(+855) 11 909 020 / 69 909 011

ហេតុផល ៥ យ៉ាង ដែលជួយកាត់បន្ថយ និងបង្ការបញ្ហាចុកដើមទ្រូង

សុខភាព៖ ចុកដើមទ្រូង គឺបណ្ដាលមកពីឈាម និងអុកស៊ីហ្សែនរត់ទៅកាន់បេះដូងមិនបានគ្រប់គ្រាន់។ ចុកដើមទ្រូងធម្មតាមិនមែនជាជម្ងឺទេ វាគ្រាន់តែជាសញ្ញាប្រាប់ថាយើង កំពុងតែមានបញ្ហាអ្វីមួយចំពោះសរសៃឈាមបេះដូង។  តែចំពោះការចុកដើមទ្រូងធ្ងន់ធ្ងរវិញ វាអាចជាមូលហេតុធ្វើឱ្យគាំបេះដូង។

 

អាការចុកដើមទ្រូង វាមិនមែនជារឿងល្អប៉ុន្មានទេ ដូច្នេះ យើងគួរតែរកវីធីសាស្រ្តកាត់បន្ថយ និងការពារកុំឱ្យបញ្ហានេះកើតឡើង។  

 

ខាងក្រោមនេះជាហេតុផល ៥ យ៉ាង ដែលជួយកាត់បន្ថយ និងបង្ការចុកដើមទ្រូង។ 

 

១-រក្សាទម្ងន់ឱ្យបានល្អ កុំបណ្ដោយឱ្យលើសទម្ងន់ខ្លាំងពេក ព្រោះវាជាហេតុធ្វើឱ្យជាតិកូលេស្តេរ៉ូលឡើងខ្ពស់ បណ្ដាលឱ្យខ្លាញ់រំកកលើឈាមច្រើន រារាំងលំហូរឈាមរត់ទៅកាន់បេះដូងមិនស្រួល និងមិនគ្រប់គ្រាន់។ វិធីល្អបំផុត គួរគ្រប់គ្រងជាតិកូលេស្តេរ៉ូលឱ្យមានតុល្យភាពក្នុងរបបអាហារ ក្នុងកម្រិតក្រោម ២០០ តែកុំឱ្យក្រោម ១០០។ លោកអ្នកគួរតែជ្រើសរើសអាហារមានជាតិខ្លាញ់ទាប ជាពិសេសគឺសម្រាប់លោកអ្នក ដែលលើសជាតិកូលេស្តេរ៉ូលតែម្ដង។   

 

២-អ័រម៉ូន cortisol និង norepinephrine កើន​ឡើង​នៅ​ពេលយប់ និង​ឡើង​ខ្ពស់​បំផុត​នៅ​ពេល​ព្រឹក​ ដូច្នេះ សម្រាប់អ្នកហាត់ប្រាណពេលព្រឹក អាចនិងប្រឈាមអាការចុកដើមទ្រូងខ្ពស់ យល់ល្អគួរតែជ្រើសរើសយកការហាត់ប្រាណនាពេលល្ងាចវិញ។  

 

៣-ទទួលទានវីតាមីន E ឱ្យបាន ៤០០ IU និងវីតាមីន C ៥០០ មី​លី​ក្រាមក្នុង​មួយថ្ងៃ​។ ព្រោះវីតាមីនទាំងពីរនេះ ជាសារធាតុជួយ​ប្រឆាំង​អុកស៊ីតកម្ម ​ដែល​ជួយ​បង្ការ​កូលេ​ស្តេ​រ៉ូ​លមិន​ឱ្យ​ស្អិ​តជាប់​លើ​សរសៃឈាម ដើម្បីបញ្ចៀសមូលហេតុ ដែលធ្វើឱ្យឈាមរត់ទៅកាន់បេះដូងមិនបានល្អ។ តែសូមកុំទទួលទាន​វីតាមីន C ឬ E លើសកម្រិត ព្រោះវាបង្កើន​សម្ពាធ​អុកស៊ីត​កម្ម និងគ្រោះថ្នាក់ចំពោះសុខភាព។

 

៤-ប្រើថ្នាំអាស្ពីរីនជារៀងរាល់ថ្ងៃ ព្រោះវាជួយទប់ស្កាត់បញ្ហាជម្ងឺគាំងបេះដូង រហូតដល់ទៅ ២៨ ភាគរយ។ ចំពោះការប្រើប្រាស់ថ្នាំប្រភេទនេះ លោកអ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យជាមុន ដើម្បីឱ្យប្រាកដថា សុខភាពរបស់លោកអ្នកអាចទទួលជាតិអាស្ពីរីនប៉ុន្មានមីលីក្រាមក្នុងមួយថ្ងៃ។  

 

៥-គួរតែទទួលទានតិចៗ ដោយបរិភោគច្រើនដងក្នុងមួយថ្ងៃ ជំនួយឱ្យការបរិភោគច្រើន (ឆ្អែតហល់) ក្នុងពេលតែមួយ ព្រោះពេលយើងញ៉ាំច្រើនក្នុងពេលតែមួយ ឈាមវាបង្វែរទិសដៅទៅកាន់វៀនក្នុងពេលរំលាយអាហារ ជាហេតុធ្វើឱ្យឈាមរត់ទៅកាន់បេះដូងត្រូវបានកាត់បន្ថយទៅតាមនោះដែរ៕  

 

-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom 

-ប្រភពៈ ព័ត៌មានក្នុងស្រុក