សុខភាព៖ ការទទួលទានអាហារ និងសកម្មភាពប្រចាំថ្ងៃ និងហ្សែនពីកំណើត គឺជាប់ទាក់ទងនឹងការលូតកំពស់ ឬមិនសូវលូតកំពស់របស់លោកអ្នក។
ជាធម្មតា បុរស លូតកំពស់រហូតដល់វ័យ ២៤-២៥ឆ្នាំ ចំណែកឯ ស្រ្តីឈប់លូតកំពស់ត្រឹមអាយុ ២២ ទៅ២៣ឆ្នាំ។
ជាការពិតណាស់ មនុស្សគ្រប់សុទ្ធតែចង់លូតកំពស់បានខ្ពស់ស្រឡះ គ្មាននរណាម្នាក់ចង់មានកំពស់ទាបឡើយ។
ដូច្នេះ ដើម្បីការពារកុំឱ្យមានការរាំរាំងដល់ការលូតកំពស់ លោកអ្នកគួរតែយល់ដឹង និងគួរចៀសវាងកត្តាទាំង ៥ យ៉ាងខាងក្រោមនេះ៖
១- ការទទួលទានចំណីអាហារដែលគ្មានជីវជាតិវីតាមីណ A, B, C, និង D គ្រប់គ្រាន់ ជាពិសេសកង្វះជាតិកាល់ស្យូម គឺជាកត្តាសំខាន់មួយដែលធ្វើឱ្យសុខភាពឆ្អឹងមិនរឹងមាំ និងលូតលាស់មិនបានល្អ។ ត្រូវដឹងថា របបអាហារមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងឆ្អឹង ហើយជាពិសេសជាតិកាលស្យូម គឺជាសារជាតិរ៉ែម្យ៉ាងដែលឆ្អឹងត្រូវការបំផុត វាមិនត្រឹមតែធ្វើឱ្យឆ្អឹងរឹងមាំនោះទេ ថែមទាំងជម្រុញឱ្យការលូតកំពស់របស់អ្នកបានល្អផងដែរ។
២- ការគេងឱ្យបានគ្រប់គ្រាន់ មិនត្រឹមតែផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពនោះទេ ថែមទាំងជម្រុញដល់ការផលិតអរម៉ូនដែលល្អសម្រាប់ឆ្អឹងផងដែរ។ ដូច្នេះ បើអ្នកគេងឱ្យបានគ្រប់គ្រាន់ក្នុងវ័យជំទង់ ឆ្អឹងរបស់អ្នកក៏លូតលាស់បានល្អ។
៣- ក្នុងវ័យកំពុងលូតលាស់ ការធ្វើលំហាត់ប្រាណ គឺជារឿងចាំបាច់ណាស់ដើម្បីការលូតលាស់នៃសរីរាង្គ និងដើម្បីសុខភាពផ្ទាល់។ ដូច្នេះ កង្វះលំហាត់ប្រាណ មិនត្រឹមតែធ្វើឱ្យសុខភាពទន់ខ្សោយ ឬងាយឈឺថ្កាត់នោះទេ ថែមទាំងធ្វើឱ្យឆ្អឹងមិនរឹងមាំ និងលូតលាស់មិនបានល្អ ដែលធ្វើឱ្យប៉ះពាល់ដល់ការលូតកំពស់របស់អ្នក។
៤- ជក់បារីក្នុងអំឡុងវ័យឆ្អឹងកំពុងតែលូតលាស់ វានឹងធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់របស់ឆ្អឹង និងធ្វើឱ្យឆ្អឹងផុយ ងាយប្រេះ និងបាក់។ ចំពោះអ្នកដែលហិតផ្សែងបារីវិញក៏ដូចគ្នាដែរ ទោះបីជាមិនបានជក់បារីក៏ដោយ។
៥- ក្នុងអំឡុងពេកឆ្អឹងកំពង់តែលូតលាស់ ប្រសិនបើយើងប្រើប្រាស់ស្មាស្ពាយ ឬលើករបស់ធ្ងន់ៗញឹកញាប់ពេក ឬជាប្រចាំថ្ងៃ នោះវានឹងធ្វើឱ្យឆ្អឹងលូតលាស់មានល្បឿនយឺត ដូច្នេះនៅពេលដែលអ្នកឈានចូលដល់វ័យឆ្អឹងលែងលូតលាស់ អ្នកនឹងមានកំពស់ទាប ឬមិនសូវខ្ពស់។
– ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម – Sokhakrom
– ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស