(+855) 11 909 020 / 69 909 011

វីតាមីនបេ ៩

សុខភាពៈ វីតាមីនបេ៩ (អាស៊ីដហ្វូឡិក ឬហ្វូឡាត ) ឬវីតាមីនស្ដ្រី មានតួនាទីពិសេស ផលិតគ្រាប់ឈាមក្រហម និងកោសិកា បង្ការជម្ងឺស្លេកស្លាំង  ជួយសុខភាពទារក ជួយបង្កើនទឹកដោះ។ ខាងក្រោមនេះ គឺជាការបញ្ជាក់ជូនពីការចូលរួមរបស់វីតាមីនបេ៩ ចំពោះសុខភាព ។ 

 

-ផលិតគ្រាប់ឈាមក្រហម និងកោសិកា ៖ វីតាមីនបេ៩ គ្របដណ្ដប់ចង្កោមសារធាតុហ្វូឡាត ដែលជាសារធាតុខ្សែស្រឡាយរបស់អាស៊ីដហ្វូឡិក ដើរតួនាទីសំខាន់នៅក្នុងដំណើរការផលិតគ្រាប់ឈាមក្រហម ជួយសុខភាពកោសិកា អាដេអ៊ិន(ឬឌីអ៊ិន អេ) និងអាស៊ីដអាមីនេ ព្រមទាំងអាចជួយសរីរាង្គកាយយើង ឱ្យផលិតសារធាតុប្រភេទណឺរ៉ូត្រង់ស្មេតទ័រ។

-បង្ការជម្ងឺស្លេកស្លាំង ៖ វីតាមីនបេ៩ ជួយបង្ការជម្ងឺស្លេកស្លាំង ឬ ខ្វះគ្រាប់ឈាមក្រហម ជាពិសេសកើតលើស្ដ្រីមានផ្ទៃពោះ និងអ្នកទទួលទានសុរា។

-ជួយសុខភាពទារក ៖ វីតាមីនបេ៩ ដើរតួនាទីសំខាន់ផងដែរ ក្នុងការទប់ទល់ទៅនឹងការបង្ករោគពីកំណើត ទៅលើប្រព័ន្ធប្រសាទរបស់ទារកក្នុងផ្ទៃ ។ ហេតុនេះ ទើបគ្រូពេទ្យបានផ្ដល់ឱសថឬ គ្រាប់ថ្នាំវីតាមីនបេ៩នេះ ឱ្យស្ដ្រីដែលចង់បានកូន ក្នុងរយៈពេលបីខែមុនពេលចាប់មានគភ៌ និងរយៈពេលប៉ុន្មានសប្ដាហ៍ដំបូងនៃការតាំងគភ៌។

-ជួយបង្កើនទឹកដោះ ៖ វីតាមីនបេ៩ អាចមានតួនាទីមួយទៀតសំខាន់ផងដែរ គឺជួយបង្កើនទឹកដោះសម្រាប់ស្ដ្រីដែលបំបៅដោះកូន។

 

នៅក្នុងមួយថ្ងៃ លោកអ្នកត្រូវតែទទួលទានជាប្រចាំនូវវីតាមីនបេ ៩ ក្នុងបរិមាណចំនួន០,៣ មីលីក្រាម។ ប៉ុន្ដែសម្រាប់ស្រ្តីពរពោះ និងសម្រាប់ស្ដ្រីបំបៅដោះកូន អាចកើនឡើងដល់ទៅ០,៤មីលីក្រាមក្នុងមួយថ្ងៃ ។ ដោយឡែក ក្នុងករណីចាំបាច់ លោកអ្នកអាចប្រើប្រាស់ថ្នាំវីតាមីនបេ៩នេះដល់ទៅ៥មីលីក្រាម ជាពិសេសក្នុងករណីមានស្ដ្រេស្ស ឬតានតឹងអារម្មណ៍ខ្លាំង ។ ក៏ប៉ុន្ដែលោកអ្នកមិនត្រូវប្រើប្រាស់ច្រើនជាងនេះឡើយ ព្រោះអាចនាំឱ្យមានវិបត្ដិប្រព័ន្ធប្រសាទ។

 

កង្វះវីតាមីនបេ៩នាំឱ្យប៉ះពាល់ដល់សុខភាព រួមមាន ស្លេកស្លាំង (ខ្វះគ្រាប់ឈាមក្រហម) ស្រកទម្ងន់ រលាកប្រព័ន្ធប្រសាទ វិបត្ដិប្រព័ន្ធប្រសាទ វិបត្ដិផ្លូវរំលាយអាហារ និងវិបត្ដិផ្លូវចិត្ដ (ស្ដ្រេស្ស តានតឹងចិត្ដ ប្រកាច់ ឆ្កួតជ្រូក) ជាដើម។

 

ចំណីអាហារដែលសម្បូរជាតិវីតាមីនបេ៩ រួមមាន ទឹកដោះគោ បន្លែ និងធញ្ញជាតិ ដូចជាស្ពៃ សណ្ដែកបារាំង ការ៉ុត គ្រាប់សណ្ដែក ស្រូវ ស៊ុតសត្វជាដើម ។ 

 

ក្រុមមនុស្សដែលត្រូវការជំនួយពីវីតាមីនបេ៩គឺ ស្ដ្រីមានផ្ទៃពោះ, ករណីទទួលការព្យាបាលយូរ (លេបថ្នាំពន្យារកំណើត ថ្នាំអង់ទីប៊ីយូទិក ថ្នាំប្រឆាំងជម្ងឺមហារីក),    អ្នកទទួលទានសុរា ឬ អ្នកញៀនស្រា, អ្នកដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយ,    អ្នកមានស្បែកពពាលដែលមានឬសដោយកន្លែងជារបៀបឃ្លង់ល្ពៅ, អ្នកដែលពិបាកចិត្ដខ្លាំង ស្ដ្រេស្ស តានតឹងអារម្មណ៍ ឬបាក់ទឹកចិត្ដ និងអ្នកដែលចង់ទប់ស្កាត់ដំបៅត្រៀមកើតមហារីកសួត ដោយសារថ្នាំជក់ ដំបៅមាត់ស្បូន និងស្ដ្រីដែលប្រើថ្នាំពន្យារកំណើត ឬពន្យារការមានរដូវ ៕

 

-កែសម្រួលៈ សុខក្រម-Sokhakrom

-ដកស្រង់ពីៈ សុខភាព និង សម្រស់