ជាទូទៅ ស្រ្តីគ្រប់រូបនឹងអស់រដូវនៅពេលឈានចូលដល់វ័យចំណាស់ តែមុននឹងការឈានចូលវ័យអស់រដូវមកដល់ ពួកគេនឹងជួបប្រទះបញ្ហាសុខភាពមួយចំនួន ដែលបញ្ហាទាំងនោះជាសញ្ញាប្រាប់ថា ពួកគេជិតអស់រដូវហើយ។
ខាងក្រោមនេះជា អាការដែលស្រ្តីជិតអស់រដូវតែងជួបប្រទះ ៖
• វដ្តរដូវមិនទៀង៖ អ្នកចាប់ផ្តើមមករដូវខុសកាលកំណត់ ដែលចន្លោះនៃវដ្តរដូវអាចខ្លី ឬវែងពេក តិច ឬខ្លាំង និងអាចរំលងខែជាដើម។ បើវដ្តរដូវប្តូរមកត្រឹម៧ថ្ងៃ ឬលើសពីនេះ អ្នកនឹងឆាប់អស់រដូវ ផ្ទុយមកវិញបើចន្លោះនៃវដ្តរដូវប្តូររហូតដល់៦០ថ្ងៃ នោះអ្នកនឹងអស់រដូវយឺត។
• ក្តៅមុខមាត់ និងពិបាកគេង៖ អ្នកអាចមានភាយចំហាយក្តៅលើមុខ ក ថ្ពាល់ ឬអាចមានបែកញើសខុសធម្មតា និងញឹកញាប់អំឡុងនៃការត្រៀមអស់រដូវ ដែលធ្វើឱ្យអ្នកពិបាកក្នុងការគេង ឬបែកញើសពេលយប់។
• អារម្មណ៍ប្រែប្រួល៖ ឆាប់ខឹង មួរម៉ៅ ភ្លាមៗ ឬកើនឡើងនូវហានិភ័យនៃការធ្លាក់ទឹកចិត្ត នៅអំឡុងពេលនេះ ដោយសារកត្តារួមផ្សំនៃការពិបាកគេងជាដើម។
• បញ្ហាទ្វាមាស និងប្លោកនោម៖ នៅពេលកម្រិតអ័រម៉ូនអឺស្ត្រូសែន ថយចុះ ជាលិកាទ្វាមាស អាចបាត់បង់រំអិល និងភាពរលាស់ ធ្វើឱ្យឈឺចាប់ពេលរួមភេទ។ ការថយចុះនៃអ័រម៉ូននេះ ក៏អាចបង្កឱ្យមានការបង្ករោគនៅប្លោកនោម ឬទ្វាមាស។
• ថយចុះលទ្ធភាពមានកូន៖ នៅពេលដំណើរការបញ្ចេញអូវុលចាប់ផ្តើមមិនទៀងទាត់ លទ្ធភាពក្នុងការមានផ្ទៃពោះក៏ថយចុះ។ ប៉ុន្តែ ដរាបណាអ្នកនៅមានរដូវ ឱកាសក្នុងការមានកូននៅតែអាច។ ដូច្នេះ ប្រសិនអ្នកមិនចង់មានកូនក្នុងអំឡុងពេលនេះ អ្នកគួរប្រើថ្នាំពន្យារកំណើត១២ខែក្រោយអស់រដូវ។
• កម្រិតជាតិកូឡេស្តេរ៉ូលប្រែប្រួល៖ ថយចុះកម្រិតអឺស្ត្រូសែន អាចធ្វើឱ្យមានការប្រែប្រួលកម្រិតជាតិកូឡេស្តេរ៉ូល បង្កើនកូឡេស្តេរ៉ូលមិនល្អ (LDL) និងបន្ថយកម្រិតកូឡេស្តេរ៉ូលល្អ (HDL) ដែលរួមចំណែកបង្កើនហានិភ័យនៃជំងឺបេះដូង។
ម៉្យាងទៀត អារម្មណ៍ផ្លូវភេទរបស់អ្នកអាចនឹងថយចុះចាប់ពីអំឡុងពេលនៃការត្រៀមអស់រដូវនេះ និងបង្កើនហានិភ័យនៃការពុកឆ្អឹងផងដែរ៕
- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Ms.DN)