១. និយមន័យ
ស្បែកស្ងួត គឺជាប្រភេទស្បែកដែលបាត់បង់សំណើម និងស្ងួត ហើយស្បែកចាប់ផ្ដើមឡើងក្រហម រមាស់ មានរបក និងជ្រួញ ហើយជួនកាលអាចស្ងួតខ្លាំងរហូតចេញឈាម ថែមទៀតផង។
២. មូលហេតុបង្ក
- អាកាសធាតុត្រជាក់ ជាពិសេសរដូវរងារ
- ស្ថិតក្នុងលក្ខខណ្ឌសីតុណ្ហភាពក្ដៅ ឬក្ដៅល្មម
- ងូតទឹកក្ដៅញឹកញាប់ ឬជាប្រចាំ
- ប្រើប្រាស់សាប៊ូដុះខ្លួន ដែលមានគុណភាពទាប ឬសាប៊ូដុះខ្លួន ដែលផ្ទុកនូវសារធាតុធ្វើឱ្យបាត់បង់សំណើមរបស់ស្បែក
- បញ្ហាស្បែក ដូចជាមនុស្សចំនួនមានបញ្ហាស្បែកស្ងួតរបស់ខ្លួនផ្ទាល់
- បរិភោគអាហារខ្វះប្រូតេអ៊ីន និងសម្បូរជាតិខ្លាញ់ វាមិនត្រឹមតែធ្វើឱ្យខូចរាងដ៏ស្រស់ស្អាតរបស់អ្នកនោះទេ ថែមទៀតធ្វើឱ្យស្បែកស្ងួតទៀតផង
- ប្រើប្រាស់គ្រឿងសម្អាង ដែលមិនត្រូវនឹងប្រភេទស្បែករបស់អ្នក និងអ្នកលាងសម្អាតគ្រឿងសម្អាងចេញពីស្បែករបស់អ្នកមិនបានជ្រះស្អាតល្អ បន្សល់ទុកម្សៅគ្រឿងសម្អាងនៅជាប់នឹងរន្ធរបស់ស្បែក ជាមូលហេតុធ្វើឱ្យស្បែកស្ងួតខាងក្រៅ និងខ្លាញ់ខាងក្នុង
- ផឹកកាហ្វេ និងសុរាច្រើនពេក
- កង្វះលំហាត់ប្រាណប្រចាំថ្ងៃ
- ចំពោះស្រ្តីដែលមានរដូវមិនទៀងទាត់ ដែលជួនកាលអាចមករដូវតិច ឬច្រើនពេក និងស្រ្តីអស់រដូវក៏ប្រឈមនឹងបញ្ហាស្បែកស្ងួតផងដែរ។
៣. ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យនៃបញ្ហាស្បែកស្ងួត គឺថា ប្រសិនបើស្បែកស្ងួតពុំទាន់ធ្ងន់ធ្ងរ អ្នកជំងឺគួរតែបង្កើនការផឹកទឹកឱ្យបានច្រើន បញ្ឈប់ទម្លាប់ដែលជាមូលហេតុធ្វើឱ្យស្បែកស្ងួត ដូចបានរៀបរាប់ខាំងលើ ។ ដោយឡែក ក្នុងករណីកត់សម្គាល់ឃើញថា ស្បែករបស់អ្នកស្ងួតធ្ងន់ធ្ងរ សូមអញ្ជើញរុះរាន់មកពិនិត្យស្បែកជាមួយ វេជ្ជបណ្ឌិតឯកទេសសើស្បែក ដើម្បីទទួលយកសេវាថែទាំ និងព្យាបាលឱ្យបានទាន់ពេលវេលា។
៤. ផលវិបាក
- បង្កឱ្យស្បែកប្រែជាក្រហម របក និងរលាកធ្ងន់ធ្ងរ ហើយហុចឱកាសនិយមដល់ជំងឺផ្សេងៗផងដែរ ដូចជា ងាយអាល្លែកហ្ស៊ីជាមួយសារធាតុប្រតិកម្មពីខាងក្រៅ និងជំងឺតាអកស្ងួតជាដើម។
