(+855) 11 909 020 / 69 909 011

ស្វែងយល់ពីមូលហេតុដែលធ្វើឱ្យភ្នែកស្អិតក្រោយក្រោកពីគេង

សុខភាព៖ ជាធម្មតានៅពេលយើងចូលគេងយប់ ប្រព័ន្ធរាងកាយមានយន្តការមួយគឺ បញ្ចេញនូវទឹករំអិលពណ៌លឿងខ្ចីស្អិត (ភាសាសាមញ្ញហៅថា អាចម៍ភ្នែក) ដើម្បីជួយសម្អាតភ្នែក និងការពារភ្នែកពីការឆ្លងបាក់តេរីដែលជៀតចូលមកក្នុងកែវភ្នែក។ យន្តការនេះមិនបានបង្កគ្រោះថ្នាក់ដល់ភ្នែកនោះទេ ក៏ប៉ុន្តែ​ប្រសិនបើយើងភ្ញាក់ពីគេងភ្នែកមានសភាពស្អិត ទើបជាបញ្ហាដែលត្រូវដោះស្រាយ។  

មានកត្តាជាច្រើនដែលធ្វើភ្នែកស្អិតនៅពេលភ្ញាក់ពីគេងដូចជា៖ 

១. ស្បែកមានជាតិប្រេងច្រើន៖ ជាតិប្រេងនៃស្បែកបានហូរចូលទៅកាន់ភ្នែកបណ្ដាលឱ្យស្អិតភ្នែក ជាពិសេសស្អិតខ្លាំងនៅពេលព្រឹក។ 

២. បាក់តេរី៖ ប្រព័ន្ធភាពស៊ាំនៃរាងកាយបានបញ្ចេញដុំខ្ទុះពណ៌លឿងខ្ចីស្អិតតាមរយៈភ្នែក ដើម្បីលាងសម្អាតភ្នែក និងការពារបាក់តេរីដែលហូរចូលមកភ្នែក។ ហេតុនេះ​នៅពេលដែលបាក់តេរីព្យាយាមហូរចូលមកភ្នែក វានឹងស្អិតជាប់នឹងដុំខ្ទុះពណ៌លឿងនោះ ទើបធ្វើឱ្យស្អិតភ្នែកនៅពេលភ្ញាក់ពីគេង។

៣. ជំងឺរលាកភ្នាស៖ ក្នុងសភាពដែលភ្នែកស្អិតបន្ទាប់ពីក្រោកពីគេង វាក៏អាចជាសញ្ញានៃជំងឺរលាកភ្នាសតិចតួចដែលគ្របលើផ្នែកសនៃគ្រាប់ភ្នែក ឬហៅថា Conjonctivite ដែលបណ្ដាលមកពីការចម្លងមេរោគពីពពួកវីរុស និងបញ្ហាអាល្លែកហ្ស៊ីជាដើម។  

ទាក់ទងនឹងបញ្ហាក្រោកពីគេងស្អិតភ្នែកនេះផងដែរ វាមិនមែនជាបញ្ហាធ្ងន់ធ្ងរនោះទេ តែរឿងដែលអ្នកត្រូវប្រុងប្រយ័ត្ននោះគឺ ក្រោកពីគេងស្អិតភ្នែកអាចបណ្ដាលមកពី ជំងឺទឹកដក់ក្នុងភ្នែក (Glaucomes) ឬជំងឺរលាកប្រស្រីភ្នែក (Irido-cyclites)។

ដូច្នេះ ប្រសិនបើអ្នកមានបញ្ហាភ្នែកស្អិត អ្នកគួរតែរកវេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺភ្នែកពិគ្រោះយោបល់ ដើម្បីធ្វើការព្យាបាលឱ្យបានទាន់ពេលវេលា និងទប់ស្កាត់បញ្ហាភ្នែកធ្ងន់ធ្ងរ៕ 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖  សុខក្រម-Sokhakro