(+855) 11 909 020 / 69 909 011

តើអ្នកបានដឹងអ្វីខ្លះពីប្រព័ន្ធភាពស៊ាំ?

ប្រព័ន្ធភាពស៊ាំ គឺជាប្រព័ន្ធការពាររាងកាយ ដែលមានតួនារីចម្បងជួយការពារ និងប្រឆាំងកម្ចាត់មេរោគចូលមកបំផ្លាញរាងកាយ។ បើប្រព័ន្ធភាពស៊ាំរឹងមាំ សុខភាពរបស់យើងក៏ល្អទៅតាមនោះដែរ តែផ្ទុយទៅវិញ ប្រសិនបើបើប្រព័ន្ធរាងកាយចុះខ្សោយ នោះសុខភាពរបស់យើងច្បាស់ជាងាយប្រឈមនឹងជំងឺណាស់។

១. ប្រភេទនៃប្រព័ន្ធភាពស៊ាំ

ប្រព័ន្ធភាស៊ាំមានពីរប្រភេទ គឺប្រព័ន្ធភាពស៊ាំពីធម្មជាតិ និងប្រព័ន្ធភាពស៊ាំទទួលពីខាងក្រៅ។

- ប្រព័ន្ធភាពស៊ាំពីធម្មជាតិ មានកោសិកា Natural Killer Cell (NK Cell) និង Macrophage Cell ដែលកោសិកាទំាងពីរ មានតួនាទីស្វែងរកទីតំាងមេរោគឆ្លង ហ៊ុមព័ទ្ធ ការត្រួតពិនិត្យ និងបំបែកកោសិកា ហើយចាប់បញ្ជូនទៅកាន់កោសិកា T-Cellនៅក្នុងក្រពេញ ហើយT-Cell ជាអ្នកកម្ចាត់មេរោគ ទំាងនោះជាស្ថាពរ។ 

- ប្រព័ន្ធភាពសុំាទទួលពីខាងក្រៅ គឺជារចនាសម្ព័ន្ធមួយ ដែលត្រូវបានរៀបចំឡើងវិញ នៅពេលជំងឺ ត្រូវបានបញ្ឈប់។ 

២. កត្តាជម្រុញឱ្យប្រព័ន្ធភាពស៊ាំរឹងមាំ 

មានកត្តាជាច្រើនដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំដូចជា៖

- បរិភោគបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ និងអាហារមានជាតិខ្លាញ់ទាប

- លេងកីឡា ឬធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ 

- ការពិសាស្រា និង ជក់បារី ត្រឹមត្រូវតាមកម្រិត

- រក្សាទម្ងន់ឱ្យបានថេរ 

- គេងឱ្យបានគ្រប់គ្រាន់ 

៣. កត្តាធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ

មានកត្តាជាច្រើនដែលបំផ្លាញប្រព័ន្ធភាពស៊ាំដូចជា៖  

- តានតឹងក្នុងអារម្មណ៍ (ស្រ្តេស)

- ពិសាគ្រឿងស្រវឹង និងជក់បារីច្រើន 

- គេងពុំគ្រប់គ្រាន់ 

- បណ្ដោយខ្លួនឱ្យលើសទម្ងន់ ឬធាត់ជ្រុល

- ប្រើប្រាស់ថ្នាំផ្សះច្រើនពេក

- បណ្ដោយឱ្យរាងកាយរបស់ខ្លួនហាលថ្ងៃច្រើនហួសហេតុ 

- ញ៉ាំជាតិស្ករច្រើនពេក 

- ញ៉ាំថ្នាំ ឬឱសថច្រើនពេក (ការប្រើប្រាស់ថ្នាំ ឬឱសថច្រើន និងញឹកញាប់ ពុំមែនជាការល្អនោះទេ ព្រោះថា ការប្រើថ្នាំ ឬ ឱសថច្រើនពេក អាចបណ្ដាលឱ្យជាតិពុលក្នុងខ្លួនច្រើន និងជាមូលហេតុធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ។ បើកាលណាប្រព័ន្ធភាពស៊ាំចុះខ្សោយ នោះអ្នកក៏ងាយប្រឈមជំងឺផ្សេងៗជាច្រើនទៀតផងដែរ។ សរុបមកវិញ បើមិនចាំបាច់ អ្នកជំងឺមិនគួរប្រើថ្នាំនោះទេ ព្រោះថាជំងឺខ្លះអាចជាសះស្បើយដោយខ្លួនឯងវិញក្នុងរយៈពេលខ្លី ឬអាចមានវិធីព្យាបាលផ្សេងក្រៅពីការប្រើថ្នាំ)។

សូមបញ្ជាក់ថា មកទល់សព្វថ្ងៃនេះ កត្តាដែលបង្កឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ដែលប្រជាជនខ្មែរធ្វើរាល់ថ្ងៃគឺ ប្រើប្រាស់ថ្នាំ ឬ ឱសថច្រើន ពិសាគ្រឿងស្រវឹងច្រើន ស្មុគស្មាញច្រើន និងញ៉ាំផ្អែម។ 

៤. អាហារជួយពង្រឹងប្រព័ន្ធភាពស៊ាំឱ្យរឹងមាំ

អាហារជួយពង្រឹងប្រព័ន្ធភាពស៊ាំឱ្យរឹងមាំមានដូចជា៖ 

- ខ្ទឹមស

- ទឹកឃ្មុំ

- អាហារសមុទ្រ

- ម្ទេស

- ខ្ញី

- តែបៃតង

- ផ្សិត

- ពពួកដំឡូង ជាពិសេសដំឡូងជ្វា 

 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom