(+855) 11 909 020 / 69 909 011

តើអ្វីជាជំងឺជាំមុខ? 

១. និយមន័យ

ជាំមុខ គឺជាជំងឺមួយដែលមានពណ៌ខ្មៅ ឬពណ៌ក្រម៉ៅជាប់នៅលើផ្ទៃមុខមនុស្សម្នាក់ៗ។ 90% នៃមនុស្សស្រីកើតជំងឺនេះច្រើនជាងបុរស ចាប់ពីវ័យចាប់ពី 20 ដល់ 50 ឆ្នាំ។ 

២. រោគសញ្ញា

រោគសញ្ញានៃជាំមុខ គឺយើងអាចមើលឃើញនៅលើផ្ទៃមុខផ្ទាល់នឹងភ្នែកតែម្តង ពិសេសគឺនៅលើថ្ពាល់ ថ្ងាស ច្រមុះ ហើយនិងចង្ការ ដោយស្បែកធម្មតារបស់យើងប្ដូរពណ៌ទៅជាខ្មៅ ឬក្រម៉ៅ។

៣. មូលហេតុ 

មូលហេតុពិតប្រាកដដែលបណ្តាលឲ្យមានជំងឺជាំមុខនេះ តាមរយៈការសិក្សាបែបវិទ្យាសាស្រ្តគេពុំទាន់រកឃើញឲ្យច្បាស់នៅឡើយទេ តែវាអាចបណ្តាលមកពីកត្តាផ្សេងៗមួយចំនួន ដែលបង្កឲ្យជាំមុខមានដូចជា បញ្ហាការហាលថ្ងៃ ក្រោមពន្លឺព្រះអាទិត្យ (UV-B និង  UV-A) បញ្ហាអរម៉ូនទៅលើយុវវ័យ ជាពិសេសគឺកើតឡើងលើស្រ្តីដែលប្រើថ្នាំពន្យារកំណើត ឬក៏ប្រើថ្នាំលើសកម្រិតដែលបណ្តាលឲ្យប៉ះពាល់  រលាកស្បែកមុខ កត្តាស្រ្តេសក៏ជាកត្តាដែលអាចឲ្យមានការជាំមុខផងដែរ។ 

៤. រោគវិនិច្ឆ័យ 

ដើម្បីឱ្យដឹងប្រាកដថា មុខរបស់យើងមានស្នាមជាំឬអត់ គ្រូពេទ្យជំនាញនឹងប្រើឧបករណ៍ពិនិត្យលើទីតាំងផ្ទៃមុខរបស់យើងតែម្ដង។

៥. ផលវិបាក 

ការជាំមុខមិនមែនជាជំងឺធ្ងន់ធ្ងរ ឬក៏បង្កផលវិបាកប៉ះពាល់ទៅលើសុខភាពរបស់យើងទេ តែការជាំមុខ ជាកត្តាមួយដែលវាផលិតឡើងជាតិមេឡានីនម៉្យាង ហើយនៅពេលដែលជាតិមេឡានីននោះ វាមានច្រើនក្តាំង គឺវាអាចការពារពីពន្លឺព្រះអាទិត្យកុំឲ្យប៉ះពាល់ទៅដល់ក្រម៉ូសូម និង DNA របស់មុខយើងទេ

៦. ការព្យាបាល 

ការព្យាបាលជំងឺជាំមុខគឺមានច្រើនប្រភេទ តែគ្រូពេទ្យបានណែនាំថា ការព្យាបាលមួយដ៏សំខាន់ គឺការប្រើថ្នាំការពារកំដៅថ្ងៃ SunBlock ឬ Sun Skin លាបនៅលើស្បែកមុខមានស្នាមជាំ ដើម្បីបំបាត់ស្នាមជាំនោះ ហើយបន្ទាប់ពីស្បែកជាដូចដើមវិញ យើងត្រូវការពារផ្ទៃមុខពីកំដៅថ្ងៃ បង្ការកុំឱ្យមុខជាំឡើងវិញ។

ត្រូវដឹងថា បើទោះបីជាផ្ទៃមុខរបស់អ្នកព្យាបាលជាសះស្បើយក៏ដោយ តែស្នាមជាំនឹងអាចត្រឡប់មកវិញបានគ្រប់ពេលវេលា ប្រសិនបើអ្នកមិនបានយកចិត្តទុកដាក់ថែរក្សា និងការពារផ្ទៃមុខពីកំដៅ ឬពន្លឺព្រះអាទិត្យ។ 

ដូច្នេះ វិធីបង្ការដ៏មានប្រសិទ្ធភាពបំផុតកុំឱ្យមុខងាយនឹងឡើងជាំវិញ គឺធ្វើយ៉ាងណាការពារកុំឱ្យមុខប៉ះពន្លឺថ្ងៃ ឬពន្លឺព្រះអាទិត្យ ដូចជា ទៅណាមកណា លាបឡេ SunBlock ឬ Sun Skin ដែលមានកម្រិតចាប់ពី 30 FPA ឡើងទៅ និងអាចយកអ្វីមកបិទបាំងមុខរបស់ខ្លួនផងដែរ (ពាក់ម៉ាស់ បាំងឆ័ត្រ...)។   

៧. វិធីបង្ការ 

- កុំហាលថ្ងៃ ឬក្រោមពន្លឺព្រះអាទិត្យរយៈពេលយូរ 
- ព្យាយាមធ្វើឱ្យខ្លួនឯងកុំស្រ្តេស និងកុំគិតច្រើន ព្រោះកត្តាទាំងពីរនេះជាមូលហេតុបង្កឱ្យអរម៉ូនកើនឡើងកាន់តែខ្លាំងទៅជាជាំមុខ
- ចំពោះស្រ្តីមានផ្ទៃពោះ ក្រោយពីសម្រាលកូនរួចប្រហែល៣ខែ ស្នាមជាំនៅលើផ្ទៃមុខអាចនឹងបាត់ទៅវិញដោយខ្លួនឯង តែក្នុងករណីស្នាមជាំមិនបាត់ទៅវិញទេ សូមប្រញាប់មកជួបគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីព្យាបាលឱ្យស្បែកមុខត្រឡប់មកដូចដើមវិញ។


- បកស្រាយដោយ៖ វេជ្ជបណ្ឌិតឯកទេស ព្រហ្ម ផានិត ប្រធានការិយាល័យបច្ចេកទេសនៅមន្ទីរមិត្តភាពខ្មែរ-សូវៀតប្រចាំការខាងផ្នែកសើស្បែក
- យកបទសម្ភាសន៍ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)

@រក្សាសិទ្ធិគ្រប់អត្ថបទ រូបភាព សំឡេង និងវីដេអូ ដោយ សុខក្រម (Sokhakrom)