1. តើអ្វីជាជំងឺអេពីឡិបស៊ី? តើជំងឺអេពីឡិបស៊ីជាជំងឺឆ្លងដែរឬទេ?
អេពីឡិបស៊ី គឺជាជំងឺដែលបណ្តាលពីវិបតិ្តក្នុងការប្រតិបត្តិរបស់កោសិកាខួរក្បាល (ចរន្តអគ្គិសនីខួរក្បាល)ដែលបណ្តាលអោយអ្នកជំងឺស្តែងចេញនូវរោគសញ្ញាច្រើនយ៉ាងដូចជា ប្រកាច់ សន្លប់ ភាំងស្មារតីមួយរយៈ ឬរវើរវាយ (Aura)។ ចំពោះជំងឺអេពីឡិបស៊ីគឺមិនមែនជាប្រភេទជំងឺឆ្លងតាមរយៈការប្រាស្រ័យទាក់ទង ឬប៉ះពាល់គ្នានោះទេ ក៏ប៉ុន្តែប្រមាណជា៣០ភាគរយនៃករណីជំងឺអេពីឡិបស៊ីគឺអាចបណ្តាលមកពី តំណពូជតាមរយៈសែន។
2. តើជំងឺអេពីឡិបស៊ីអាចជាជំងឺមកពីកំណើតដែរឬទេ?
មានកត្តារួមជាច្រើនដែលអាចបណ្តាលអោយមានបុគ្គលម្នាក់មានជំងឺអេពីឡិបស៊ីនេះឡើង បើផ្តោតទៅលើជំងឺមកពីកំណើតគឺដរាបណាទារកនោះមានវិបត្តិការលូតលាស់ខួរក្បាល មិនប្រក្រតី ឬវិបត្តិណាមួយពីកំណើតជាក់លាក់ទើបអាចបញ្ជាក់បានថាវាបង្កដោយកំណើត។
3. តើជំងឺអេពីឡិបស៊ីមានប៉ុន្មានប្រភេទ? ចូរពន្យល់? (បែងចែកលក្ខណៈធ្ងន់ស្រាល)
ជំងឺអេពីឡិបស៊ីត្រូវបានធ្វើចំណាត់ថ្នាក់ជាពីរសំខាន់ៗ ដោយផ្តោតទៅលើទម្រង់នៃការប្រកាច់របស់អ្នកជំងឺ។ ប្រសិនបើអ្នកជំងឺមានបញ្ហាប្រកាច់ដោយផ្នែក ឬអវយវៈមួយចំហៀងវាត្រូវបានហៅថា ជំងឺអេពីឡិបស៊ីប្រកាច់ដោយផ្នែក (Focal seizure ឬ Focal Epilepsy)។ បើអ្នកជំងឺប្រកាច់កន្រ្តាក់ពេញមួយសារពាង្គកាយ និង បាត់បង់សតិគេហៅថា ជំងឺអេពីឡិបស៊ីប្រកាច់ទាំងស្រុង (Generalized Seizure ឬ Generalized Epilepsy) ក៏ប៉ុន្តែក្នុងចំណាត់ថ្នាក់ទាំងពីរនេះ វាមានទម្រង់តូចៗរបស់វាជាច្រើនទៀត។
4. តើមនុស្សប្រភេទណា និងស្ថិតក្នុងវ័យណាងាយប្រឈមជំងឺអេពីឡិបស៊ីនេះ?
មនុស្សគ្រប់វ័យសុទ្ធតែអាចកើតជំងឺអេពីឡិបស៊ីបានទាំងអស់ ក៏ប៉ុន្តែចំពោះវ័យដែលងាយប្រឈមជាងគេគឺ កុមារ និងមនុស្សវ័យចាស់។
5. តើជំងឺអេពីឡិបស៊ីមានរោគសញ្ញាអ្វីខ្លះ?
អ្នកជំងឺជំងឺអេពីឡិបស៊ីមិនមែនស្តែងចេញតែសញ្ញាប្រកាច់នោះឡើយ។ សញ្ញាដែលអាចស្តែងចេញសម្រាប់ជំងឺអេពីឡិបស៊ីមានដូចខាងក្រោម៖
- វង្វេងវង្វាន់ស្មារតីមួយភ្លែត
- ប្រកាច់កន្រា្តក់ ឬញាក់អវយវៈ
- បាត់បង់សតិអារម្មណ៍ ឬមិនឆ្លើយតបនឹងការហៅពីអ្នកដទៃ
- ភ្លឹកស្លឺភ្នែក និង មិនកម្រើក
- អាចស្តែងចេញជាសញ្ញាផ្លូវចិត្តដូចជា ថប់អារម្មណ៍ ភ័យខ្លាច ជាដើម
- និងមានសញ្ញាផ្សេងៗទៀតដែលទាមទារអោយគ្រូពេទ្យឯកជនជាអ្នកវាយតម្លៃ
6. តើជំងឺអេពីឡិបស៊ីបង្កឡើងដោយសារអ្វី?
