(+855) 11 909 020 / 69 909 011

យល់ដឹងពីការហូរឈាមតាមប្រដាប់រំលាយអាហារ

ការហូរឈាមតាមប្រដាប់រំលាយអាហារគឺជា ការហូរឈាមចេញពីផ្នែកណាមួយនៃប្រដាប់រំលាយអាហារផ្នែកខាងលើ ឬ ផ្នែកខាងក្រោម។​ មកដល់បច្ចុប្បន្ននេះការហូរឈាមតាមប្រដាប់រំលាយអាហារនេះគឺជាមូលហេតុចំបងមួយដែលបណ្តាលអោយអ្នកជំងឺចូលសំរាកនៅតាមបណ្តាមន្ទីរពេទ្យ ឬមន្ទីរសំរាកព្យាបាលផ្សេងៗដើម្បីជួយជីវិតអ្នកជំងឺពីគ្រោះថ្នាក់។

ការជួយសង្គ្រោះអ្នកជំងឺរួមមានការជួយសង្គ្រោះបន្ទាន់ និងការឆ្លុះក្រពះពោះវៀនធំដើម្បីរកមូលហេតុនៃការធ្លាក់ឈាម ព្រមទាំងការព្យាបាលក្នុងពេលជាមួយគ្នាតែម្តង។

រោគសញ្ញានៃការធ្លាក់ឈាមក្នុងប្រដាប់រំលាយអាហាររួមមាន ក្អួតឈាម បត់ជើងខ្មៅ និងឈាម។ រោគសញ្ញាទាំងនេះទាមទារការព្យាបាលដោយក្រុមគ្រូពេទ្យជំនាញត្រឹមត្រូវដើម្បីជួយសង្គ្រោះអាយុជីវិតអ្នកជំងឺ។
មូលហេតុចំបងនៃការធ្លាក់ឈាមតាមប្រដាប់រំលាយដែលយើងជួបប្រទះជារៀងរាល់ថ្ងៃ និងជួយសង្គ្រោះបាននូវអាយុជីវិតអ្នកជំងឺជាច្រើនមកហើយរួមមានដូចជាៈ

  • ការរលាកក្រពះធ្ងន់ធ្ងរ និងដំបៅក្រពះ (ភាគច្រើនទាក់ទងជាមួយការប្រើប្រាស់ថ្នាំឈឺសន្លាក់ដៃជើងចង្កេះ និងការផ្ទុកមេរោគក្រពះដោយមិនមានការព្យាបាលត្រឹមត្រូវ)
  • ការឡើងប៉ោងនៃសរសៃឈាមក្នុងបំពង់អាហារ និងសរសៃឈាមក្នុងក្រពះ (ដោយសារផលវិបាកនៃការក្រិនថ្លើម ឬការស្ទះសរសៃឈាមក្នុងចរន្តថ្លើម)
  • ដុំសាច់ (Polyp) ឬដុំមហារីក (Cancer) ក្នុងក្រពះ និងពោះវៀនធំ (មានការព្រួយបារម្ភជាខ្លាំង ព្រោះថាបច្ចុប្បន្ននេះឃើញមានកើតឡើងលើក្រុមអ្នកជំងឺដែលមានអាយុតិចជាង៤០ឆ្នាំ)
  • ដំបៅពោះវៀនធំ ឬចុងពោះវៀនតូចដោយការបង្ករោគដោយមេរោគផ្សេងៗ ជាពិសេសក្រោមរូបភាពជាផលវិបាកនៃជំងឺគ្រុនពោះវៀន។
  • ថង់ពោះវៀនដក់ (Colonic diverticulosis) ច្រើនកើតលើក្រុមអ្នកជំងឺដែលមានអាយុច្រើន ចំនែកមូលហេតុ និងការបង្កាជំងឺនេះមិនទាន់រកឃើញច្បាស់លាស់នៅឡើយទេ។
  • មូលហេតុផ្សេងៗជាច្រើនទៀត។

ការព្យាបាលការហូរឈាមតាមប្រដាប់រំលាយអាហារគឺជា ការព្យាបាលមួយទាមទារការសង្គ្រោះបឋម និងអាចឈានទៅដល់ការសង្គ្រោះនៅបន្ទប់តាមដានកម្រិតធ្ងន់ (ICU unit) ការប្រើប្រាស់ថ្នាំចូលរួមចំនែកមួយដើម្បីកាត់បន្ថយការហូរឈាម ដើម្បីអោយអ្នកជំងឺរង់ចាំការឆ្លុះក្រពះ ឬពោះវៀនធំដើម្បីធ្វើរោគវិនិច្ឆ័យ ក៏ដូចជាការព្យាបាលព្រមគ្នាតែម្តង។​ រោគវិនិច្ឆ័យខ្លះទាមទារការថតស្កែនសរសៃឈាម (Angioscan) និងឈានដល់ការវះកាត់។

មកទល់បច្ចុប្បន្នក្នុងប្រទេសកម្ពុជាយើង ការព្យាបាល និងការជួយសង្គ្រោះអ្នកជំងឺពីការហូរឈាមតាមប្រដាប់រំលាយអាហារ មានការជឿនលឿន និងកំពុងអភិវឌ្ឍខ្លួនអោយដូចប្រទេសជិតខាង។​ ការព្យាបាលសព្វថ្ងៃនេះរួមមានការចាក់ថ្នាំឃាត់ឈាម​​ ការដុតដំបៅ ការកឹបដំបៅ ការចងសរសៃឈាម ការចាក់កូល​ និងការកាត់ដុំសាច់(Polyp) ជាដើម។​


- បកស្រាយដោយ៖ វេជ្ជបណ្ឌិតឯកទេស ស៊ង សុភីរម្យ បំរើការនៅមន្ទីរសំរាកព្យាបាល អេគីប   
- យកបទសម្ភាសន៍ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)
@រក្សាសិទ្ធិគ្រប់អត្ថបទ រូបភាព ដោយ សុខក្រម (Sokhakrom)