១. តើដូចម្ដេចដែលហៅថាជំងឺលើសឈាម?
ជំងឺលើសឈាម គឺជាជំងឺម្យ៉ាងដែលសំដៅលើការកើនឡើងខ្ពស់នៃសម្ពាធរបស់ឈាមនៅតាមសរសៃឈាមក្រហម ដែលវាអាចផ្តល់ផលប៉ះពាល់ទៅលើជញ្ជាំងសសៃឈាមនៃសរីរាង្គផ្សេងៗ ជាពិសេសសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល។ ជំងឺលើសឈាម ត្រូវបានឱ្យរហ័សនាមថា ជាឃាតករលាក់មុខដែលអាចសម្លាប់មនុស្សបានដោយមិនដឹងខ្លួន។
ចំណាំ៖ ជាធម្មតាសម្ពាធឈាមរបស់មនុស្សយើង ស្ថិតនៅចន្លោះពី១២០មីលីម៉ែត្របារត (សម្ពាធស៊ីសស្ដូល) ទៅ៨០មីលីម៉ែត្របារត (សម្ពាធឌីយ៉ាស ស្ដូល) ដែលហៅកាត់ថា ១២០លើ៨០ (១២០/៨០)។ ក្នុងករណីដែលសម្ពាធឈាមចាប់ពី ១៤០លើ៩០ (១៤០/៩០ ) បានន័យថា យើងកើតជំងឺលើសឈាម។ សម្ពាធឈាមនៃជំងឺលើសឈាមអាចប្រែប្រួលទៅតាមវ័យ មានន័យថាកាន់តែចាស់ សម្ពាធឈាមធម្មតាកាន់តែខ្ពស់។ ចាប់ពីអាយុ៦០ បា្លយទៅ សម្ពាធឈាមអតិបរមាអាចឡើងដល់ទៅ ១៥០ ឬ១៦០។ ចាប់ពីអាយុ៧០ឆ្នាំឡើងទៅ សម្ពាធឈាមអតិបរមាធម្មតាអាច ឡើងដល់១៧០។
២. តើជំងឺលើសឈាមមានប៉ុន្មានប្រភេទ?
ជំងឺលើសឈាមបែងចែកជា២ប្រភេទគឺ៖
- លើសឈាមប្រភេទទី១ ឬលើសឈាមបឋម(ឬលើសឈាមសារវ័ន្ដ) ៖ ជាប្រភេទជំងឺលើសឈាមដែលរកមូលហេតុបង្កមិនឃើញ និងជាករណីលើសឈាមច្រើនលើសលប់ប្រមាណជា៨៥% នៃករណីលើសឈាមទាំងអស់។
- លើសឈាមប្រភេទទី២ ឬលើសឈាមបន្ទាប់បន្សំ ៖ ជាប្រភេទជំងឺលើសឈាមដែលរកមូលហេតុបង្កឃើញ។
៣. តើអ្វីខ្លះជារោគសញ្ញានៃជំងឺលើសឈាម?
ជាទូទៅជំងឺលើសឈាមពុំមានរោគសញ្ញាអ្វីធំដុំ ឬអាចធ្វើឱ្យយើងកត់សម្គាល់បានពីរោគសញ្ញាជំងឺនេះឡើង ដែលអាចនិយាយបានថា យើងកើតជំងឺលើសឈាមរាប់ឆ្នាំដោយមិនដឹងខ្លួន។ តែទោះជាយ៉ាងណា គេកត់សម្គាល់ឃើញថា អាការការឈឺក្បាលនៅម្ដុំកញ្ចឹងកដែលច្រើនតែកើតនៅពេលព្រឹកព្រលឹមស្រាងៗ សូរគ្រលួច ឬហឹងនៅត្រចៀក អស់កម្លាំងគ្មានហេតុផល ឬវិលមុខ វង្វេងវង្វាន់ គឺជារោគសញ្ញានៃជំងឺលើសឈាម។
៤. តើមូលហេតុអ្វីខ្លះដែលបង្កឱ្យកើតជំងឺលើសឈាម?
