(+855) 11 909 020 / 69 909 011

៣ចំណុចយល់ដឹងកាន់តែស៊ីជម្រៅពីជំងឺកាមរោគប្រមះទឹកថ្លា

ជំងឺប្រមះទឹកថ្លា គឺជាជំងឺកាមរោគបង្កឡើងមេរោគម្យ៉ាងឈ្មោះថា Chlamydia trachomatis ដែលអាចកើតមានឡើងទាំងបុរស និងស្ត្រី និងមនុស្សគ្រប់វ័យ។ 

អត្ថបទខាងក្រោមនឹងបង្ហាញលោកអ្នកនូវ៣ចំណុចសំខាន់ៗដើម្បីឱ្យអ្នកកាន់តែច្បាស់អំពីជំងឺប្រមះទឹកថ្លា…

១. សញ្ញាសម្គាល់នៃប្រមះទឹកថ្លា

ប្រមេះទឹកថ្លាមិនមានលេចចេញនូវសញ្ញាសម្គាល់ណាមួយឡើយនៅដំណាក់កាលដំបូង រយៈពេល១ ទៅ២សប្តាហ៍បន្ទាប់ពីឆ្លង ទើបអ្នកជំងឺចាប់ផ្តើមមានអាការៈ៖
• ឈឺចាប់ពេលបត់ជើងតូច 
• ឈឺពោះផ្នែកខាងក្រោម
• ធ្លាក់សតាមប្រដាប់ភេទ
• ឈឺពងស្វាសចំពោះបុរស
• ឈឺចាប់ពេលរួមភេទ និងធ្លាក់ឈាមបន្ទាប់ពីរួមភេទចំពោះស្ត្រី
• ឈឺចាប់ ធ្លាក់ស ឬឈាមតាមទ្វាលាមក (ករណីឆ្លងដល់ទ្វារលាមក)
• អាចបង្កឱ្យរលាកភ្នែក (ប្រសិនមេរោគឆ្លងចូលភ្នែក)។

២. ការចម្លងមេរោគ

ប្រមេះទឹកថ្លាអាចឆ្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតតាមរយៈការរួមភេទតាមទ្វារមាស តាមមាត់ និងតាមទ្វារលាមក។ វាក៏អាចឆ្លងពីម្តាយទៅកូននៅពេលសម្រាល ហើយបង្កឱ្យទារកកើតមកមានជំងឺរលាកសួត ឬការឆ្លងមេរោគនៅភ្នែកធ្ងន់ធ្ងរ។ កត្តាហានិភ័យផ្សេងទៀតដែលងាយនឹងឆ្លងជំងឺប្រមះទឹកថ្លានេះរួមមាន៖
• អ្នកមានសកម្មភាពផ្លូវភេទនៅមុនអាយុ២៥ឆ្នាំ
• អ្នកមានដៃគូរួមភេទច្រើន
• រួមភេទដោយមិនប្រើប្រាស់ស្រោមអនាម័យ
• អ្នកជំងឺធ្លាប់មានជំងឺកាមរោគផ្សេងទៀត។

៣. ផលវិបាកនៃជំងឺ

ភាពយឺតយ៉ាវក្នុងការព្យាបាលជំងឺប្រមេះទឹកថ្លា អាចឱ្យអ្នកជំងឺប្រឈមនឹងផលវិបាកដូចជាការងាយឆ្លងជំងឺកាមរោគផ្សេងទៀត រលាកអាងត្រគាក មានការបង្ករោគក្បែរពងស្វាស (epididymitis) បង្ករោគនៅក្រពេញប្រូស្តាត ប៉ះពាល់ដល់សន្លាក់ ឆ្លងមេរោគធ្ងន់ធ្ងរដល់ទារក ទើបកើត និងអាចធ្វើឱ្យអ្នកប្រឈមនឹងការគ្មានកូន។

ការប្រើស្រោមអនាម័យពេលរួមភេទ មានដៃគូរួមភេទតែមួយ ត្រួតពិនិត្យរកមេរោគជាប្រចាំ តាមការណែនាំ និងចៀសវាងការប្រើស្ព្រៃយន៍ ឬសម្អាត ប្រដាប់ភេទផ្នែកខាងក្នុង អាចកាត់ បន្ថយការប្រឈមនឹងជំងឺប្រមេះទឹកថ្លាដោយសុវត្ថិភាព៕

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Ms.DN)