មានមូលហេតុ៣សំខាន់ដែលចាត់ទុកជាមូលហេតុរបស់ជំងឺអេពីឡិបស៊ី គឺ ៖
- តំណពូជ (Genetic or Idiopathic)
ប្រមាណជាមួយភាគបីនៃអ្នកជំងឺគឺបង្កឡើងដោយការផ្ទេរសែននៅក្នុងរង្វង់ពូជពង្សរបស់កាត់ដែលការធ្វើរោគវិនិច្ឆ័យផ្តោតទៅលើប្រវតិ្តគ្រួសារ និង ការសិក្សាលើសែនឌីអិនអេ (DNA)
- វិបតិ្តខួរក្បាល (Structural or Metabolic)
បញ្ហាវិបត្តិខួរក្បាលដោយដឹងនូវមូលហេតុបង្កច្បាស់លាសដូចជា ដុំសាច់ខួរក្បាល ក្រោយគ្រោះថ្នាក់ក្បាល ផលវិបាកនៃជំងឺស្រ្តូក រលាកស្រោមខួរ រលាកខួរក្បាល ជំងឺពងតេនញ៉ាខួរក្បាល ផឹកស្រារុំារ៉ៃ ល។ សរុបមកពីផលប៉ះពាល់បង្កទៅលើខួរក្បាលផ្ទាល់។
- មិនដឹងមូលហេតុ (Unknown)
នៅពេលដែលមូលហេតុទាំងពីរខាងលើមិនត្រូវបានរកឃើញ វាត្រូវបានគេហៅថា មិនដឹងមូលហេតុ។
7. តើគ្រូពេទ្យធ្វើរោគវិនិច្ឆ័យជំងឺអេពីឡិបស៊ីយ៉ាងដូចម្តេច?
ការធ្វើរោគវិវិច្ឆ័យជំងឺអេពីឡិបស៊ីគឺផ្តោតសំខាន់ទៅលើប្រវត្តិនិងសញ្ញាស្តែងចេញផ្ទាល់របស់អ្នកជំងឺ ដូច្នេះហើយរាល់ព័ត៍មានចេញពីក្រុមគ្រួសារអ្នកជំងឺ ឬអ្នកជំងឺផ្ទាល់គឺមានប្រយោជន៍សម្រាប់គ្រូពេទ្យក្នុងការធ្វើរោគវិនិច្ឆ័យ។ បន្ទាប់មកពីការថត MRI ឬPET ស្គែនទៅលើខួរក្បាលដើម្បីស្វែងរកភាពមិនប្រក្រតីសាច់ខួរក្បាល និងការវាស់ចរន្តអគ្គិសនីខួរក្បាល (EEG) ដើម្បីរកចំនុចបញ្ហាបន្ថែម។ ការពិនិត្យឈាមមានផលប្រយោជន៍ក្នុងការទាត់ចូលបញ្ហាវិបត្តិផ្សេងដែលអាចអោយមានប្រកាច់ច្រលំនឹងជំងឺអេពីឡិបស៊ីដែរ។
8. តើជំងឺអេពីឡិបស៊ីបង្កផលវិបាកអ្វីខ្លះ? តើអ្វីជាផលវិបាកធ្ងន់ធ្ងរ? ទាក់ទងនឹងផលវិបាកនេះដែរ តើមានជំងឺឪកាសនិយមដែរឬទេ?
