(+855) 11 909 020 / 69 909 011

ស្វែងយល់អំពី៖នោមច្រើន

នោមច្រើន ឬពាក្យបច្ចេកទេសថា Nocturia គឺជាពាក្យបច្ចេកទេស ដែលសំដៅទៅលើ ការបត់ជើងតូចច្រើន នៅពេលយប់។ ដោយសារ តាមធម្មតា អំឡុងពេលដែលយើងដេក រាងកាយរបស់យើងផលិតទឹកនោម ក្នុងកម្រិតមួយតិចតួចប៉ុណ្ណោះ ប៉ុន្តែក្នុងករណីអ្នកជម្ងឺនេះ ភ្ញាក់ពីដំណេកដើម្បីបត់ជើងតូច យ៉ាងហោច ២ ដង ឬច្រើនជាងនេះ ក្នុងមួយយប់។   
រោគសញ្ញានៃជំងឺនេះមានដូចជា៖
•  នោមញឹកញាប់ទាំងយប់ទាំងថ្ងៃ
•  នោមឈឺឬក្រហាយ និងពិបាកនោម។

ជម្ងឺនេះ កើតលើមនុស្សគ្រប់វ័យ តែភាគច្រើន កើតលើមនុស្សចាស់។ 


មូលហេតុ បង្កឱ្យមានជម្ងឺនេះ អាចបណ្ដាលមកពី កត្តាជាច្រើនដូចខាងក្រោម៖
១. ក្នុងស្ថានភាពជំងឺមួយចំនួន

មូលហេតុចម្បងដែលបង្កឱ្យមានរោគសញ្ញានោមយប់ច្រើន គឺដោយសារការបង្ករោគនៅផ្លូវបង្ហូរនោម និងកត្តាផ្សេងទៀតដូចជា៖
•  ការលាកក្រពេញប្រូស្តាតនឹងការរីកក្រពេញប្រូស្តាត
•  ការស្រុតចុះនៃសរីរាង្កប្លោកនោម
•  មានដុំសាច់នៅប្លោកនោម, នៅក្រពេញប្រូស្តាត ឫដុំសាច់នៅក្នុងអាងត្រគាក ចំពោះស្រ្តីជាដើម។
•  ចំពោះអ្នកជំងឺទឹកនោមផ្អែម
•  អ្នកជំងឺមានវិបត្តិផ្លូវចិត្ត
•  ការបង្ករោគនៅក្នុងតំរង់នោម
•  ចំពោះអ្នកជំងឺមានបញ្ហាខ្សោយសរីរាង្ក ដូចជាខ្សោយបេះដូងនិង ខ្សោយសរីរាង្កថ្លើមជាដើម។ 
•  ចំពោះអ្នកជំងឺគេងស្រមុក
•  ជំងឺផ្នែកប្រពន្ធ័ប្រសាទដូចជា ជំងឺ Parkinson នឹង Spinal cord compression( ដោយសារគ្រោះថ្នាក់ជាដើម)។

២.ចំពោះស្រ្តីមានផ្ទៃពោះ
រោគសញ្ញានោមយប់ញឹកញាប់ក៏កើតមាន ចំពោះស្រ្តីមានផ្ទៃពោះ ក្នុងអំឡុងត្រីមាសដំបូង និងជិតគ្រប់ខែផងដែរ។
៣.ការប្រើប្រាស់ថ្នាំពេទ្យ
ផលរំខាននៃការប្រើថ្នាំមួយចំនួន ក៏ជាមូលហេតុនាំឱ្យ នោមយប់ច្រើនផងដែរ ដូចជាថ្នាំ Diuretic ដែលប្រើសំរាប់ព្យាបាល ការលើសសំពាធឈាមជាដើម។
៤.របៀបរបបក្នុងការរស់នៅ
ការទទួលទានទឹកច្រើន ក៏ជាមូលហេតុផងដែរ។ សារធាតុអាកុល និង សារធាតុកាហ្វេអុីនគឺជា Diuretic ( ធ្វើអោយមាន ការបញ្ចុះទឹកនោម ), ការទទួលទានស្រា និងកាហ្វេច្រើន ក៏អាចឱ្យអ្នកនោមច្រើន នៅពេលយប់ផងដែរ។
ការធ្វើរោគវិនិច្ឆ័យ៖
•  ពិនិត្យឈាមៈ រកមើលការបង្ករោគក្នុងឈាម មុខងារតំរងនោម មុខងារក្រពេញ thyroid, ពិនិត្យរកមើលការប្រឈម នឹងទឹកនោមផ្អែម និងបញ្ហាផ្សេងទៀត។
•  វិភាគទឹកនោម និងបណ្តុះរកមេរោគក្នុងទឹកនោម ដើម្បីរកមើលការបង្ករោគផ្លូវទឹកនោម។
•  ឆ្លុះប្លោកនោមៈ រកមើលដុំសាច់ក្នុងប្លោកនោម និងរកមើលបញ្ហាផ្សេងៗ ក្នុងប្លោកនោម។
•  អេកូសាស្រ្ត ដើម្បីពិនិត្យរកមើលបញ្ហា ក្នុងតំបន់អាងត្រគាក និងពិនិត្យមើលសរីរាង្កក្នុងពោះ។

ការព្យាបាល៖

ផ្លាស់ប្តូររៀបរបបក្នុងការរស់នៅ
•  កាត់បន្ថយការទទួលទានទឹកនៅពេលយប់ និងត្រូវញាំមុនពេលចូលគេងយ៉ាងតិច ២ទៅ ៤ម៉ោង។ 
•  ត្រូវកាត់បន្ថយការផឹក កាហ្វេ ស្រា និងតែ នៅពេលល្ងាច។
•  គ្រប់គ្រង់ការប្រើប្រាស់ថ្នាំបញ្ចុះទឹកនោមរបស់អ្នក
ក្នុងករណីអ្នកទទួលថ្នាំបញ្ចុះទឹកនោម អ្នកត្រូវពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នក ក្នុងការញ៉ាំថ្នាំអោយបាន ៦ ម៉ោងមុនពេលចូលគេង នោះវានឹងកាត់បន្ថយការនោមច្រើននៅពេលយប់។

ប្រសិនបើការផ្លាស់ប្តូរបៀបរបបក្នុងការស់ ហើយនៅតែមិនអាចជួយឱ្យកាត់បន្ថយបាន អ្នកអាចធ្វើការពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីរកមើលមូលហេតុដែលបង្ក៕

បកស្រាយដោយ៖ វរជ្ជបណ្ឌិត ជីវ វ៉េងដារ៉ូត  (Health Education Series)
-កែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)
-Vandhanak Vichea Clinic-មន្ទីសម្រាកព្យាបាលវឌ្ឍនៈវិជ្ជា)