(+855) 11 909 020 / 69 909 011

ជំងឺរលាកសន្លាក់ឆ្អឹងខ្នងប្រភេទ Ankylosing spondylitis (AS)

I. សេចក្តីផ្តើម
១. ជំងឺរលាកសន្លាក់ឆ្អឹងខ្នងប្រភេទ Ankylosing spondylitis ( AS) គឺជាប្រភេទជំងឺរលាកសន្លាក់មួយប្រភេទទៀតដែលមានការប៉ះពាល់ដល់ឆ្អឹងកងខ្នង ជាពិសេសនៅក្នុងតំបន់សន្លាក់ឆ្អឹងត្រគៀកនិងកញ្ជូញគូទ( Sacroiliac joints ) ដែលញឹកញាប់ប៉ះពាល់ជាងគេ។ ក្រៅពីនេះក៏មានសន្លាក់ស្មារ,សន្លាក់ឆ្អឹងត្រគៀកឬសរីរាង្គផ្សេងៗទៀតដូចជា ភ្នែក,ស្បែក,ពោះវៀន,និងសួតក៏មានការប៉ះពាល់ដែរ។
២. ជំងឺនេះគឺជាប្រភេទជំងឺ autoimmune disease មានន័យថាប្រព័ន្ធការពាររាងកាយយើងធ្វើការមិនប្រក្រតីដោយបានធ្វើការប្រឆាំងនឹងប្រព័ន្ធការពារខ្លួនឯងនៅលើសន្លាក់ក៏បណ្តាលឲ្យមានការរលាកនិងឈឺចាប់ផ្តើមមានឡើង
៣. ជំងឺនេះភាគច្រើនគឺកើតចំពោះមនុស្សប្រុសច្រើនជាងមនុស្សស្រី។

II. រោគសញ្ញា
រោគសញ្ញានៃជំងឺនេះគឺមានការប្រែប្រួលទៅតាមមនុស្សម្នាក់ៗ។ រោគសញ្ញានោះមានដូចជា៖
១. ឈឺនិងតឹងណែននៅណឹងឆ្អឹងខ្នង,គូទឬក។ ការឈឺនេះគឺកាន់តែខ្លាំងពេលក្រោកពីគេងតែធូរស្រាលមកវិញពេលបានធ្វើការហាត់ប្រាណ
២. ឈឺចាក់នៅទ្រូងនៅផ្នែកខាងមុខឬឈឺមកដល់កែងជើងឬម្រាមជើង
៣. អស់កំលាំងឬមានអារម្មណ៍ថារវើយ
៤. យូរទៅៗអាចឲ្យមានការកោងខ្នងដែលជួនកាលមានការប៉ះដល់សួតធ្វើឲ្យហត់
៥. មានការប៉ះពាល់ដល់ភ្នែក,ភ្នែកឡើងក្រហម,ឈឺ, ឬស្បែកឡើងកណ្តួលក្រហម

III. មូលហេតុ
ជាទូរទៅជំងឺនេះគឺមិនទាន់រកឃើញមូលហេតុពិតប្រាដកនៅឡើយទេ តែជំងឺនេះកើតឡើងដោយសារសែនម្យ៉ាងគឺ HLA-B27 ដែលភាគច្រើនអ្នកជំងឺដែលមានសែន HLA-B27 គឺងាយមាន AS ប៉ុន្តែអ្នកខ្លះមាន AS គឺមិនទាក់ទងនឹងសែន HLA-B27 ទេ។

IV. ការកំណត់រោគវិនិច្ឆ័យ
១. ការសាកសួរប្រវិត្តអ្នកជំងឺនិងការពិនិត្យមើលពីរោគសញ្ញា
២. ការពិនិត្យឈាមមើលពីកំរិតរលាកឬ HLA-B27 និងតេស្តផ្សេងៗ
៣. ការថតឆ្អឹងខ្នង ( X ray, CT scan or MRI) 

V. ការព្យាបាល
ជំងឺ Ankylosing spondylitis ( AS) គឺការព្យាបាលមិនទាន់មានការព្យាបាលឲ្យជាសះស្បើយទាំងស្រុងនោះទេ។ គោលបំណងនៃការព្យាបាល គឺដើម្បី៖ 
១. កាត់បន្ថយការឈឺ និងរោគសញ្ញាផ្សេងៗ
២. បង្កើននូវចលនាឲ្យប្រសើរជាងមុន
៣. កាត់បន្ថយការវិវត្តន៍ទៅជាមានផលវិបាកបញ្ហាធ្ងន់ធ្ងរ
៤. ការព្យាបាលដោយប្រើថ្នាំបំបាត់រលាក
៥. ការប្រើថ្នាំទប់នៃប្រព័ន្ធការពារកុំឲ្យមានការប្រឆាំងនឹងខ្លួនឯងខ្លាំង
៦. លើសពីព្យាបាលដោយប្រើថ្នាំទាំងនេះហើយអ្នកជំងឺគប្បីត្រូវធ្វើការហាត់ប្រាណ, បរិភោគអាហារឲ្យបានគ្រប់គ្រាន់និងត្រូវតាមដានសុខភាពជាប្រចាំជាមួយវេជ្ជបណ្ឌិត ។

- បកស្រាយដោយ៖ វេជ្ជបណ្ឌិត សុខ ពុទ្ធី (Health Education Series)
- កែសម្រួលអត្ថបទដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)
- Vandhanak Vichea Clinic-មន្ទីសម្រាកព្យាបាលវឌ្ឍនៈវិជ្ជា