ផលវិបាករបស់អ្នកជំងឺអេពីឡិបស៊ីគឺអាស្រ័យលើការគ្រប់គ្រងនៃបញ្ហាប្រកាច់ ប្រសិនបើអ្នកជំងឺបានទទួលការព្យាបាលត្រឹមត្រូវ ការប្រកាច់នឹងថយចុះ ឯផលវិបាកក៏ថយចុះតាមនោះដែរ។ ការព្យាបាលមិនបានត្រឹមត្រូវអាចអោយអ្នកជំងឺឈានទៅរកបញ្ហាប្រកាច់ជាប់ដែលអាចអោយស្លាប់បាន ករណីមិនបានការអន្តរាគមន៍ពីគ្រូពេទ្យ។ ក្នុងករណីដែលអ្នកជំងឺកំពុងមានបញ្ហាប្រកាច់គឺជាចំណុចមួយដែលអាចឈានទៅរកផលវិបាក ជាពិសេសការប្រកាច់នៅកន្លែងដែលមិនសុវត្ថិភាព ឧទាហរណ៍ ប្រកាច់ក្នុងទឹក ឬភ្លើងដែលកំពុងឆេះ ពេលកំពុងបើកបរ ឬពេលកំពុងបញ្ជាគ្រឿងចក្រជាដើម។ មួយវិញទៀត អ្នកជំងឺអាចឈ្លក់ទឹកមាត់ ឬអាហារដែលកំពុងនៅក្នុងមាត់ពេលកំពុងប្រកាច់ដែលអាចបណ្តាលអោយមានបញ្ហារលាកសួតបាន។ ដូច្នេះហើយនៅពេលដែលអ្នកជំងឺមានបញ្ហាប្រកាច់សូមមេត្តាកុំបញ្រ្ចកសារធាតុរាវ គ្រប់ប្រភេទចូល ទៅក្នុងមាត់អ្នកជំងឺ អ្នកអាចក្លាយជាឃាតករសម្លាប់អ្នកជំងឺដោយមិនដឹងខ្លួនឯងបាន។
ពាក្យថាជំងឺឪកាសនិយម Opportunistic Disease ជាពាក្យសម្រាប់ប្រើនៅក្នុងប្រភេទអ្នកជំងឺដែលមានបញ្ហាប្រព័ន្ធភាពសុំាចុះខ្សោយប៉ុណ្ណោះ ដូចជាក្នុងជំងឺអេដស៍ ឬអ្នកជំងឺកំឡុងចាក់គីមីព្យាបាលជំងឺមហារីកជាដើម។ ដូច្នេះអ្នកជំងឺអេពីឡិបស៊ីមិនមានអ្វីធ្វើអោយប្រព័ន្ធភាពសុំាចុះខ្សោយហើយបង្កអោយមានជាជំងឺឪកាសនិយមទេ។
9. តើជំងឺអេពីឡិបស៊ីព្យាបាលយ៉ាងដូចម្តេច? តើជំងឺនេះអាចព្យាបាលសះស្បើយដែរឬទេ? តើក្នុងវិស័យវេជ្ជសាស្រ្តក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ ការព្យាបាលមានឪកាសជោគជ័យប៉ុន្មានភាគរយ ឬគុណភាពយ៉ាងណាដែរ បើប្រៀបទៅប្រទេសជឿនលឿន?
ជំងឺអេពីឡិបស៊ីត្រូវបានព្យាបាលដោយការប្រើប្រាស់ឪសថបំបាត់ប្រកាច់ និងដោយការវះកាត់។ ការព្យាបាលជំងឺអេពីឡិបស៊ីគឺអាស្រ័យទៅលើមូលហេតុក្រោយពីគ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យរួចរាល់។
រោគសញ្ញាស្តែងសំខាន់គឺអាការៈប្រកាច់កន្រ្តាក់របស់អ្នកជំងឺ ដូច្នេះការព្យាបាលគឺដើម្បីគ្រប់គ្រងទៅលើបញ្ហាប្រកាច់របស់អ្នកជំងឺ ប្រសិនបើការគ្រប់គ្រងបានល្អតាមរយៈរោគវិនិច្ឆ័យដោយគ្រូពេទ្យ និងការពិសាថ្នាំបានទៀងទាត់ពីអ្នកជំងឺ នោះការគ្រប់គ្រងបំបាត់អាការៈប្រកាច់អោយបានសះស្បើយមានកម្រិតជោគជ័យខ្ពស់។ ការវះកាត់នឹងធ្វើឡើងក្នុងករណីដែលរកឃើញមូលហេតុមិនប្រក្រតីរបស់សាច់ខួរក្បាល ឬដុំសាច់នៅក្នុងខួរក្បាល។
គុណភាពនៃការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដោយឪសថគឺយើងអាចធ្វើបានប្រកបដោយភាពជោគជ័យខ្ពស់ ក៏ប៉ុន្តែបច្ចុប្បន្ននេះយើងមិនទាន់អភិវឌ្ឍន៍ទៅរកការវះកាត់អេពីឡិបស៊ីនៅឡើយ និងបច្ចេកវិទ្យានៃការព្យាបាលផ្សេងៗទៀត ដែលទាំងនេះទាមទារនូវធនធានមនុស្ស និងធនធាន ផ្នែកថវិការខ្ពស់ដើម្បីអភិវឌ្ឍន៍អោយបានដូចប្រទេសជឿនលឿន។
10. តើមានកត្តាអ្វីខ្លះដែលអ្នកជំងឺគួរធ្វើ និងមិនគួរធ្វើក្នុងអំឡុងពេលកើតជំងឺ និងព្យាបាល?
ក្នុងកំឡុងពេលព្យាបាល ឬមិនទាន់គ្រប់គ្រងការប្រកាច់បាននៅឡើយ សូមអ្នកជំងឺទាំងអស់មេត្តាចៀសវាងនូវចំណុចដូចខាងក្រោម៖
- ការបើកបររយន្ត
- កន្លែងមិនសុវត្ថិភាពដូចជាទីខ្ពស់ ក្នុងទឹក ក្បែរភ្លើង
- កុំពិសាសុរា កាហ្វេ ភេសជ្ជៈប៉ូវកម្លាំង ឬគ្រឿងញៀន
- ការអត់ងងុយ
- ការមើលទូរទស្សន៍ ឬទូរស័ព្ទច្រើន
កត្តាដែលគួរធ្វើបដិបត្តិគឺត្រូវធ្វើតាមចំណុចចៀសវាង និងតាមការណែនាំរបស់គ្រូពេទ្យ។
11. តើជំងឺអេពីឡិបស៊ីនេះតម្រូវឲ្យអ្នកជំងឺតមអាហារអ្វីដែរឬទេ?
ប្រភេទអាហារមួយចំនួនអាចជំរុញអោយមានការប្រកាច់បានដូចជា អាហារដែលសម្បូរកាបូនអ៊ីដ្រាតដូចជា បាយ ដំឡូងជាដើម និងអាហារផ្អែមខ្លាំងគួរចៀសវាង។ គួរទទួលទានអាហារប្រភេទសាច់ និងខ្លាញ់ បន្លែ និងផ្លែឈើ។ ការបរិភោគអាហារសម្បូរខ្លាញ់អាចកាត់បន្ថយចំនួននៃការប្រកាច់បាន (Ketogenic Diet) ដូចជាខ្លាញ់ពីត្រី ស៊ុត ខ្លាញ់ពីគ្រាប់ធញ្ញជាតិ ផ្លែឈើ ប័រ ទឹកដោះគោស្រស់ ល។
12. តើយើងអាចបង្ការខ្លួនពីជំងឺអេពីឡិបស៊ីដោយវិធីណា?
ដោយសារតែជំងឺអេពីឡិបស៊ីមិនមែនជាប្រភេទជំងឺឆ្លង ដូច្នេះការបង្ការពីជំងឺអេពីឡិបស៊ីគឺ មានលក្ខណៈមិនជាក់លាក់ដោយផ្អែកលើមូលហេតុរបស់វាដោយមិនប្រាប់យើងជាមុន ដូចជាដោយសារដំណពូជ ឬមិនដឹងមូលហេតុ គឺយើងមិនអាចការពារបានឡើយ។ ក៏ប៉ុន្តែលោកអ្នកគួរបដិបត្តិនូវទម្លាប់បែបសុខភាព ការធ្វើលំហាត់ប្រាណជាប់លាប់ ពិសាអាហារសុខភាព តាមដានសុខភាពអោយបាន ជាប់លាប់ជាមួយគ្រូពេទ្យ និងចៀសវាងការប៉ះទង្គិចក្បាលទាំងនេះអាចចៀសវាងបានមួយចំណែក។
13.តើលោកគ្រូ ឬអ្នកគ្រូពេទ្យមានដំបូន្មានអ្វីខ្លះទៅកាន់មិត្តអ្នកអាន ឬអ្នកជំងឺ?
ជាចុងក្រោយនោះប្រសិនបើមិត្តអ្នកអានបានជួបប្រទះអ្នកដែលមានអាការៈសង្ស័យជាជំងឺប្រកាច់បែបឆ្កួតជ្រូក ឬជំងឺអេពីឡិបស៊ី សូមណែនាំគឺបញ្ជូនគាត់មកជួបគ្រូពេទ្យជំនាញដើម្បីទទួលបានការព្យាបាលបានត្រឹមត្រូវ ដែលអាចជួយអ្នកជំងឺមានជីវិតប្រសើរឡើងវិញ។ សូមអ្នកជំងឺទាំងអស់បដិបត្តិតាមការណែនាំរបស់គ្រូពេទ្យអោយបានជាប់លាប់ ជាពិសេសត្រូវពិសាថ្នាំអោយបានត្រឹមត្រូវតាមវេជ្ជបញ្ជា។
សូមកុំមានការរើងអើងចំពោះអ្នកជំងឺអេពីឡិបស៊ី ព្រោះអ្នកជំងឺមិនមែនមានបញ្ហាផ្លូវចិត្តឆ្កួតនោះទេ វាជាវិបត្តិនៃការធ្វើ ការរបស់អគ្គិសនីខួរក្បាលប៉ុណ្ណោះ។ សូមជួយលើកទឹកចិត្តដល់ពួកគាត់គ្រប់ពេលវេលា៕
- បកស្រាយដោយ៖ សាស្ត្រាចារ្យមហាបរិញ្ញា វេជ្ជបណ្ឌិត ជុំ ណាវុធ នាយកផ្នែកសរសៃប្រសាទនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត
- យកបទសម្ភាសន៍ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)
@រក្សាសិទ្ធិគ្រប់អត្ថបទ រូបភាព សំឡេង និងវីដេអូ ដោយ សុខក្រម (Sokhakrom)