(+855) 11 909 020 / 69 909 011

យល់ដឹងពីអាការរមួលសាច់ដុំ ឬរមួលក្រពើ

១. និយមន័យ
រមួលក្រពើ គឺជាអាការទាញកន្ត្រាក់ខ្លាំងមួយរំពេចទៅលើសាច់ដុំ ដែលបង្កឱ្យមានការឈឺចាប់ខ្លាំងៗ។  
២. រោគសញ្ញា 
ជាទូទៅ រោគសញ្ញានៃអាការរមួលក្រពើគឺ សាច់ដុំកន្រ្តាក់ និង គាំងជាប់ភ្លាម បណ្ដាលឱ្យមានការឈឺចាប់ មិនអាចកំរើកបាន ហើយដែលជារឿយៗកើតឡើងនៅលើជើង។ 
៣. មូលហេតុបង្ក
មានកត្តាជាច្រើនដែលជាមូលហេតុបង្កឱ្យកើតអាការរមួលក្រពើរួមមាន៖ 
- កង្វះសារធាតុក្នុងរាងកាយ៖ កង្វះសារធាតុសូដ្យូម ប៉ូតាស្យូម ម៉ាញេស្យូម។  
- ផឹកទឹកមិនគ្រប់គ្រាន់។ 
- ការលេងកីឡា ឬប្រើប្រាស់កម្លាំងកាយយូរពេក អាចជាមូលហេតុធ្វើឱ្យមួលក្រពើបាន។ 
៤. ការព្យាបាល
ជាទូទៅ អាការសាច់ដុំរមួល ឬរមួលក្រពើ មិនបានបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ ហើយយើងអាចព្យាបាលអាការនេះដោយខ្លួនឯងបាន ក៏ប៉ុន្តែ ក្នុងករណីដែលរមួលក្រពើបណ្ដាលឱ្យមានការឈឺចាប់ខ្លាំង កើតឡើងញឹកញាប់ ឬនៅសុខៗក៏រមួលក្រពើ សូមលោកអ្នករុះរាន់ទៅជួបជាមួយគ្រូពេទ្យជំនាញ ដើម្បីប្រឹក្សាយោបល់រកមូលហេតុបង្ក និងការព្យាបាល។ 
៥. វិធីបង្ការ
- ផឹកទឹកឲ្យបានគ្រប់គ្រាន់ ឱ្យបាន ២ លីត្រ ក្នុងមួយថ្ងៃ។ សារធាតុរាវនៃទឹក ជួយធ្វើឱ្យសាច់ដុំកន្រ្តាក់ និងសម្រាក ហើយកោសិកាសាច់ដុំមិនងាយរលាកដោយសារតែមានជាតិទឹកគ្រប់គ្រាន់។ បន្ទាប់ពីបញ្ចេញកម្លាំងច្រើន ឬ បន្ទាប់ពីលេងកីឡាហត់ខ្លាំង អ្នកគួរតែផឹកទឹកដើម្បីបំពេញជាតិទឹកក្នុងខ្លួនវិញ។  
- កំដៅសាច់ដុំមុនពេលប្រើប្រាស់សាច់ដុំត្រង់កន្លែងនោះ។ ឧទាហរណ៍ មុនពេលអ្នកចូលប្រកួតបាល់ទាត់ អ្នកគួរតែរត់តិចៗដើម្បីឱ្យសាច់ដុំជើងមានចលនា ឬកំដៅសាច់ដុំជើង។  
- មុនពេលចូលគេង បើអ្នកឧស្សាហ៍រមួលក្រពើ អ្នកអាចជិះកង់តិចៗ ឬ ដើរហាត់ប្រាណ មុនចូលគេងដើម្បីបន្ថយហានិភ័យនេះ 
- ក្នុងករណីខ្លះ បើអ្នកតែងតែរមួលក្រពើមិនថាពេលលេងកីឡា ឬកំពុងតែគេងលក់ហើយក្ដី វាអាចជាសញ្ញាប្រាប់ឱ្យដឹងថា រាងកាយរបស់អ្នកកំពុងតែកង្វះជាតិណាមួយ ដូចជា ជាតិកាល់ស្យូម វីតាមីនក្រុមB, B11 ឬB12 និងជាតិដែកជាដើម។ ចំពោះករណីដែលអ្នកកើតអាការរមួលក្រពើហើយ ថែមទាំងឈឺក្បាលទៀតនោះ គឺអាចបណ្ដាលមកពីរាងកាយកង្វះជាតិម៉ាញ៉េស្យូម ព្រោះជាតិម៉ាញ៉េស្យូមគឺជាសារជាតិរ៉ែដ៏សំខាន់មួយមានតួនាទីក្នុងការបំពេញមុខងារក្នុងខួរក្បាល សរសៃប្រសាទ និងសាច់ដុំ៕ 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom