(+855) 11 909 020 / 69 909 011

តើឱសថរុក្ខជាតិ ឫក្រុមវីតាមីនផ្សេងៗ សម្រាប់ព្យាបាលជំងឺរលាកថ្លើមពិតជាមានសុវត្ថិភាពដែរឬទេ?

មានមនុស្សជាច្រើនតែងតែមានចំណាប់អារម្មណ៍ក្នុងការប្រើប្រាស់ថ្នាំជារុក្ខជាតិ ឬ ជាពពួកវីតាមីន ដើម្បីយកទៅព្យាបាលជំងឺរលាកថ្លើមបេ(B) របស់ពួកគាត់ ដែលមានគ្រប់រូបភាពផ្សព្វផ្សាយទាក់ទាញនៅក្នុងគោលបំនងអោយអ្នកជំងឺឃើញចាប់អារម្មណ៍ហើយចង់ប្រើប្រាស់។ 

អ្វីដែលជាបញ្ហានោះ គឺនៅត្រង់ថាថ្នាំរុក្ខជាតិ ឬ ពពួកវីតាមីនទាំងនោះ ពុំមានការដាក់បញ្ចូល ឫ អនុមត័អោយយកមកព្យាបាលក្នុងជំងឺថ្លើមរលាកថ្លើមបេ(B) ដោយសមាគមជំងឺថ្លើមធំៗ និង អង្គការសុខភាពពិភពលោកនោះទេ ហើយក៏មិនទាន់មានការធ្វើតេស្តពិសោធន៍ណាមួយឲ្យបានជាក់លាក់ ដើម្បីបញ្ជាក់ពីភាពច្បាស់លាស់ពីសុវត្ថិភាពនៃឱសថរុក្ខជាតិ ឫវីតាមីនទាំងនោះថាតើវាគ្មានជាតិពុលនោះទេ។

លើសពីនេះទៅទៀត ឱសថរុក្ខជាតិមួយចំនួននោះអាចប្រឆាំងនឹងថ្នាំព្យាបាលមេរោគរលាកថ្លើមបេ ឫក៏អាចប្រឆាំងនឹងជំងឺមួយចំនួន ហើយឱសថរុក្ខជាតិឫវីតាមីនខ្លះទៀត វាបានទៅបំផ្លាញ និងប៉ះពាល់ដល់ថ្លើមដែលអាចវិវត្តន៍ឲ្យថ្លើមរបស់អ្នកចុះខ្សោយមួយកម្រិតទៀតបានផងដែរ។

ដូច្នេះ មុននឹងលោកអ្នកប្រើប្រាស់ឱសថរុក្ខជាតិ ឫក្រុមវីតាមីនផ្សេងសម្រាប់ព្យាបាលជំងឺរលាកថ្លើមនោះ លោកអ្នកត្រូវតែប្រាប់ពីឱសថរុក្ខជាតិ និងក្រុមវីតាមីនទាំងអស់នោះដែលអ្នកបានលេបប្រាប់គ្រូពេទ្យឲ្យបានដឹង និងពិនិត្យមើលសារធាតុផ្សំនៅក្នុងឱសថទាំងអស់នោះថា វាមានសុវត្ថិភាពដល់សុខភាពថ្លើមឫអត់ ហើយរឿងដ៏សំខាន់ បំផុតដែលអ្នកត្រូវធ្វើ គឺការការពារសុខភាពថ្លើម កុំឲ្យមានការខូចខាតបន្ថែមទៀត។ 

ទន្ទឹមនឹងនេះផងដែរ យើងក៏ឃើញមានក្រុមហ៊ុនជាច្រើនដែលបានបង្កើតការផ្សព្វផ្សាយការលក់ឱសថរបស់ពួកគេមិនបានត្រឹមត្រូវតាមវេជ្ជសាស្រ្តនៅលើសង្គមអ៊ីធឺណែត និងតាមសង្គមផ្សព្វផ្សាយផ្សេងៗទៀត ដូចជា Facebook គឺអាចជាព័ត៌មានមិនពិតប្រាកដដែលពួកគេងាយនឹងបញ្ឆោតប្រជាជនឲ្យទិញផលិតផលក្លែងក្លាយ ហើយមានតម្លៃថ្លៃរបស់ពួកគេ។

អ្នកត្រូវចងចាំថា ប្រសិនបើការប្រកាសថាឱសថរុក្ខជាតិ ឫក្រុមវីតាមីនផ្សេងៗ ពិតជាល្អក្នុងការប្រើសម្រាប់ព្យាបាលជំងឺរលាកថ្លើម នោះវាអាចជាផលិតផលដែលអ្នកមិនគួរទិញ។ ក្នុងករណីចាំបាច់ អ្នកត្រូវតែពិភាក្សា ឬយកថ្នាំទាំងនោះធ្វើតេស្តពិសោធន៍ និងត្រួតពិនិត្យជាមួយគ្រូពេទ្យដែលមានជំនាញជាមុនសិន ទើបជាការប្រសើរ៕

- បកស្រាយដោយ៖  វេជ្ជបណ្ឌិត ភៀវ សូរ៉ែន (Health Education Series)
- យកបទសម្ភាសន៍ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)

« បើលោកអ្នកជួបប្រទះបញ្ហាជំងឺរលាកថ្លើមប្រភេទបេ (B) រ៉ាំរ៉ៃ  សូមទំនាក់ទំនងមកកាន់ Vadhanak Vichea Clinic-មន្ទីរសម្រាកព្យាបាលវឌ្ឍនៈវិជ្ជា »