សុខភាព៖ សម្រាប់លោកអ្នកដែលមានកង្វល់ ដោយសារតែសក់ខ្លួនខ្លីពេក និងសម្រាប់អ្នកដែលចង់បានសក់វែង ដើម្បីភាពស្រស់ស្អាតរបស់ខ្លួន ឬឱ្យទាន់កម្មវិធីផ្សេងៗ អាចលែងជាបញ្ហាទៀតហើយ ដោយគ្រាន់តែអនុវត្តតាមការណែនាំខាងក្រោមនេះ ជាមួយនឹងវិធីសាស្រ្តទាំង ៤ យ៉ាង។
ខាងក្រោមនេះជាវិធីសាស្រ្តដែលជួយធ្វើឱ្យសក់ដុះលឿនជាងមុន។
១- ប្រេងល្ហុងខ្មែរ ត្រូវបានណែនាំថា មានប្រសិទ្ធិភាពខ្ពស់ ក្នុងការជួយធ្វើឱ្យសក់ដុះលឿន ដោយលោកអ្នកគ្រាន់តែ យកប្រេងល្ហុងខ្មែរ លាយជាមួយប្រេងដូង ប្រេងអូលីវ ឬប្រេងអាល់ម៉ុង (ជ្រើសរើសយកប្រេងមួយណាក៏បានដែរ) រួចយកមកម៉ាស្សានៅលើក្បាល រួចទុកចោលពី ៣០ ទៅ ៤៥ នាទី សឹមកក់សក់នឹងសាប៊ូជាការស្រេច។
២- ប្រទាលកន្ទុកក្រពើ លាយជាមួយក្រូចឆ្មារ ទុកចោល ២០ នាទីសិន សឹមយកមកម៉ាស្សាលើសក់។ អនុវត្តវិធីសាស្រ្តនេះឱ្យបាន ២ ទៅ ៣ ដងក្នុងមួយសប្ដាហ៍ នោះសក់របស់លោកអ្នកនឹងដុះលឿនខុសពីធម្មតា។
៣- ចំពោះទម្លាប់រស់នៅប្រចាំថ្ងៃ ក៏ជាមូលហេតុដែលអាចធ្វើឱ្យសក់ដុះវែងផងដែរ ដូចជា ព្យាយាមរកវិធីសាស្រ្តផ្សេងៗ ដើម្បីធ្វើឱ្យខ្លួនឯងស្រស់ស្រាយ កុំតានតឹងក្នុងអារម្មណ៍ច្រើនពេក។
៤- ការម៉ាស្សា ដោយគ្រាន់តែយកប្រេង (ប្រភេទប្រេងដែលអាចយកមកម៉ាស្សាលើសក់បាន) មកលាបលើសក់ រួចធ្វើការម៉ាស្សាថ្នមៗប្រមាណ ៥ នាទី យ៉ាងយូរ រួចលាងជម្រះជាមួយទឹកត្រជាក់វិញជាការស្រេច។
សូមបញ្ជាក់ៈ មានកត្តាជាច្រើនដែលជាដើមហេតុធ្វើឱ្យយើងមានសក់ខ្លី ដូចជា សក់ជ្រុះ សក់ខូច អាយុ មានផ្ទៃពោះ មានជម្ងឺ កត្តាគ្រួសារ (សាច់ញាតិទទួលមរណភាព) និងកត្តាផ្សេងៗទៀត។
-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom
-ប្រភពៈ ព័ត៌មានក្នុងស្រុក និងបរទេស