១. និយមន័យនៃជំងឺ កូវីដ១៩/COVID-19
វីរុសកូរ៉ូណា ប្រភេទថ្មី (CoV) គឺជាវីរុសថ្មី នៃអម្បូរវីរុសកូរ៉ូណា ។
ជំងឺដែលបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ ត្រូវបានគេរកឃើញដំបូងនៅក្នុងទីក្រុងវូហាន ប្រទេសចិន ដែលត្រូវបានគេដាក់ឈ្មោះថា ជំងឺវីរុសកូរ៉ូណាឆ្នាំ២០១៩ (កូវីដ១៩/COVID-19) ដែលពាក្យកាត់ “CO” តំណាងឱ្យពាក្យ corona (កូរ៉ូណា) “VI” តំណាងឱ្យពាក្យ virus (វីរុស) និង “D” តំណាងឱ្យពាក្យ disease (ជំងឺ) ។ កាលពីមុន ជំងឺនេះត្រូវបានគេហៅឈ្មោះថា "វីរុសកូរ៉ូណាប្រភេទថ្មីឆ្នាំ២០១៩" ឬ "2019-nCoV" ។
វីរុស COVID-19 គឺជាវីរុសថ្មីមួយដែលមានទំនាក់ទំនងទៅនឹងអម្បូរនៃវីរុសដូចគ្នានឹងជម្ងឺរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ (SARS) និងប្រភេទជំងឺផ្តាសាយទូទៅមួយចំនួនទៀត។
២. ការឆ្លងរាលដាលនៃជំងឺ កូវីដ១៩/COVID-19
វីរុស COVID-19 ត្រូវបានចម្លងតាមរយៈការប៉ះពាល់ផ្ទាល់ទៅនឹងដំណក់ទឹកតូចៗ ដែលចេញពីប្រព័ន្ធផ្លូវដង្ហើមរបស់អ្នកដែលបានឆ្លងវីរុស (តាមរយៈការក្អក និងកណ្តាស់) និងការប៉ះទៅលើផ្ទៃនានាមានវីរុស។ វីរុស COVID-19 អាចរស់នៅផ្ទៃខាងក្រៅបានជាច្រើនម៉ោង ប៉ុន្តែថ្នាំសម្លាប់វីរុសទូទៅអាចប្រើដើម្បីសម្លាប់វាបាន។
៣. រោគសញ្ញានៃជំងឺ កូវីដ១៩/COVID-19
រោគសញ្ញាអាចជាគ្រុនក្តៅ ក្អក និងថប់ដង្ហើម។ ក្នុងករណីធ្ងន់ធ្ងរជាងនេះ ការឆ្លងវីរុសនេះអាចបណ្តាលឱ្យកើតជំងឺរលាកសួត ឬពិបាកដកដង្ហើម។ កាន់តែកម្រ ជំងឺនេះអាចបណ្តាលឱ្យស្លាប់បាន។ រោគសញ្ញាទាំងនេះស្រដៀងនឹងជំងឺផ្តាសាយ (influenza) ឬ ជំងឺផ្តាសាយទូទៅដែលកើតមានច្រើនជាង COVID-19 ។ នេះជាមូលហេតុដែលតម្រូវឱ្យមានការធ្វើតេស្តដើម្បីបញ្ជាក់ថា អ្នកណាម្នាក់ពិតជាមានផ្ទុកវីរុស COVID-19។ វាជាការសំខាន់ដែលត្រូវចងចាំថា វិធានការការពារសំខាន់ៗ គឺមានលក្ខណៈដូចគ្នាដូចជាលាងដៃឱ្យបានញឹកញាប់ និងរក្សាអនាម័យផ្លូវដង្ហើម (ខ្ទប់មាត់នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសជូតមាត់ និងបន្ទាប់មកបោះចោលក្រដាសជូតមាត់ ក្នុងធុងសំរាមបិទជិត) ។
៤. ការជៀសវាងហានិភ័យនៃការឆ្លងវីរុសកូវីដ១៩/COVID-19
- លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ឬប្រើទឹកលាងដៃដែលមានជាតិអាល់កុល ។
- ខ្ទប់មាត់ និងច្រមុះរបស់អ្នកដោយប្រើកែងដៃ ឬក្រដាសជូតមាត់ នៅពេលក្អកឬកណ្តាស់ ហើយបោះចោលក្រដាសជូតមាត់ទៅក្នុងធុងសំរាមបិទជិត ។
- ជៀសវាងប៉ះពាល់ផ្ទាល់ជាមួយអ្នកដែលមានរោគសញ្ញាដូចជា ផ្តាសាយ ឬគ្រុនក្តៅ ។
- ទៅជួបគ្រូពេទ្យប្រសិនបើអ្នកក្តៅខ្លួន ក្អក ឬមានអារម្មណ៍ថាពិបាកដកដង្ហើម ។
៥. ដំបូន្មានដែលអ្នកគួរអនុវត្តន៍ នៅពេលសង្ស័យឆ្លងជំងឺកូវីដ១៩/COVID-19
អ្នកគួរស្វែងរកការព្យាបាលឱ្យបានឆាប់រហ័ស ប្រសិនបើអ្នកឬកូនរបស់អ្នកមានមានអាការៈដូចជា គ្រុនក្តៅ ក្អក ឬពិបាកដកដង្ហើម។ សូមទូរស័ព្ទប្រាប់ជាមុនដល់អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក ប្រសិនបើអ្នកបានធ្វើដំណើរទៅកាន់តំបន់ ដែលត្រូវបានគេរាយការអំពីការឆ្លងវីរុស COVID-19 ឬប្រសិនបើអ្នកបានប៉ះពាល់ជិតស្និទ្ធជាមួយអ្នក ដែលបានធ្វើដំណើរមកពីតំបន់មួយក្នុងចំណោមតំបន់ទាំងនេះ ហើយមានរោគសញ្ញាផ្លូវដង្ហើម។
ស្រាវជ្រាវ និងកែសម្រួលអត្ថបទ ដោយក្រុមការងារ សុខក្រម-Sokhakrom
ប្រភពៈ អង្គការសុខភាពពិភពលោក
ប្រភពៈ អង្គការយូនីសេហ្វ
សុខក្រម-Sokhakrom កម្មវិធីសុខភាពនៅលើទូរស័ព្ទដៃ ទាញយកដោយសេរី ដើម្បីអានអត្ថបទ និងទស្សនាវីដេអូសុខភាព បកស្រាយដោយ វេជ្ជបណ្ឌិតល្បីៗក្នុងប្រទេសកម្ពុជា ។
សូមគោរពជូន វេជ្ជបណ្ឌិត ដែលចង់ចែករំលែកគន្លឹះសុខភាព សូមទំនាក់ទំនងមកកាន់ក្រុមការងារ សុខក្រម-Sokhakrom យើងខ្ញុំ តាមរយៈទំព័រហ្វេសបុក Sokhakrom និងវេបសាយ Sokhakrom.com ។