(+855) 11 909 020 / 69 909 011

តើការក្អួត និង ចង្អោរ បណ្តាលមកពីអ្វី?

ការចង់រកក្អូតគឺជាអារម្មណ៏មួយដែលធ្វើឲ្យយើងចង់តែរកក្អួតតែមិនមានអ្វីចេញមកតាមបំពង់អាហារទេ។ ការក្អួត គឺនៅពេលណាដែលបានក្អួតចេញមកក្រៅនូវសារធាតុវាវចេញពីផ្លូវក្រពះពោះវៀន។ ពេលខ្លះការចង់រកក្អួតនិងក្អួតក៏អាចកើតឡើងមកជាមួយគ្នាដែរ។ 

មូលហេតុ៖

វាមានមូលហេតុជាច្រើនបានធ្វើឲ្យមានអាការៈចង់រកក្អួតនិងក្អួតប៉ុន្តែខាងក្រោមនេះគឺជាមូលហេតុសំខាន់ៗ៖

1) ការពុលអាហារ៖ កើតមានឡើងនៅពេលដែលយើងទទួលទានអាហារមិនមានអនាម័យដែលអាចបង្ករឲ្យមានការប៉ះពាល់ឬមានការបង្កររោគដល់ក្រពះ ហើយ​ការបង្កររោគនេះភាគច្រើនបង្ករឲ្យទៅជារាគ។

2) ការវិលមុខឬការពុលនឹងយានយន្តដូចជា ឡាន, ទូកកប៉ាល់, យន្តហោះ៖  នេះភាគច្រើនទាក់ទងនឹងការធ្វើចលនានៅពេលយើងជិះយានយន្តទាំងនេះហើយពេលខ្លះវាកើតមានឡើងដោយសារតែមានអ្វីមួយរំខាននៅក្នុងត្រចៀកដែលធ្វើឲ្យមានការប៉ះពាល់មជ្ឈមណ្ឌលរក្សារលំនឹងនៃរាងកាយយើងធ្វើឲ្យធីងធោងរួចចង់ក្អួតតែម្តង

3) ការប្រើប្រាស់ថ្នាំ៖ មានថ្នាំមូយចំនួនអាចធ្វើឲ្យចង់រកក្អួតដូចជា៖ ថ្នាំសំរួលអារម្មណ៍,  ថ្នាំផ្សះ, វីតាមីន, ថ្នាំពន្យាកំណើត,​ ថ្នាំបំបាត់ការឈឺចាប់ជាដើម

4) ស្ត្រីមានផ្ទៃពោះ៖  ស្ត្រីដែលមានផ្ទៃពោះភាគច្រើនគឺងាយនឹងមានអាការៈចង់ក្អួតឬក្អួតតែម្តង  ( ចាញ់កូន)

5) មានបញ្ហាជាមួយក្រពះឬ ពោះវៀន៖   ចំពោះអ្នកជំងឺមួយចំនួនដែលមានបញ្ហាក្រពះពោះវៀនគឺធ្វើឲ្យចលនាអាហាររត់អត់បានល្អដែលងាយអាចធ្វើឲ្យទល់លាមកឬស្ទះពោះវៀន រួចក៏ច្រាល់ខ្យល់ឡើងមកលើដែលអាចឲ្យតឹងពោះនិងរកក្អួត

6) ការឈឺក្បាល៖ អ្នកខ្លះគាត់ឈឺក្បាលខ្លាំងរួមផ្សំមកជាមួយអាការៈចង់រកក្អួតឬក្អួត

7) ការពិសារស្រាច្រើន

រោគសញ្ញា៖

បើសិនជាអ្នកមានអាការៈចង់រកក្អួតនិងក្អួតលើសពី២ថ្ងៃឬមានរោគសញ្ញផ្សេងទៀតមកជាមួយដូចជា៖

  • មានចុកទ្រូងឬ តឹងពោះ
  • កំអួតមានឈាមឬពណ៍ស្រដៀងពណ៍កាហ្វេចាស់
  • លាមកមានឈាមឬមានពណ៍ក្រម៉ៅ
  • ក្តៅខ្លួន
  • មានការឈឺក្បាលខ្លាំងឬមានការចុករោយនៅឆ្អឹងកងក
  • មានអារម្មណ៍អស់កំលាំងឬមិនចង់ក្រោក
  •  មានសញ្ញនៃការបាត់បង់ជាតិទឹកនៅក្នុងខ្លួន( មានដូចជា៖ អស់កំលាំង, ស្រេកទឹកខ្លាំង,មានរមួលសាច់ដុំ,មានវិលមុខ,វង្វេងវង្វាន់,ទឹកនោមពណ៍លឿងខ្មៅ,មិននោមលើសពី៥ ម៉ោង)

ដំណោះស្រាយ៖

  • ពិសារទឹកឲ្យបានគ្រប់គ្រាន់
  • ព្យាយាមពិសារអាហារដែលមានជាតិទឹក,អាហាររាវ,ស៊ុប
  • ជៀសវាងអាហារប្រភេទខ្លាញ់ខ្លាំង ពីព្រោះនឹងធ្វើឲ្យចង់ក្អួតកាន់តែខ្លាំង
  • ជៀសវាងការប្រើរបស់ដែលមានក្លិនខ្លាំងដូចជាក្លិនទឹកអប់ណាមួយ
  • ត្រូវលេបថ្នាំណាដែលតំរួវឲ្យលេបក្រោយបាយ ហាមលេបមុនបាយ ឬពោះទទេ

ការព្យាបាល៖

  • ព្យាបាលទៅតាមមូលហេតុ
  • ការព្យាបាលដោយប្រើថ្នាំទប់ក្អួតតាមរយះចាក់ឬលេប

-  បកស្រាយដោយ៖ វេជ្ជបណ្ឌិត សុខ ពុទ្ធី (Health Education Series)

- កែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)

- អត្ថបទផ្តល់ដោយ៖​ Vadhanak Vichea Clinic-មន្ទីរសម្រាកព្យាបាលវឌ្ឍនៈវិជ្ជា