សុខភាព៖ វីតាមីន គឺជាសារធាតុសរីរាង្គ ដែលមានសារៈប្រយោជន៍ខ្លាំងណាស់ ចំពោះរាងកាយរបស់មនុស្ស។ រាងកាយត្រូវការវីតាមីនជាចាំបាច់ ដោយគ្រប់គ្រាន់ មិនលើស មិនខ្វះ ព្រោះបើវីតាមីនក្នុងរាងកាយ លើស ឬ ខ្វះ នោះបញ្ហាសុខភាពនឹងកើតឡើង ដូចជា ប្រឈមជំងឺច្រើន ងាយឈឺ និងខ្សោយផ្នែកណាមួយនៃរាងកាយជាដើម។
វីតាមីនមានច្រើនប្រភេទណាស់ដូចជា វីតាមីន A, B, C, D និង E ជាដើម ហើយក្នុងវីតាមីនទាំងនោះ វាអាចបំបែកចេញជាវីតាមីនជាច្រើនទៀតដូចជា ក្រៅពីវីតាមីន B គឺមានវីតាមីន B1, B2, B3...ជាដើម។
ជាទូទៅវីតាមីនទាំងអស់មិនអាចផលិតក្នុងរាងកាយមនុស្សដោយខ្លួនឯងបាននោះទេ គឺពួកវាមាននៅក្នុងចំណីអាហារដែលយើងទទួលទានរាល់ថ្ងៃ។ តែចំពោះវីតាមីន D វិញ វាអាចផលិតក្នុងរាងកាយមនុស្សដោយខ្លួនឯងបាន ដោយគ្រាន់តែហាលខ្លួនឱ្យត្រូវកំដៅថ្ងៃតែប៉ុណ្ណោះ ឬអាចនិយាយបានថា វីតាមីន D កើតឡើងដោយសារតែ រាងកាយប៉ះកំដៅថ្ងៃ។
វីតាមីនទាំងអស់ងាយនឹងខូចគុណភាពណាស់ ប្រសិនបើពួកវាទទួលរងនូវ កំដៅ ពន្លឺ និងខ្យល់ ដូច្នេះហើយដើម្បីរក្សាវីតាមីនក្នុងចំណីអាហរ អ្នកគួរតែចម្អិនអាហារឱ្យឆ្អិន និងឆាប់រហ័ស និងស្រស់ផងដែរ (អាហារស្រស់)៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom