ការស្រាវជ្រាវបានឱ្យដឹងថា បើសិនជាអ្នកមានអារម្មណ៍ថា ចេះតែមិនស្រួលភ្នែក មើលអ្វីក៏មិនច្បាស់ ព្រិល ស្រអាប់ខុសធម្មតា រកតែផ្តោតធ្វើអ្វីមួយក៏ពិបាក ហើយស្ថានភាពនេះហាក់កើតមានញឹកញាប់ ឬយូរៗម្តង ក្នុងរយៈពេលកំណត់មួយ គឺវាអាចជាអាការមួយបញ្ជាក់ថា សុខភាពរបស់អ្នកកំពុងជួបប្រទះបញ្ហាណាមួយ ក្នុងចំណោមបញ្ហាទាំង ១០ យ៉ាងក្រោមនេះ ៖
១. ជំងឺបាយភ្នែក៖ អ្នកកំពុងមានការវិវឌ្ឍនៃជំងឺបាយភ្នែក ដែលកើតមានឡើងតាមវ័យ ដោយសារកញ្ចក់នៅខាងមុខភ្នែកក្លាយជាព្រិល និងរារាំងពន្លឺចូលទៅរ៉េទីន ហើយតែងធ្វើឱ្យអ្នក មើលមិនសូវច្បាស់។
២. ជំងឺទឹកដក់ក្នុងភ្នែក៖ បញ្ហាទាក់ទងនឹងគំហើញមួយបង្កឡើងពីសម្ពាធក្នុងភ្នែក ដែលបំផ្លាញសរសៃប្រសាទ។ វាមានការវិវឌ្ឍយឺត និងប៉ះពាល់ដល់គំហើញតិចតួច នៅដំណាក់កាលដំបូង ដូចជំងឺបាយភ្នែកដែរ។
៣. បញ្ហាភ្នែកម៉្ញូប៖ សម្រាប់ក្មេង ឬមនុស្សវ័យជំទង់តែងមានអាការៈព្រិល ឬស្រវាំងភ្នែកពេល មើលឆ្ងាយ ដែលផ្ទុយពីមនុស្សចាស់ដែលតែងពិបាកមើលជិតវិញ។
៤. ជំងឺភ្នែកក្រហម ឬconjunctivitis៖ ជាធម្មតាករណីនេះបង្កឡើងដោយវីរុសដែលអាចឱ្យអ្នក ជំងឺលេចចេញនូវសញ្ញាច្រើនពិសេសធ្វើឱ្យភ្នែកក្រហម និងស្រអាប់ពិបាកមើល។
៥. ជំងឺទឹកនោមផ្អែម៖ ប្រសិនអ្នកមានជំងឺទឹកនោមផ្អែម ហើយមិនបានគ្រប់គ្រង ឬប្រើប្រាស់ថ្នាំឱ្យបានត្រឹមត្រូវទេនោះ វាបង្កឱ្យមានការហូរឈាមនៅខាងក្រោយភ្នែក និងធ្វើឱ្យការមើលរបស់អ្នកប្រែជាព្រិល ស្រអាប់។
៦. ជំងឺលើសសម្ពាធឈាម៖ លើសសម្ពាធឈាមអាចបង្កឱ្យមានការស្ទះសរសៃឈាមបណ្តោះអាសន្ន ដែលធ្វើឱ្យគំហើញរបស់អ្នកជំងឺឡើងព្រិល ពិសេសបន្ទាប់ពីភ្ញាក់ពីដំណេក និងតែងកើតមានលើភ្នែកម្ខាង។
៧. ជំងឺត្រៀមក្រឡាភ្លើង៖ ប្រសិនអ្នកមានផ្ទៃពោះ ព្រិលភ្នែកអាចជាសញ្ញាណនៃជំងឺត្រៀមក្រឡាភ្លើង ដែលផ្តល់គ្រោះថ្នាក់បំផុតដោយសារវាធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ខ្លាំង និងមានប្រូតេអ៊ីនក្នុងទឹកនោម។
៨. ជំងឺប្រកាំង៖ ឈឺក្បាលខ្លាំងមួយចំហៀង រួមជាមួយការព្រិលភ្នែក និងភ្នែកចាញ់ពន្លឺ តែងកើតមានឡើងមុន និងអំឡុងពេលប្រកាំងរបស់អ្នក។
៩. ដាច់សរសៃឈាមខួរក្បាល៖ អ្នកអាចមានសញ្ញាព្រិលភ្នែក ឬគំហើញបែក២ៗ នៅពេលអ្នករងគ្រោះដែលសារជំងឺដាច់សរសៃឈាមខួរក្បាល។
១០. ដុំសាច់ក្នុងខួរក្បាល៖ ដុំសាច់នៅផ្នែកណាមួយនៃខួរក្បាលអាចផ្តល់សម្ពាធសង្កត់ទៅលើឆ្អឹងលលាដ៏ក្បាល និងបង្កឱ្យមាននូវសញ្ញាជាច្រើន រួមទាំងការព្រិល ឬស្រវាំងភ្នែក។
បញ្ហា១០យ៉ាងសុទ្ធតែធ្វើឱ្យអ្នកមាននូរអាការស្រវាំងភ្នែក ឬស្រអាប់បាន ដូច្នេះប្រសិនអ្នកចាប់អារម្មណ៍ឃើញថាវាកើតមានយូរ ឬហាក់មិនធូរស្រាល អ្នកគួរជួបប្រឹក្សាជាមួយគ្រូពេទ្យឯកទេសជាបន្ទាន់៕
- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)