ហើយតើវាផ្តល់ផលប៉ះពាល់បែបណាខ្លះ?
ជាទូទៅ មិនមានស្តង់ដារណាមួយដើម្បីកំណត់អំពីភេសជ្ជប៉ូវកម្លាំងឡើយ គ្រាន់តែដឹងថាវាពុំមានផ្ទុកនូវជាតិអាល់កុល តែផ្ទុកជាតិកាហ្វេអ៊ីន វីតាមីន ស្ករ និងសារធាតុជាច្រើនទៀត។ ភេសជ្ជៈប៉ូវកម្លាំង ត្រូវបានដាក់លក់លើទីផ្សារក្នុងគោលបំណងផ្តល់នូវគុណសម្បត្តិដូចជារំញោច ដើម្បីបង្កើន ឬប៉ូវកម្លាំង ឬថាមពលរបស់អ្នក។
១. តើអ្នកគួរទទួលទានបែបណា?
គន្លឹះខាងក្រោម អាចឱ្យអ្នកទទួលបាននូវសុវត្ថិភាពក្នុងការទទួលទានភេសជ្ជៈប៉ូវកម្លាំង៖
• ពិនិត្យជាតិកាហ្វេអ៊ីននៅកំប៉ុង ដោយកម្រិតការទទួលទានមិនឱ្យលើសពី៤០០មីលីក្រាមក្នុងមួយថ្ងៃឡើយ
• អ្នកមិនត្រូវបានណែនាំឱ្យទទួលទានភេសជ្ជៈប៉ូវកម្លាំងលើសពី១ទៅ២កំប៉ុងក្នុងមួយទេ
• ចៀសវាងការលាយភេសជ្ជៈប៉ូវកម្លាំងដែលមានជាតិកាហ្វេអ៊ីន ជាមួយនឹងជាតិអាល់កុលឡើយ
• មិនត្រូវទទួលទានភេសជ្ជៈប៉ូវកម្លាំងនៅពេលអ្នកហាត់ប្រាណឡើយ ព្រោះវាអាចធ្វើឱ្យអ្នកកាន់តែបាត់បង់ជាតិទឹកខ្លាំង
• មិនត្រូវញ៉ាំភេសជ្ជប៉ូវកម្លាំងដើម្បីជំនួសឱ្យការគេង ឬអាហាររបស់អ្នកឡើយ
• ទទួលទានដោយប្រុងប្រយ័ត្នសម្រាប់ស្ត្រីមានផ្ទៃពោះ និងក្មេង ឬគួរប្រឹក្សាជាមួយគ្រូពេទ្យសម្រាប់លក្ខខណ្ឌនេះ
• ប្រសិនអ្នកលើសជាតិស្ករ ឬមានជំងឺទឹកនោមផ្អែម ត្រូវប្រឹក្សាជាមួយគ្រូពេទ្យមុនពេលទទួលទានភេសជ្ជប៉ូវកម្លាំង គឺប្រសើរបំផុត។
២. តើវាផ្តល់ផលប៉ះពាល់បែបណាបើទទួលទានលើសកម្រិត?
ទោះបីភេសជ្ជៈប៉ូវកម្លាំងផ្តល់ឱ្យអ្នកនូវថាមពល ជួយឱ្យអារម្មណ៍ល្អ និងគុណសម្បត្តិជាច្រើនយ៉ាងណាក៏ដោយ បើអ្នកមិនប្រុងប្រយ័ត្ន ឬទទួលទានលើសកម្រិត នោះអ្នកអាចប្រឈមនឹង ការបាត់បង់ជាតិទឹកធ្ងន់ធ្ងរ ញៀន ឈឺក្បាល ប្រកាំង ពិបាកគេង អស់កម្លាំង រាក ភ័យ ប្រកាច់លើសសម្ពាធឈាម បេះដូងលោតញាប់ និងរហូតដល់មានជំងឺបេះដូង ទឹកនោមផ្អែម មហារីក អារ ឬមិនអាចមានកូនបានទៀតផង។
សូមទទួលទានភេសជ្ជប៉ូវកម្លាំងឱ្យបានត្រឹមត្រូវ ដោយប្រុងប្រយ័ត្នខ្ពស់ ពីព្រោះវាជាអាវុធមុខពីរអាចជួយផ្ដល់កម្លាំង និងបំផ្លាញ់សុខភាពរបស់អ្នក៕
- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Ms.DN)