ផលិតផល ឬវិធីសាស្ត្រធម្មជាតិអាចមានប្រយោជន៍ភ្ញោចការលូតលាស់នៃសក់ ដែលជាក្តីប្រាថ្នារបស់នារី ឬស្ត្រីមួយចំនួនធំ។ ដើម្បីសម្រេចបំណងនេះ មិត្តនារីមិនតិចទេបានសាកល្បងប្រើប្រាស់ផលិតផលជាច្រើន ដែលពេលខ្លះហាក់មិនបានដូចចិត្ត។
ប៉ុន្តែកុំបារម្ភ អត្ថបទថ្មីនេះ សុខក្រម សូមលើកយកនូវរូបមន្តសាមញ្ញ និងគន្លឹះនៃការអនុត្តបែបធម្មជាតិប្រកបដោយប្រសិទ្ធភាពនៃការបណ្តុះសក់ ឬកាត់បន្ថយសក់ជ្រុះដូចខាងក្រោម៖
• ការម៉ាស្សា៖ ម៉ាស្សាស្បែកក្បាលអាចជួយស្តារការលូតលាស់របស់សក់ បង្កើតរំញោចដល់កោសិកានៃស្បែកក្បាល សម្រួលដំណើរការឈាមរត់ទៅដល់រឹសសក់ ហើយក៏អាចបន្ថយស្ត្រេស និងសម្ពាធបានផងដែរ។ អ្នកអាចធ្វើការម៉ាស្សារាល់ពេលដែលអ្នកងូតទឹក ដោយប្រើចុងម្រាមដៃត្រដុសថ្មមៗលើស្បែកក្បាលជារង្វង់ពីមុខទៅក្រោយ និងមកខាង។
• ប្រទាលកន្ទុយក្រពើ៖ ជែលប្រទាលកន្ទុយក្រពើត្រូវបានចាត់ទុកជារូបមន្តចម្បងក្នុងការបង្កើនការលូតលាស់ បន្ថយសក់ជ្រុះ កម្ចាត់អង្គែរ និងការពារការស្ទះក្រពេញខ្លាញ់។ អ្នកអាចលាបប្រទាលកន្ទុយក្រពើសុទ្ធលើស្បែកក្បាលដោយផ្ទាល់ រៀងរាល់២-៣ដងក្នុងមួយសប្តាហ៍។ ម៉្យាងអ្នកអាចជ្រើសរើសប្រភេទសាប៊ូ ឬក្រែមបន្ទន់សក់ដែលផ្សំឡើងពីប្រទាលកន្ទុយក្រពើបន្ថែម។
• ខ្ទឹមបារាំង៖ ទឹកខ្ទឹមបារាំងមានប្រសិទ្ធិភាពខ្ពស់ជួយបង្កើនការលូតលាស់នៃសក់ និងសម្រួលដំណើរឈាមរត់។ អ្នកគ្រាន់តែហាន់ ឬក្រឡុកខ្ទឹមបារាំង ច្របាច់យកទឹក រួចលាបលើស្បែកក្បាល និងសក់របស់អ្នកឲ្យសព្វ ទុករយៈពេល១៥នាទី ទើបលាងជម្រះជាមួយសាប៊ូដូចធម្មតា ដោយអនុវត្តយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍។
• គន្លឺះបន្ថែម៖ ក្រៅពីវិធីសាស្ត្រខាងលើ អ្នកគួររក្សានូវទម្លាប់ល្អមួយចំនួនដែលមានលទ្ធភាពបង្កើនការបណ្តុះ និងការលូតលាស់នៃសក់ ដោយទទួលទានអាហារដូចជាប្រូតេអ៊ីន ស៊ុត ត្រី សាច់គ្មានខ្លាញ់ ផលិតផលទឹកដោះគោ សណ្តែក តៅហ៊ូ វីតាមីនB វីតាមីនA វីតាមីនC អាស៊ីតខ្លាញ់អូមេហ្គា៣ និងរក្សាជាតិទឹកក្នុងរាងកាយឲ្យបានគ្រប់គ្រាន់។ ផ្ទុយមកវិញ អ្នកក៏គួរចៀសវាងទម្លាប់អាក្រក់ដែលអាចប៉ះពាល់ដល់ការលូតលាស់នៃសក់ដូចជា កាត់បន្ថយការប្រើផលិតផលដែលមានផ្ទុកពពួកស៊ុលផាត ស៊ីលីកូន និងអាល់កុល។ ម៉្យាងមិនគួរកក់សាប៊ូញឹកញាប់ពេក កាត់បន្ថយការប្រើឧបករណ៍លេងម៉ូតសក់ដោយកម្តៅ មិនត្រូវសិតសក់ពេលសើម និងការពារសក់ពីពន្លឺព្រះអាទិត្យ និងក្លរដែលមានក្នុងអាងហែលទឹកជាដើម។
ត្រឹមវិធីសាស្ត្រធម្មជាតិខាងលើ អ្នកនឹងទទួលបានបទពិសោធន៍នៃការបណ្តុះសក់បែបធម្មជាតិ សក់លូតលាស់ល្អ និងមិនងាយជ្រុះ ស្ទើរមិនគួរឲ្យជឿ៕
- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Ms.DN)