ការពិនិត្យសុខភាព និងការថតអេកូ ពិតជាសំខាន់ណាស់សម្រាប់ស្រ្តីមានផ្ទៃពោះ ដើម្បីតាមដានព័ត៌មានអំពីការលូតលាស់របស់គភ៌ និងសុខភាពរបស់ម្ដាយ។
ស្រ្តីមានផ្ទៃពោះដែលមានសុខភាពល្អ ការថតអេកូ អាចធ្វើឡើងត្រឹមតែ ២ ទៅ ៣ ដងប៉ុណ្ណោះ។ តែចំពោះ ស្រ្តីមានផ្ទៃពោះ ដែលមានជំងឺក្នុងខ្លួន ដូចជា ទឹកនោមផ្អែម ឬលើសសម្ពាធឈាម គួរតែថតអេកូ និងពិនិត្យសុខភាពឱ្យបានញឹកញាប់។
ចំណុចខាងក្រោមនេះជាហេតុផលស្រ្តីមានផ្ទៃពោះចាំបាច់ថតអេកូ៖
- តាមដានការលូតលាស់សរីរាង្គរបស់ទារក (ខួរក្បាល ដៃ ជើង និងរចនាសម្ព័ន្ធឆ្អឹង)
- កម្ពស់កូន
- ទំហំកូន
- ទឹកភ្លោះ
- ចំនួនទារកក្នុងផ្ទៃ (កូនទោល ឬ កូនភ្លោះ)
- ដើម្បីឱ្យដឹងថា គភ៌មានភេទជាប្រុស ឬស្រ្តី
- ពិនិត្យមើលសុកស្ថិតនៅទីតាំងមានសុវត្តិភាពដែរឬអត់
- ពិនិត្យមើលបញ្ហាដែលកើតឡើងចំពោះស្បូន ដៃស្បូន ឬអូវែរបស់ម្ដាយ
- ប៉ាន់ស្មានទាក់ទងនឹងកាលបរិច្ឆេតសម្រាលកូន
គ្រូពេទ្យអាចនឹងស្នើស្រ្តីមានផ្ទៃពោះថតអេកូម្ដងទៀត ដើម្បីតាមដានព័ត៌មានបន្ថែមអំពីគភ៌ ដូចជា៖
- ដំណេករបស់គភ៌
- ទីតាំងរបស់សុកក្នុងស្បូន
- ការលូតលាស់ និងសុខុមាលភាពរបស់គភ៌
- កំណត់ផលវិបាករបស់គភ៌ (ក្នុងករណីកូនភ្លោះ)
- បញ្ហា ឬភាពមិនប្រក្រតីរបស់ហ្សែនដោយប្រការណាមួយ ដែលអាចប៉ះពាល់ដល់គភ៌
គួរបញ្ជាក់ថា ចំពោះថ្ងៃកំណត់ថតអេកូ ស្រ្តីពរពោះ គួរតែពិនិត្យជាមួយគ្រូពេទ្យឱ្យបានទៀងទាត់ និងច្បាស់លាស់៕
- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)