ពស់ខាំ ឬចឹក អាចមានពិស និងគ្មានពិស ហើយពិសរបស់ពស់ខ្លាំង ឬខ្សោយ វាអាស្រ័យលើប្រភេទនៃសត្វពស់ដែលខាំនោះ ហើយក៏ជាប់ទាក់ទងនឹងសុខភាពរបស់អ្នកដែលត្រូវពស់ខាំផងដែរ។
រោគសញ្ញាពស់ចឹកមានទៅតាមប្រភេទនៃពិសរបស់ពស់ និងរោគសញ្ញាអាចមានការប្រែប្រួលអាស្រ័យលើសុខភាពរបស់ជនរងគ្រោះ តែយ៉ាងណារោគសញ្ញារួមត្រូវបានឱ្យថា មានអាការហើម ស្ពឹក ឈឺចុកចាប់ ងងុយដេក មានស្នាមតូចចំនួនពីររាងមូលពណ៌ក្រហមនៅមិនឆ្ងាយពីគ្នា ដែលសន្មត់ថាជាស្នាមធ្មេញរបស់ពស់ពេលខាំ ឬចឹក។
ជាការពិតណាស់គ្មាននរណាម្នាក់ចង់ឱ្យពស់ខាំ ឬចឹកនោះទេ តែក៏គ្មាននរណាម្នាក់អាចដឹងមុនដែរពីគ្រោះថ្នាក់នេះ ដូច្នេះ អ្វីដែលសំខាន់យើងត្រូវចេះវិធីសង្រ្គោះបឋមពេលពស់ចឹក មុនបញ្ជូនអ្នកជម្ងឺមកកាន់មន្ទីរពេទ្យដែលនៅក្បែរបំផុត។
ខាងក្រោមនេះជាការបង្ហាញជូនពីវិធីសង្រ្គោះបឋមក្នុងករណីពស់ចឹក៖
- ប្រើឈើអបរួចរុំថ្នមៗ ល្មមៗ កុំរឹតតឹងពេក គ្រាន់តែរុញអបកុំឲ្យគាត់កម្រើកត្រង់បរិវេណត្រូវពស់ចឹកខ្លាំង ឯការអបនោះជារបៀបដូចអបជើង ឬដៃបាក់ឆ្អឹងដូច្នោះដែរ
- ជៀសវាងកុំឲ្យរងគ្រោះធ្វើចលនាច្រើន ដើម្បីកុំឲ្យពិសនោះរត់ឡើងលឿនទៅតាមក្រពេញទឹករងៃ
- ពស់ចឹកត្រង់ណា ត្រូវដាក់ត្រង់នោះឱ្យទាបជាងបេះដូង
- សម្លៀកបំពាក់ ឬគ្រឿងអលង្ការ ឬឧបករណ៍ដែលនៅត្រង់បរិវេណត្រូវពស់ចឹក ត្រូវតែដកចេញ
- លាងរបួសដោយទឹកស្អាត
- បើជនរងគ្រោះគ្មានជីបចរ ឈប់ដកដង្ហើម ចាប់ផ្តើមធ្វើចលនាបេះដូង
- ប្រញាប់បញ្ជូនជនរងគ្រោះទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យនៅក្បែរឲ្យបានឆាប់រហ័ស
ទាក់ទងនឹងការជួយសង្រ្គោះបឋមនេះផងដែរ ទម្លាប់មួយចំនួនត្រូវបានក្រុមគ្រូពេទ្យវិទ្យាសាស្រ្តណែនាំមិនឱ្យធ្វើក្នុងគោលបំណងចង់ជួយជនរងគ្រោះមានដូចជា៖
- យកទឹកកកស្អំ ប្រើប្រាស់ថ្នាំជក់បិតលើមុខរបួស
- បឺតឈាមពស់ចេញ ក្នុងបំណងបឺតពិសចេញ ជាទម្លាប់ខុសឆ្គង ព្រោះការវះបឺតឈាមភ្លាមៗ វាធ្វើឲ្យពិសពស់អាចចូលទៅក្នុងមាត់អ្នកបឺតឈាម និងអាចធ្វើឲ្យហូរឈាមនៅត្រង់កន្លែងចឹក
- លាងរបួសដោយជាតិអាកុល វាធ្វើឱ្យសរសៃឈាមរីកធំ ងាយស្រួលក្នុងការជ្រាបពិសទៅកាន់សរីរាងផ្សេងៗ
- យកក្រណាត់ស្អាត បិតបញ្ឈប់លំហូរឈាម និងចងរឹតក្បែរមុខរបួស ដើម្បីទប់ស្កាត់ពិសពស់រីករាលដាល
- ចំពោះករណីជើងត្រូវពិសដោយសារពស់ខាំ ត្រូវបានហាមមិនឱ្យយកខ្សែក្រវាត់ ឬកន្សែងមករឹតភ្លៅ ឬកំភួនជើង ព្រោះកាលណារុំរឹតលើសពី៣០នាទី ធ្វើឲ្យអុកស៊ីហ្សែន មិនអាចមកចិញ្ចឹមកោសិកាផ្នែកខាងក្រោមការចងនោះធ្វើឲ្យខូច អាចគ្រោះថ្នាក់ដល់កាត់ជើង។
តែទោះជាយ៉ាងណា ទោះបីជាមានការណែនាំពីទម្លាប់ខុសឆ្គង ដែលជាការលើកឡើងរបស់គ្រូពេទ្យវិទ្យសាស្រ្តក្ដី ការព្យាបាលពស់ចឹកមានពិស នៅតែប្រជាជនតាមតំបន់ និងជាពិសេសចាស់ទុំក្នុងភូមិស្រុក យកទម្លាប់មកអនុវត្ត និងព្យាបាលដោយប្រើថ្នាំបុរាណឫសឈើ ដើមឈើ និងវល្លិនៅក្នុងព្រៃ ដោយបិតផង និងត្រាំទឹកផង និងការព្យាបាលដោយប្រើមន្តអាគមផ្សំផង។
សូមបញ្ជាក់ថា អត្ថបទសង្រ្គោះបឋមនេះ គឺជារបៀបជួយសង្រ្គោះតាមបែបវិទ្យាសាស្រ្ត និងជាបម្រាមដែលអ្នកវិទ្យាសាស្រ្តលើកឡើង ដែលផ្ទុយខ្លះៗពីការជួយសង្រ្គោះបែបទំនៀមទម្លាប់ពីបុរាណ៕
-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom
-ប្រភពៈ ព័ត៌មានក្នុងស្រុក