(+855) 11 909 020 / 69 909 011

វិធីធម្មជាតិងាយៗ ដើម្បីបំបាត់ភាពរមាស់លើស្បែក ជំនួសឱ្យការអេះ

សុខភាព៖ រមាស់ស្បែក អាចបណ្ដាលមកពីប្រតិកម្មជាមួយសម្លៀកបំពាក់ សត្វល្អិតខាំ ការផ្លាស់ប្ដូរអាកាសធាតុ បរិយាកាសជុំវិញ ជម្ងឺ និងការប៉ះពាល់ដោយផ្ទាល់នូវវត្ថុ ឬរុក្ខជាតិដែលធ្វើឱ្យរមាស់ស្បែក។   

 

រមាស់ស្បែក គឺជាមូលហេតុធ្វើឱ្យយើងអេះកន្លែងដែលរមាស់ ដោយសារតែភាពពិបាកទ្រាំ។ ការអេះស្បែកត្រង់បរិវេណដែលរមាស់មិនមែនជាការល្អនោះទេ ព្រោះថា ការរមាស់គឺជាផ្នែកមួយដែលប្រឆាំងនឹងការរលាក។ 

 

ការណែនាំបានបង្ហាញថា ដើម្បីទប់ស្កាត់ទម្លាប់អេះស្បែកត្រង់បរិវេណដែលរមាស់ លោកអ្នកអាចងាកមកប្រើប្រាស់វិធីសាមញ្ញបែបធម្មជាតិ ៣ យ៉ាងដូចជា៖

 

១- យកក្រូចឆ្មារកាត់ជាពីរកំណាត់ ច្របាច់យកទឹកបន្តិច មកលាបលើស្បែកដែលរមាស់ រងចាំឱ្យស្ងួច នោះលោកអ្នកនឹងមានអារម្មណ៍ថាបានធូរស្រាល។ វិធីនេះ អាចនឹងមានប្រតិកម្មផ្សាបន្តិចបន្តួចរវាងទឹកក្រូចឆ្មា និងស្បែកដែលរមាស់។

 

២- យកប្រេងដូងក្នុងបរិមាណតិចតួច ជូតត្រង់ស្បែកដែលរមាស់។ ក្នុងករណីដែលលោកអ្នករមាស់ពេញដងខ្លួន ជាពិសេសក្នុងអំឡុងពេលរដូវរងារ សូមត្រាំក្នុង​អាងទឹក​ក្តៅ​ឧ​ណ្ឌៗ​បន្ទាប់​មក​គ្រាន់តែ​ជូត​ខ្លួន​អោយ​ស្ងួត ហើយ​លាបប្រេង​ពេញ​ទាំង​ខ្លួន​។   

 

៣- យកស្លឹកបន្ទាលកន្ទុយក្រពើពីរដើម មកកាត់យកតែជាតិអន្ធិលៗរបស់វា លាបលើស្បែកដែលរមាស់ ទុកចោលពីរទៅបីនាទី នោះភាពរមាស់និងកាត់បន្ថយបានយ៉ាងលឿន ព្រមទាំងជួយការពារពីការរលាកត្រង់បរិវេណស្បែកដែលរមាស់ថែមទៀតផង។ 

 

លោកអ្នកអាចជ្រើសរើសវិធីណាមួយ ក្នុងចំណោមវិធីទាំង ៣ យ៉ាងខាងលើនេះ ដោយគិតថាងាយស្រួលសម្រាប់លោកអ្នក។ 

 

សូមបញ្ជាក់ថាៈ ក្នុងករណីដែលលោកអ្នកអនុវត្តវិធីណាមួយហើយ ភាពរមាស់នៅតែមិនព្រមបាត់ហើយកាន់តែធ្ងន់ធ្ងរទៅៗ សូមប្រញាប់មកពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់៕  

 

-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom 

-ប្រភពៈ ព័ត៌មានក្នុងស្រុក