ថែរក្សាសម្ផស្ស៖ ប៉េងប៉ោះ ត្រូវបានឱ្យដឹងថា ជាឱសថជួយថែរក្សាសម្ផស្សឱ្យស្រស់ស្អាត បន្ថយស្នាមខ្មៅនៅលើស្បែកមុខ ព្យាបាលមុន ធ្វើឱ្យមុខទន់រលោង បំបាត់ស្នាមជាំដោយសារកម្តៅព្រះអាទិត្យ បន្ថយស្នាមជ្រីវជ្រួញ និងបង្កើនសម្រស់ឱ្យមើលទៅក្មេងជាវ័យ។
ខាងក្រោមនេះជាវិធី ៥ យ៉ាង ធ្វើម៉ាស់បិតមុខដោយប្រើផ្លែប៉េងប៉ោះ៖
១- កោសយកតែសាច់ផ្លែប៉េងប៉ោះទុំ មកលាយជាមួយទឹកឃ្មុំ នូវបរិមាណស្មើគ្នា រួចយកមកលាបលើផ្ទៃមុខដោយទុកចោលរយៈពេល ១៥ ទៅ ២០នាទី ទើបលាងសម្អាតមុខចេញជាការស្រេច។
២- ច្របាច់យកទឹកប៉េងប៉ោះទុំស្រស់ក្នុងបរិមាណសមល្មម លាយឱ្យសព្វជាមួយម្សៅអូតចំនួន ១ ស្លាបព្រាកាហ្វេ រួចយកមកលាបលើផ្ទៃមុខដោយម៉ាស្សារាងជារង្វង់ថ្នមៗ ហើយទុកចោលរយៈពេល ១៥ នាទី រួចលាងសម្អាតចេញជាមួយទឹកត្រជាក់ជាការស្រេច។ (វិធីនេះហៅថា ស្រ្កាប់ប៉េងប៉ោះ (Tomato scrub)
៣- យកទឹកប៉េងប៉ោះស្រស់លាយឱ្យសព្វជាមួយស្ករស ១ ស្លាបព្រាកាហ្វេ រួចយកមកលាបលើផ្ទៃមុខដោយធ្វើការម៉ាស្សាថ្នមៗប្រហែល ២ ទៅ ៣នាទី ហើយទុកចោល ២០ នាទី ទើបលាងសម្អាតចេញជាមួយទឹកធម្មតាជាការស្រេច។
៤- យកម្សៅរមៀត និងទឹកប៉េងប៉ោះស្រស់ចំនួន ១ ស្លាបព្រាកាហ្វេស្មើគ្នា លាយចូលគ្នាឱ្យសព្វ រួចយកមកលាបនៅលើផ្ទៃមុខ ទុករយៈពេល ១០នាទីរហូតដល់វាស្ងួត ទើបលាងសម្អាតចេញ។
៥- កិនសាច់ប៉េងប៉ោះទុំស្រស់ឱ្យម៉ដ្ឋ លាយឱ្យសព្វជាមួយទឹកក្រូចឆ្មារមួយផ្លែ ហើយយកល្បាយដែលលាយហើយនោះ មកលាបលើផ្ទៃមុខដោយធ្វើការម៉ាស្សាថ្នមៗ ទុកចោល ១ ម៉ោង ទើបលាងសម្អាតចេញជាមួយទឹកធម្មតា។ (អនុវត្តពេលយប់)
ចំណាំ៖ អត្ថប្រយោជន៍នៃវិធីសាស្រ្តនីមួយៗ ដែលស្បែករបស់អ្នកទទួលបាន គឺអាស្រ័យលើគ្រឿងផ្សំទាំងនោះផងដែរ។ លោកអ្នកអាចជ្រើសរើសវិធីណាមួយ ក្នុងចំណោមទាំង ៥ យ៉ាងហ្នឹង ដែលយល់ថាងាយស្រួលសម្រាប់លោកអ្នក៕
– កែសម្រួល និងស្រាវជ្រាវដោយ៖ សុខក្រម–Sokhakrom
– ដកស្រង់ពី៖ ព័ត៌មានក្នុងស្រុក និងបរទេស