១. តើអ្វីជាអាការឆ្អល់ពោះ?
ឆ្អល់ពោះ ជាអាការមួយដែលធ្វើឱ្យយើងមានអារម្មណ៍ចុកណែនពោះ មានជាតិឧស្ម័ន(ជាតិហ្គាស)នៅក្នុងពោះក្នុងពោះ និងបញ្ចេញភើញឹកញាប់។ ក្នុងករណីខ្លះ អាចមានអាការរមូលពោះ ក្អួតចង្អោរ បរិភោគឆាប់ឆ្អែត និងក្រហាយទ្រូង។
២. តើអ្វីខ្លះជាមូលហេតុបង្កឱ្យកើតអាការឆ្អល់ពោះ?
- បញ្ហាក្នុងប្រព័ន្ធផ្លូវអាហារ ដូចជា ដំបៅក្រពះ រលាកក្រពះ និងឡើងជាតិអាស៊ីតនៃក្រពះជាដើម។
- បញ្ហាថង់ទឹកប្រមាត់ ដូចជា ដុំគ្រួសក្នុងថង់ទឹកប្រមាត់
- បញ្ហាលំពែង
- បរិភោគអាហារដែលជូរ ផ្អែម ប្រៃ ឬហិរខ្លាំងពេក និងទំពារអាហារមិនបានល្អមុនលេបចូល
- បរិភោគអាហារសម្បូរជាតិកាកសរសៃញឹកញាប់ពេក
- ប្រើឱសថមួយចំនួន ដូចជា ថ្នាំងងុយគេង ថ្នាំរំងាប់ផ្លូវអារម្មណ៍ និងប្រភេទថ្នាំផ្សះ
៣. តើយើងអាចបន្ថយអាការឆ្អល់ពោះដោយខ្លួនឯងតាមវិធីណា?
- ទំពាអាហារឱ្យម៉ដ្ឋមុនលេបចូល
- បរិភោគអាហារកុំតក់ក្រហល់
- បន្ថយការការបរិភោគជាតិបង្អែម សាច់សត្វ និងប្រភេទអាហារមានជាតិខ្លាញ់
- បន្ថយការបរិភោគអាហារឆៅ ពិសេសនៅពេលល្ងាច
ចំណាំ៖ វិធីម្យ៉ាងទៀតដែលមានប្រសិទ្ធភាពក្នុងការជួយបន្ថយអាការឆ្អល់ពោះ គឺ ការផឹកទឹកក្ដៅឧណ្ហៗ លាយជាមួយខ្ញី ឬអាចលាយជាមួយម្រេចខ្មៅម៉ដ្ឋ ក្រោយបរិភោគអាហាររួច រយៈពេលប្រហែលកន្លះម៉ោង។
៤. តើអាការឆ្អល់ពោះបែបណាដែលគួរទៅជួបពេទ្យ?
- ហើមពោះ
- ឆ្អល់ពោះ និងស្រកទម្ងន់
- ស្លេកស្លាំង
- លាមកពណ៌ខ្មៅ
- ក្អួរចង្អោរប៉ុន្មានថ្ងៃជាប់គ្នា
- បរិភោគអាហារមិនបាន ឬលេបមិនចូល
- ឈឺពោះខ្លាំង និងណែនពោះខ្លាំង
- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)