១. និយមន័យ
ដុំសាច់នៅដៃស្បូន គឺសំដៅទៅលើដុំសាច់ ឫដុំទឹកដែលកើតមានលើក្រពេញដៃស្បូន ស្ថិតត្រង់អាងត្រគាករបស់ស្ត្រី។
២. ប្រភេទ
ជំងឺដុំសាច់នៅដៃស្បូន ចែកចេញជា២ប្រភេទធំៗ គឺប្រភេទដុំសាច់ និងដុំទឹក ដែលដុំទឹកត្រូវបានបែកចែកជា៤ប្រភេទផ្សេងៗទៀត ក្នុងនោះមាន ដូចជា៖
- ទឹកគីសធម្មតា ៖ ស្ត្រីមានទឹកក្នុងក្រពេញដៃស្បូន ដែលជាគីសស្លូតធម្មតា ហើយអាចបាត់ទៅវិញ។
- ឈាមរដូវ ៖ ស្រទាប់កោសិកាឈាមរដូវ នឹងទៅតោងនៅក្នុងក្រពេញដៃស្បូន ដូច្នេះពីមួយខែទៅមួយខែ គឺស្រទាប់កោសិកាឈាមរដូវ នឹងមានការរីកទំហំកាន់តែធំទៅៗ ដែលមានសណ្ឋានដូចជាឈាមរដូវក្រម៉ៅ ហើយស្ត្រីអាចមានអាការចុកពោះពេលគាត់កំពុងមករដូវ។
- ទឹកខាប់ស ៖ ស្រ្តីជួបប្រទះបញ្ហានេះ គឺមានតាំងពីនៅជាទារកក្នុងពោះម្ដាយ ប៉ុន្តែគាត់ទើបតែចាប់ផ្តើមដឹង នៅពេលដែលគាត់ពេញវ័យ។
- សរីរាង្គមនុស្ស ៖ អាចជាប្រភេទសក់ ធ្មេញ ឫសាច់ដែលជាសរីរាង្គមនុស្ស ដែលកើតឡើងក្នុងក្រពេញដៃស្បូនរបស់មនុស្ស។
៣. រោគសញ្ញា
- ករណីទី១៖ ស្ត្រីដែលមានដុំសាច់ឫទឹកនៅដៃស្បូន នៅក្នុងវ័យបន្តពូជភាគច្រើនមិនមានរោគសញ្ញាទេ។
- ករណីទី២៖ បើសិនជាដុំនោះធំ គឺអាចមើលឃើញដោយផ្ទាល់ភ្នែកដោយឃើញពោះមានលក្ខណៈធំខុសពីធម្មតា។
- ករណីទី៣៖ ការឈឺពោះដែលអាចកើតឡើងទាំងមិនទាន់មករដូវ និងកំឡុងពេលមករដូវ។
- ករណីទី៤៖ ការមើលឃើញតាមយៈការធ្វើអេកូនៅអាងត្រគាក។
- ករណីទី៥៖ ការធ្លាក់ឈាមរដូវខុសប្រក្រតី
៤. ហានិភ័យ
ស្រ្តីទាំងអស់ដែលស្ថិតក្នុងវ័យបន្តពូជ សុទ្ធតែប្រឈមជំងឺដុំសាច់នៅដៃស្បូន និយាយរួមគឺ ស្រ្តីឈានចូលដល់វ័យមានរដូវ រហូតដល់អស់រដូវវិញ។ ចំពោះករណី ស្រ្តីអស់រដូវក៏អាចកើតជំងឺនេះដែរ តែអ្វីដែលគួរឱ្យព្រួយបារម្ភខ្លាំងបំផុតនោះ គឺជាដុំសាច់មហារីក។
៥. មូលហេតុបង្ក
- ការមានទាំងពីកំណើត
- ស្ថិតនៅក្នុងវ័យបន្តពូជ ជារៀងរាល់ខែស្ត្រីនឹងត្រូវខ្ទាតមេជីវិតចេញមក ហើយនៅពេលដែលមេជីវិតនោះមិនខ្ទាតចេញ វានឹងបង្កើតទៅជាគីស
