(+855) 11 909 020 / 69 909 011

រឿង ៥ យ៉ាងដែលអ្នកគួរតែដឹងពី ថ្គាមទាល់

សុខភាព៖ ថ្គាមទាល់ គឺជាធ្មេញថ្គាមទីបី ដែលដុះលូតលាស់ក្រោយធ្មេញដទៃទៀត និងមានទីតាំងនៅក្រោយគេបង្អស់នៃធ្មេញ។ យើងដុះថ្គាមទាល់ នៅពេលដែលយើងឈានចូលដល់វ័យជំទង់ ឬខ្ទង់អាយុ ១៨ ទៅ ២០ ឡើងទៅ។ 

បន្ទាប់ពីអ្នកបានស្វែងយល់ពីធ្មេញថ្គាមទាល់ដូចបានជម្រាបជូនខាងលើ អ្នកគួរតែដឹងពីរឿងទាំង ៥ យ៉ាងទៀត ដែលទាក់ទងនឹងវា ដូចបានរៀបរាប់ខាងក្រោមនេះ៖ 

១. លក្ខណៈនៃធ្មេញថ្គាមទាល់គឺខុសៗគ្នា ដុះមកជួនកាលផ្តេក ទ្រេតទៅរកថ្គាមទីពីរ ដុះកោងចូល ឬចេញក្រៅ អាស្រ័យលើកំណោងឆ្អឹង និងទំហំឆ្អឹងដែលនៅសល់សេល់។ ការដុះមិនប្រក្រតីនេះហើយដែលធ្វើឱ្យខូចខាត និងប៉ះពាល់ដល់ធ្មេញដទៃ និងសុខភាពមាត់ធ្មេញទាំងមូល ដែលតម្រូវឱ្យដកវាចេញជាចាំបាច់។

២. ជាធម្មតា ថ្គាមទាល់ ដុះចេញមកមិនពេញលេញ និងបានបង្កជាបញ្ហាជាច្រើនដល់សុខភាពមាត់ធ្មេញ ដូច្នេះ អ្នកចាំបាច់ត្រូវតែដកវាចេញ។ ជាមួយគ្នានេះដែរ អ្នកគួរតែដកថ្គាមទាល់​ឱ្យបានមុនវ័យ ២៥ ឆ្នាំ​ ទើបងាយស្រួលដក និងព្យាបាលឆាប់ជាសះស្បើយ។ 

៣. មានករណីតិចតួចណាស់ ដែលមានអ្នកខ្លះដុះថ្គាមទាល់មកពេញលេញ និងមានសុខភាពល្អដូចធ្មេញធម្មត ហើយករណីកម្រនេះ គឺមិនចាំបាច់ដកថ្គាមទាល់នោះទេ។  

៤. ការដកធ្មេញធម្មតា និងថ្គាមទាល់ គឺមិនសូវពិបាកទេ និងឆាប់ជាសះស្បើយប្រសិនបើអ្នកជំងឺមានវ័យក្មេង ឬជំទង់ តែបើអ្នកជំងឺមានវ័យចំណាយ នោះការដកធ្មេញក៏មានការលំបាកព្រោះឆ្អឹងក្រាស់ និងប្រើប្រាស់ពេលវេលាយូរក្នុងការព្យាបាល។

៥. ផលវិបាកនៃធ្មេញថ្គាមទាល់ គឺធ្វើឱ្យមានការឈឺចាប់ ប៉ះពាល់ដល់ធ្មេញដទៃ ងាយឆ្លងជំងឺមាត់ធ្មេញ ឆាប់ឆ្លងជំងឺចូលសារពាង្គការតាមរយៈមាត់ធ្មេញពីម្នាក់ទៅម្នាក់ និងប៉ះពាល់ដល់សុខភាពមាត់ធ្មេញទាំងមូល។

ចំណាំ៖ បើអ្នកដុះថ្គាមទាល់ អ្នកគួរតែមកពិគ្រោះជាមួយទន្តពេទ្យធ្មេញ ដើម្បីពិនិត្យសុខភាពមាត់ធ្មេញ និងជាពិសេសថ្គាមទាល់របស់អ្នកតែម្ដង ថាតើវាគួរតែដក ឬមិនគួរដក។

 

ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម - Sokhakrom