- ជួនកាល បាក់តេរីចូលទៅក្នុងស្បែកបង្កជារោគលើស្បែក។
- ធ្វើឱ្យកោសិកាស្បែក ឆាប់ខូចខាត ឆាប់ចាស់ និងជ្រីវជ្រួញជាងវ័យ។
៥. ការព្យាបាល
- ផ្ដល់សំណើមដល់ស្បែកតាមមធ្យោបាយផ្សេងៗ ជាពិសេសបន្ទាប់ពីងូតទឹករួចហើយ
- កុំងូតទឹកក្នុងរយៈពេលយូរពេក និងកុំងូតទឹកក្ដៅឧណ្ហៗញឹកញាប់ពេក
- ជ្រើសរើសសាប៊ូដុះខ្លួនដែលត្រូវនឹងស្បែករបស់អ្នក និងផ្ទុកសារធាតុកាត់សំណើមក្នុងកម្រិតទាប និងគួរតែបញ្ឈប់ការដុះសាប៊ូដុំ
- ក្នុងរដូវត្រជាក់ គួរតែស្លៀកសម្លៀកបំពាក់ជិតៗ និងក្នុងរដូវក្ដៅគួរតែរកកន្លែងត្រជាក់ៗ និងចៀសវាងហាលខ្លួនឱ្យត្រូវកំដៅថ្ងៃយូរ
- បរិភោគអាហារដែលសម្បូរវីតាមីនចំពោះស្បែកជាប្រចាំ
- បង្កើនការផឹកទឹកយ៉ាងហោចណាស់ឱ្យបាន ៨ កែវក្នុងមួយថ្ងៃ
៦. វិធីបង្ការ
- បន្ថយ ឬបញ្ឈប់ការងូតទឹកក្ដៅឧណ្ហៗ ជាពិសេសក្នុងខែរងារ ។ អាកាសធាតុត្រជាក់ជាមូលហេតុធ្វើឱ្យស្បែកស្ងួត ដូច្នេះ ប្រសិនបើអ្នកងូតទឹកក្ដៅឧណ្ហៗទៀត នោះស្បែករឹតតែស្ងួតខ្លាំងឡើង។
- គួរជ្រើសរើសសាប៊ូដុះខ្លួន ត្រូវនឹងស្បែករបស់អ្នក និងចៀសវាងសាប៊ូដុំមានគុណភាពទាប ព្រោះវាធ្វើឱ្យស្បែកស្ងួត។
- បរិភោគអាហារដែលសម្បូរវីតាមីនចំពោះស្បែកជាប្រចាំ ។
- ធ្វើលំហាត់ប្រាណឱ្យបានជាប្រចាំ។
- បង្កើនការផឹកទឹក និងឱ្យបានត្រឹមត្រូវ ៨ កែវក្នុងមួយថ្ងៃ។
- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលអត្ថបទ ដោយក្រុមការងារ សុខក្រម-Sokhakrom
- សូមតម្លើងកម្មវិធីសុខក្រម នៅលើទូរស័ព្ទដៃរបស់លោកអ្នក ដោយវាយពាក្យថា Sokhakrom នៅក្នុង Play Store និង App Store ដើម្បីអានអត្ថបទនិងទស្សនាវីដេអូ ស្ដីគន្លឹះសុខភាពដោយសេរី ដែលបកស្រាយដោយវេជ្ជបណ្ឌិតល្បីៗក្នុងប្រទេសកម្ពុជា
- សូមគោរពជូន វេជ្ជបណ្ឌិត ដែលមានបំណងចង់ចែករំលែក គន្លឹះថែទាំសុខភាព ទៅកាន់ប្រជាជនកម្ពុជា សូមទំនាក់ទំនងមកកាន់ក្រុមការងារ សុខក្រម យើងខ្ញុំ