- ប្រវត្តិនៃការប្រើប្រាស់ថ្នាំមហារីក
- ការមានរដូវលឿន ឫមានការប្រែប្រួលរដូវខុសធម្មតា
៦. រោគវិនិច្ឆ័យ
ដើម្បីប្រាកដថា ស្រ្តីកើតជំងឺដុំសាច់នៅដៃស្បូន ឬអត់ គ្រូពេទ្យនឹងធ្វើរោគវិនិច្ឆ័យពិនិត្យលើស្រ្តី ដោយ ៖
- ឆ្លុះអេកូសាស្រ្តលើអាងត្រគាករបស់ស្រី ( ស្រ្តីពុំធ្លាប់រួមភេទ ឆ្លុះអេកូតាមពោះ តែចំពោះស្រ្តីធ្លាប់រួមភេទ ឆ្លុះអេកូតាមទ្វាមាស)
- ពិនិត្យឈាម
- CT Scan ឫ MRI
៧. ការព្យាបាល
ការព្យបាលជំងឺដុំសាច់នៅដៃស្បូន គឺផ្អែកលើដុំសាច់ ឬក៏ជាដុំទឹក។
- បើជាដុំទឹកមកពីឈាមរដូវ ៖ គ្រូពេទ្យអាចព្យាបាល ដោយតម្រូវឱ្យអ្នកជំងឺលេបថ្នាំគ្រាប់ ដើម្បីបង្រួមទំហំ និងឈានទៅរកការបំបាត់ដុំសាច់ទាំងស្រុង (ប្រសិនបើដុំសាច់តូច)។ គ្រូពេទ្យក៏អាចព្យាបាលដោយប្រើថ្នាំចាក់បានដែរ តែតម្រូវឱ្យចាក់១ខែម្ដង ហើយរយៈពេលពី៣ខែ ទៅ៦ខែ។ ជម្រើសចុងក្រោយ គឺ ការព្យាបាលដោយការវះកាត់ ហើយការវះកាត់អាចជា ការវះកាត់ដោយចោះ ឬវះកាត់ដោយបើកពោះ។
- បើជាដុំទឹកជាសរីរាង្គ ៖ ការព្យាបាលតែមួយគត់ គឺដោយការវះកាត់តែប៉ុណ្ណោះ។
៨. ផលវិបាក
- ការចុករមួល
- ធ្ងន់ធ្ងរបំផុត បើសិនជាយឺតយ៉ាវក្នុងការព្យាបាល ឬព្យាបាលពុំបានត្រឹមត្រូវ ដុំសាច់នឹងវិវឌ្ឍន៍ទៅជាមហារីក។
៩. វិធីបង្ការ
ប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ពីការកើតជំងឺដុំសាច់នៅដៃស្បូន ស្រ្តីទាំងអស់ គួរគប្បី ៖
- ការបរិភោគដោយប្រុងប្រយ័ត្ន
- ការពិនិត្យសុខភាពជាប្រចាំ
« បើសង្ស័យកើតជំងឺដុំសាច់នៅដៃស្បូន ឬជួបប្រទះបញ្ហានេះ សូមអញ្ជើញមកពិគ្រោះយោបល់ ពិនិត្យ និងព្យាបាល នៅមន្ទីរពេទ្យអឃីតកោះពេជ្រ »
- បកស្រាយដោយ៖ លោកស្រីសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ឯក ម៉េងលី សហស្ថាបនិកមន្ទីរពេទ្យអឃីតកោះពេជ្រ
- យកបទសម្ភាសន៍ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)
@រក្សាសិទ្ធិគ្រប់អត្ថបទ រូបភាព សំឡេង និងវីដេអូ ដោយ សុខក្រម (Sokhakrom)