ការបរិភោគអាហារថ្ងៃត្រង់ ក្នុងអំឡុងពេលអនុវត្តន៍វិធានការ ទប់ស្កាត់ការរីករាលដាលនៃការឆ្លងជំងឺកូរ៉ូណា (Covid-19) គឺជាកត្តាចម្បងមួយដែលយើងគ្រប់គ្នា ជាពិសេសអ្នកធ្វើការនៅតាមបណ្ដាក្រុមហ៊ុននានា គួរយកចិត្តទុកដាក់ជាទីបំផុត ដើម្បីបន្ថយពីហានិភ័យការឆ្លងជំងឺកូរ៉ូណា (Covid-19) សម្រាប់ខ្លួនឯង មិត្តរួមការងារ គ្រួសារ និងមនុស្សនៅជុំវិញ ។
ខាងក្រោមនេះជាដំបូន្មានមួយចំនួន ពាក់ព័ន្ធនឹងការបរិភោគអាហារថ្ងៃត្រង់ ក្នុងអំឡុងពេលអនុវត្តន៍វិធានការ ទប់ស្កាត់ការរីករាលដាលនៃការឆ្លងជំងឺកូរ៉ូណា (Covid-19) ៖
១. ការបរិភោគនៅខាងក្រៅ
- សង្កេតមើលទីតាំងហាងបាយ ឱ្យបានហ្មត់ចត់ ពាក់ព័ន្ធនឹងអនាម័យ ។
- បង្កើតពេលវេលាឱ្យខ្លួនឯងសម្រាប់អាហារថ្ងៃត្រង់ ឬរកម៉ោងណា ដែលពុំសូវមានមនុស្សចូលបរិភោគអាហារ (ហាងបាយមនុស្សតិច ហានិភ័យឆ្លងទាប) ។
- អង្គុយបរិភោគអាហារ ដោយរក្សាគម្លាតគ្នា យ៉ាងហោចណាស់ ១ម៉ែត្រកន្លះ ។
- ប្រើប្រាស់ទឹកអាល់កុល ឬជែលលាងដៃសម្លាប់មេរោគ បាញ់ទៅលើកន្លែងអង្គុយជាមុនសិន មុននឹងចូលតុអង្គុយបរិភោគអាហារ ។
- មុននឹងប្រើប្រាស់ សម ចង្កឹះ និងស្លាបព្រា សូមជ្រកលក់ទៅក្នុងទឹកក្ដៅសិនសម្លាប់មេរោគសិន ឬបើហាងបាយគ្មានទឹកក្ដៅ អាចស្នើសុំម្ចាស់ហាងសុំទឹកក្ដៅមួយកែវ ។
២. ការបរិភោគនៅខាងក្នុង
ក្នុងបរិបទទប់ស្កាត់ការរីករាលដាលនៃជំងឺកូរ៉ូណា (Covid-19) គឺសូមរៀបចំចម្អិនចំណីអាហារពីផ្ទះ មកបរិភោគនៅកន្លែងការងារ ចៀសវាងការចេញបរិភោគអាហារនៅខាងក្រៅ ឬអាចកម្មង់អាហារ តាមរយៈកម្មវិធីដឹកជញ្ជូនអាហារផ្សេងៗ ។
ប្រសើរបំផុត ពេលចេញពីធ្វើការក្នុងម៉ោងសម្រាកអាហារថ្ងៃត្រង់ អាចធ្វើដំណើរទៅបរិភោគអាហារនៅគេហដ្ឋានរបស់លោកអ្នក ។ តែយ៉ាងណាមិញ សូមអនុវត្តន៍អនាម័យឱ្យបានត្រឹមត្រូវជានិច្ច ៕
ស្រាវជ្រាវ រៀបរៀង និងកែសម្រួលអត្ថបទដោយ ក្រុមការងារ សុខក្រម-Sokhakrom
សុខក្រម-Sokhakrom កម្មវិធីសុខភាពនៅលើទូរស័ព្ទដៃ ទាញយកដោយសេរី ដើម្បីអានអត្ថបទ និងទស្សនាវីដេអូសុខភាព បកស្រាយដោយ វេជ្ជបណ្ឌិតល្បីៗក្នុងប្រទេសកម្ពុជា ។
សូមគោរពជូន វេជ្ជបណ្ឌិត ដែលចង់ចែករំលែកគន្លឹះសុខភាព សូមទំនាក់ទំនងមកកាន់ក្រុមការងារ សុខក្រម-Sokhakrom យើងខ្ញុំ តាមរយៈទំព័រហ្វេសបុក sokhakrom និងវេបសាយ sokhakrom.com ។