ជាទូទៅជំងឺលើសឈាមបណ្ដាលមកពី ការរួមស្ដួចនៃសរសៃឈាម បណ្ដាលឱ្យមានការកើនឡើងនៃការទប់ទល់ទៅនឹងចរន្ដឈាមដែលបាញ់។ រីឯបេះដូង នៅតែបន្ដការបាញ់ចរន្ដឈាមក្នុងល្បឿនដដែលៗក្នុងបរិមាណឈាមដដែល ជាហេតុបង្កឱ្យសម្ពាធឈាមនៅក្នុងសរសៃឈាមកើនឡើងខុសពីធម្មតា។
តែទោះជាយ៉ាងណា ក្នុងវិស័យវេជ្ជសាស្រ្តបានរកឃើញពីមូលហេតុនៃជំងឺលើសឈាមអាស្រ័យលើប្រភេទនៃជំងឺលើសឈាម។
- អ្នកជំងឺលើសឈាមប្រភេទទី១ អាចបណ្ដាលមកពី៖ ថ្វីត្បិតតែគ្រូពេទ្យពុំទាន់រកឃើញពីយន្តការនៃពិតប្រាកដ តែគ្រូពេទ្យបានឱ្យដឹងថាអាចបណ្ដាលមកពី កត្ដាពូជ ដែលបូករួមទាំងអាការស្ដ្រេស្ស (ការតានតឹងផ្លូវចិត្ដ) ធាត់ ឬលើសទម្ងន់ជាដើម។
- អ្នកជំងឺលើសឈាមប្រភេទទី២ អាចបណ្ដាលមកពី៖ កត្តាជំងឺ (ជំងឺតម្រង់នោម ជំងឺក្រពេញបញ្ចេញអ័រម៉ូន) និងការប្រើប្រាស់ឱសថ ( ឱសថ ឬថ្នាំពេទ្យមួយចំនួន ដូចជាថ្នាំប្រឆាំងរលាក ថ្នាំប្រឆាំងកំណក និងការខះស្លាក់, ចំពោះស្រ្តីការប្រើប្រាស់ថ្នាំពន្យាកំណើតលេប និងការមានផ្ទៃពោះ)
៥. តើនរណាគេងាយប្រឈមជំងឺលើសឈាម?
- មានអាយុច្រើន (បុរសលើសពី ៥៥ ឆ្នាំ និងស្ត្រីលើសពី ៦៥ ឆ្នាំ)
- ពុំសូវលំហាត់ប្រាណ
- ជក់បារី
- ជំងឺទឹកនោមផ្អែម
- លើសទម្ងន់ ធាត់ ឬលើសជាតិខ្លាញ់
- ធ្លាប់ប្រើ ឬកំពុងប្រើប្រាស់ថ្នាំ ឬឱសថដែលអាចបង្កឱ្យលើសឈាម
- ប្រវត្តិក្រុមគ្រួសារមានជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមជាដើម។
៦. តើគេធ្វើរោគវិនិច្ឆ័យនៃជំងឺលើសឈាមយ៉ាងដូចម្ដេច?
យើងអាចធ្វើរោគវិនិច្ឆ័យនៃជម្ងឺលើសឈាមបាន ដោយប្រើឧបករណ៍វាស់ឈាមហៅថា តង់ស្យូម៉ែត្រ យកមកវាស់ឈាមនៅដៃ យ៉ាងហោចណាស់ឃើញ៣ដង ក្នុងរវាងបីបួនសបា្ដហ៍ ឬបីបួនខែជាប់ៗគ្នា ដែលរកឃើញថា សម្ពាធឈាមកើនឡើងលើសពីធម្មតា។
បន្ថែមពីលើនេះដែរ គ្រូពេទ្យអាចកត់ត្រាទុករាល់ព័ត៌មានរបស់អ្នកជំងឺ (ប្រវត្តិគ្រួសារអ្នកជំងឺធ្លាប់កើតជំងឺបេះដូង សរសៃឈាម តម្រង់នោម ឬលើសឈាមជាដើម) និងធ្វើការវិភាគទៅលើឈាម និងទឹកនោម រកអត្រាជាតិខ្លាញ់ ឬកូឡេស្តេរ៉ុល ជាតិទ្រីគ្លីសេរីដ និងពិនិត្យ អឺសេហ្សេ (ECG) ដើម្បីឱ្យដឹងពីបេះដូង (ជំងឺបេះដូង និងសង្វាក់បេះដូង)។
៧. តើអ្វីខ្លះជាផលវិបាកនៃជំងឺលើសឈាម?
បើអ្នកកើតជំងឺលើសឈាម ហើយមិនព្រមទទួកយកការព្យាបាលត្រឹមត្រូវ អាចប្រឈមនឹងជំងឺធ្ងន់ធ្ងរមួយចំនួនដូចជា
- ជំងឺខ្សោយបេះដូង
- ជំងឺខ្សោយតម្រង់នោម
-ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល
- ស្លាប់មួយចំហៀងខ្លួនល
- ហូរឈាមក្នុងខួរក្បាល
- ជំងឺក្រឡាភ្លើងចំពោះស្ត្រីមានផ្ទៃពោះ
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom