(+855) 11 909 020 / 69 909 011

ជំងឺខ្សោយតំរងតម្រងនោម ដោយសារជំងឺទឹកនោមផ្អែម

ក្នុងប្រទេសកម្ពុជាសព្វថ្ងៃ គេសង្កេតឃើញថា អ្នកជំងឺខ្សោយតម្រងនោមកើនឡើងខ្ពស់ ហើយអ្នកជំងឺមួយចំនួនស្ថិតក្នុងស្ថានភាពជំងឺធ្ងន់ធ្ងរ។ ភាគច្រើននៃអ្នកជំងឺដែលកើតជំងឺខ្សោយតម្រងនោម គឺដោយសារតែពួកគាត់បានកើតជំងឺទឹកនោមផ្អែម។ 
១. តើអ្វីជាជំងឺខ្សោយតម្រងនោម? 
ជំងឺខ្សោយតម្រងនោម គឺជាវិបត្តិ ឬផលវិបាកដែលកើតចេញពីនៃជំងឺទឹកនោមផ្អែម បានន័យថា អ្នកជំងឺទឹកនោមផ្អែម នឹងកើតជំងឺខ្សោយតម្រងនោមយូរ ឬ ឆាប់ អាស្រ័យលើអ្នកជំងឺតាមដានសុខភាពតម្រងនោមបានទៀងទាត់ និង ទាន់ពេលវេលាឬអត់។  
២. រោគសញ្ញានៃជំងឺខ្សោយតម្រងនោម
ជំងឺខ្សោយតម្រងនោម មានរោគសញ្ញាអាស្រ័យលើកម្រិតរបស់វា។ ជាទូទៅគេសង្កេតឃើញថា ជំងឺខ្សោយតម្រងនោមមានរោគសញ្ញា ៥ កម្រិត។ រោគសញ្ញាក្នុងដំណាក់កាលទី១ ទី២ និង ទី៣ ជាដំណាក់ស្រាល។ ក្នុងដំណាក់កាលនេះ រោគសញ្ញារបស់វាពុំសូវចេញមកច្បាស់លាស់នោះទេ ដូច្នេះមានតែការធ្វើតេស្យពិនិត្យរកមើលជំងឺខ្សោយតម្រងនោម បន្ទាប់ពីយើងដឹងថាខ្លួនឯងកើតជំងឺទឹកនោមផ្អែម។ ចំពោះដំណាក់កាលទី៤ និង ទី៥ គឺជាដំណាក់កាលធ្ងន់ធ្ងរ ដែលរោគសញ្ញាលេចចេញមកឱ្យឃើញកាន់តែច្បាស់ ហើយជាដំណាក់កាលយឺតយ៉ាវក្នុងការព្យាបាល ដូច្នេះអ្នកជំងឺមានតែព្យាបាលដោយការលាងឈាមតែប៉ុណ្ណោះ។  
- ដំណាក់កាលទី១៖ មិនចេញរោគសញ្ញាឱ្យដឹងទេ។ 
- ដំណាក់កាលទី២៖ ទោះមិនសូវចេញរោគសញ្ញាច្បាស់ តែគេកត់សម្គាល់ឃើញថា ក្នុងដំណាក់កាលនេះអ្នកជំងឺអាចនឹងនោមច្រើននៅពេលយប់ អាចហើមជើង។ 
- ដំណាក់កាលទី៣៖ ចាប់ផ្ដើមឈឺចង្កេះ នោមតិច នោមបែកពពុះដោយសារតែមានការបែកធ្លាយតម្រងនោមហើយធ្លាយមានជាតិប្រូតេអ៊ីនធ្លាក់មកតាមទឹកនោម។ 
- ដំណាក់ទី៤ និង ទី៥៖ ជាដំណាក់កាលចុងក្រោយ (ធ្ងន់ធ្ងរ) ដែលរោគសញ្ញាឱ្យឃើញកាន់ច្បាស់ដូចជា ស្លេកស្លាំង ក្អួត ចង្អោរ អាចម៍នោមតិច ហើមជើង ហើមមុខ លើសឈាម។  
៣. មូលហេតុដែលបណ្ដាលឱ្យកើតជំងឺខ្សោយតម្រងនោម 
មូលហេតុចម្បងដែលធ្វើឱ្យកើតជំងឺខ្សោយតម្រងនោម គឺជំងឺទឹកនោមផ្អែម។ នៅពេលដែលយើងកើតជំងឺទឹកនោមផ្អែមយូរទៅ វាធ្វើឱ្យសរសៃឈាមនៅត្រង់តម្រងនោមខូចជាហេតុច្រោះជាតិពុល និងជាតិទឹកមិនបានល្អ 
ក្រៅពីជំងឺទឹកនោមផ្អែម គឺមានមូលហេតុជាច្រើនទៀតដែលបណ្ដាលឱ្យកើតជំងឺខ្សោយតម្រងនោមដូចជា លើសសម្ពាធឈាម រលាកតម្រងនោមរ៉ាំរ៉ៃ ជំងឺគីស(គីសពេញតម្រងនោម) និងខូចប្រព័ន្ធការពារស្វ័យប្រវត្តរបស់ខ្លួនយើងជាដើម។ ចំពោះមូលហេតុក្រៅពីនេះទៀត គឺពុំសូវកើតមាននោះទេ។
៤. ផលវិបាកនៃជំងឺទឹកនោមផ្អែម 
បើនិយាយពីផលវិបាកនៃជំងឺខ្សោយតម្រងនោម គឺយើងត្រូវដឹងអំពីមុខងារនៃតម្រងនោម ដូច្នេះបើយើងកើតជំងឺខ្សោយតម្រងនោម នោះវានឹងប៉ះពាលដល់ប្រព័ន្ធមុខងារទាំងអស់របស់តម្រងនោម ដែលបង្កជាផលវិបាកផ្សេងៗរួមមាន៖ 
- ប៉ះពាល់ដល់ការច្រោះជាតិទឹក (ទឹកនោម) និងជាតិពុលចេញពីរាងកាយ 
- ជាតិពុលឡើងច្រាល់ច្រើនមកកាន់ខួរក្បាល បណ្ដាលឱ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទកណ្ដាល ឬបាត់បង់ញាណ
- ប៉ះពាល់ដល់ការផលិតអរម៉ូនអេម៉ូប្រូតេអ៊ីន ដែលជាអរម៉ូនទៅភ្ញោចខួរឆ្អឹងខ្នងសម្រាប់ផលិតគ្រាប់ឈាមក្រម 
- ចាត់ចែងអំពីអេឡិចត្រូវឡាយ សារធាតុរ៉ែក្នុងខ្លួនយើង ដូចជា ប៉ូតាស្យូម សូដ្យូម កាល់ស្យូម
- នៅពេលដែលតម្រងនោមខូច អរម៉ូនគ្រប់គ្រងសម្ពាធឈាមនឹងបញ្ចេញមកច្រើនខុសប្រក្រតី បណ្ដាលឱ្យឡើងសម្ពាធឈាម
- នៅពេលដែលតម្រងនោមខូច ជាតិពុលច្រោះមកតាមទឹកនោមមិនបានល្អ ហើយជាតិទឹកបានជ្រាបចូលទៅកាន់បេះដូង ពោះ និងសួត ដែលបង្កទៅជាទឹកដកស្រោមបេះដូងខ្លាំង ឬចូលក្នុងពោះក្លាយទៅជាទាចទឹក 
- ប៉ះពាល់ដល់ការផលិតគ្រាប់ឈាមក្រហម បណ្ដាលឱ្យអ្នកជំងឺស្លេកស្លាំងដោយសារតែខ្វះគ្រាប់ឈាមក្រហម 
- បេះដូងដើរញាប់ អាចបណ្ដាលឱ្យគាំងបេះដូងស្លាប់ (ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទរប់សយើង
- ផលវិបាកធ្ងន់ធ្ងរបំផុតនៃជំងឺខ្សោយតម្រងនោម គឺមុខងារតម្រងនោមធ្លាក់ចុះដល់ដំណាក់កាលចុងក្រោយ ដោយមិនបញ្ចេញជាតិពុល ជាតិទឹកអ្វីទាំងអស់ បណ្ដាលឱ្យឆាប់ស្លាប់
៥. ការព្យាបាលជំងឺខ្សោយតម្រងនោម  
ជំងឺខ្សោយតម្រងនោម មិនអាចព្យាបាលឱ្យបានជាសះស្បើយនោះទេ គ្រាន់តែការព្យាបាលអាចជួយពន្យារកុំឱ្យជំងឺវិវត្តធ្ងន់ធ្ងរក្នុងរយៈពេលលឿន។ ក្នុងករណីកើតជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ ការព្យាបាលមានតែវិធីមួយគត់គឺ លាងឈាម។  
បន្ថែមពីលើនេះ អ្នកជំងឺគួរតែមកពិនិត្យសុខភាពឱ្យបានទៀងទាត់ និងទាន់ពេលវេលា ប្រសិនបើសង្ស័យថាខ្លួនកើតជំងឺខ្សោយតម្រងនោម ឬកំពុងតែកើតជំងឺទឹកនោមផ្អែម។
បើខ្សោយតម្រងនោម ដំណាក់កាលចុងក្រោយ មិនអាចវះទេ ត្រូវធ្វើការរំលូតកូនចេញ ស្រ្តីមានផ្ទៃពោះកម្រកើតដំណាក់ចុងក្រោយ ភាគច្រើនគឺកើតក្នុងដំណាក់កាលទី១ និង ទី២ ដោយសារតែស្រ្តីពរពោះ ពិនិត្យសុខភាពជាប្រចាំ ដូច្នេះ គាត់អាចដឹងមិនយូរឡើង ប្រសិនបើគាត់កើតជំងឺខ្សោយតម្រងនោម។ 
៦. វិធានការការពារខ្លួនពីជំងឺខ្សោយតម្រងនោម 
ជាទូទៅការព្យាបាលជំងឺជោគជ័យទៅបាន ត្រូវមានការចូលរួមពីកត្តា ២ យ៉ាងសំខាន់គឺ កត្តាទី១ គ្រូពេទ្យ និងទី២ អ្នកជំងឺ។ 
ដូចដឹងស្រាប់តាមការបកស្រាយខាងលើរួចមកហើយថា ជំងឺខ្សោយតម្រងនោម កើតឡើងដោយសារតែអ្នកជំងឺមានផ្ទុកជំងឺទឹកនោមផ្អែម ដូច្នេះ អ្នកជំងឺ ដឹងថាខ្លួនឯងកើតទឹកនោមផ្អែម ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យសុខភាពតម្រងនោមឱ្យបានទៀងទាត់ និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ដូចជាមកទទួលយកការព្យាបាលបានត្រឹមត្រូវ តមអាហារ និង លេងកីឡាបានល្អ ទើបអ្នកជំងឺទឹកនោមផ្អែមមិនងាយកើតជំងឺខ្សោយតម្រងនោម ហើយប្រសិនបើអ្នកជំងឺកើតជំងឺខ្សោយតម្រងនោមហើយ គឺអាចព្យាបាលទប់ទល់នឹងការវិវត្តន៍លឿននៃជំងឺទៅដំណាក់កាលធ្ងន់ធ្ងរ។
៧. ដំបូន្មានគ្រូពេទ្យ
«បើសិនជាអ្នកកើតជំងឺទឹកនោមផ្អែម សូមអញ្ជើញមកធ្វើការត្រួតពិនិត្យសុខភាពឱ្យបានទៀងទាត់ យ៉ាងតិចបំផុត ៣ ខែម្ដង ដើម្បីតាមដានជាតិស្ករ និងសុខភាពរបស់តម្រងនោម។ ចំពោះ សេវា ក្នុងការបង់ថ្លៃពិនិត្យសុខភាពមិនថ្លៃនោះទេ។»  

រៀបរៀងដោយ៖ សុខក្រម
បកស្រាយដោយ៖ វេជ្ជបណ្ឌិត ចាន់ សុវណ្ណឌី