១. និយមន័យ
អេដស៍ ( AIDS) គឺជាជំងឺមួយប្រភេទឆ្លងតាមរយៈឈាម ដែលធ្វើឱ្យប្រព័ន្ធភាពស៊ាំរាងកាយចុះខ្សោយធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែវីរុសនៃជំងឺនេះ (HIV: Human Immunodeficiency Virus) ជាប្រភេទវីរុសម្យ៉ាងដែលធ្វើឱ្យប្រពន្ធ័ភាពស៊ាំ ឬប្រព័ន្ធការពាររាងកាយមនុស្សចុះខ្សោយ។
២. រោគសញ្ញា
២.១. រោគសញ្ញាសំខាន់ៗ
- ស្រកទម្ងន់តិចជាងពី១០ ភាគរយនៃទម្ងន់ធម្មតា
- រាគលើសពី ១ ខែ
- ក្តៅខ្លួនលើសពី ១ ខែ
- រលាកសួតញឹកញាប់ ( ២ ឬ ច្រើនដងក្នុង១ខែមុន)
២.២. រោគសញ្ញាបន្ទាប់បន្សំ
- ឡើងកូនកណ្តុរចំនួន ៣ ឬលើសពី៣កន្លែង
- ផ្សិតមាត់
- ក្អកលើសពី១ខែ
- ជំងឺសើស្បែកពេញខ្លួន
- ពងបែកមាត់ខ្លាំងរ៉ាំរ៉ៃ
- បែកញើសខ្លាំង
៣. ការចម្លងជំងឺអេដស៍
៣.១. ការចម្លងជំងឺអេដស៍
អេដស៍ គឺជាជំងឺឆ្លង ហើយមានកត្តាជាច្រើនដែលអាចចម្លងជំងឺអេដស៍ដូចជា៖
- ការរួមភេទជាមួយដៃគូដែលផ្ទុកមេរោគអេដស៏ ដោយមិនបានការពារ
- ឆ្លងតាមឈាម ដោយការប្រើម្ជុលពេទ្រ ឬស៊ឺរ៉ាំងរួមគ្នា ដោយមិនបានស្ងោរសម្លាប់មេរោគជាមុន មុននឹងយកទៅប្រើប្រាស់ម្ដងទៀត
- អាចឆ្លងពីម្តាយទៅកូន ដោយមាន ៣ ដំណាក់កាលគឺ នៅក្នុងពោះ នៅពេលកើត និងនៅពេលបំបៅដោះកូន (ក្នុងករណីម្ដាយកើតជំងឺអេដស៍)
បញ្ជាក់បន្ថែមពីលើនេះផងដែរ កត្តាចម្បងដែលចម្លងជំងឺអេដស៍ គឺតាមរយៈការចាក់ថ្នាំ ការបញ្ចូលឈាម និងការប្រើប្រាស់ម្ជុលរួមគ្នា។ ជាក់ស្ដែង បើម្ជុលពេទ្រ ឬស៊ឺរ៉ាំង ត្រូវបានចាក់ ឬបូមឈាមនរណាម្នាក់ដែលមានផ្ទុកមេរោគអេដស៍ រួចយកម្ជុលពេទ្រ ឬស៊ឺរ៉ាំងនោះ យកទៅប្រើលើមនុស្សម្នាក់ទៀត បុគ្គលនោះនឹងឆ្លងជំងឺអេដស៍ជាក់ជាមិនខាន។ ដោយឡែកក្នុងករណី ឈាមផ្ទុកមេរោគអេដស៍ខ្ទៀតប៉ះមុខ ឬ ភ្នែក ឬសរីរាង្គណាមួយនៃមនុស្សម្នាក់ទៀត គឺកម្រឆ្លងជំងឺអេដស៍ណាស់។
ការរួមភេទតាមទ្វារមាស ជាករណីដែលចម្លងជំងឺអេដស៍ច្រើនជាងគេ។ ការរួមភេទតាមរន្ធគូថ រវាងមនុស្សប្រុស និងមនុស្សប្រុស ឬមនុស្សប្រុស និងមនុស្សស្រី ក៏ងាយឆ្លងជំងឺអេដស៍។ ការរួមភេទតាមមាត់ (Oral sex) ក៏អាចចម្លងជំងឺអេដស៍ផងដែរ តែវាជាករណីកម្រខ្លាំងណាស់ ហើយអាចចម្លងបានលុះត្រាតែមានរបួសដាច់រលាត់មាត់។
៣.២. មេរោគអេដស៏ មិនអាចឆ្លងតាម
- ការប្រស្រ័យទាក់ទងគ្នាជាសាធារណៈ នៅក្នុងសង្គម
- ការប្រើប្រាស់បង្គន់ រឺ បន្ទប់ទឹកសាធារណៈ រឺ អាងទឹកសាធារណៈ
- សត្វល្អិតទិច រឺ ខាំ
- ការសួរសុខទុក្ខអ្នកជំងឺ រឺ អោបថើបគ្នា រឺ ចាប់ដៃគ្នា
- ការហូបចុករួមគ្នា រឺ រស់នៅផ្ទះជាមួយគ្នា
៤. វិធីការពារ
- ប្រើប្រាស់ស្រោមអនាម័យជាប្រចាំនៅពេលរួមភេទជាមួយដៃគូ
- បញ្ឈប់ការប្រើប្រាស់របស់មុតស្រួចរួមគ្នា ដូចជាម្ជុលចាក់ថ្នាំ ឬឡាម កន្រ្តៃកាត់ក្រចក ដែកចារ(សាក់) ម្ជុលចោះត្រចៀក និងកូនកាំបិតជាដើម
- ហាមបញ្ចូលឈាមឱ្យគ្នាដោយពុំបានពិនិត្យសុខភាពជាមុន ឬពុំដឹងថាខ្លួនឯងកើតជំងឺអេដស៍ឬអត់
- ការពារកុំឱ្យឈាមរបស់បុគ្គលដែលផ្ទុកមេរោគអេដស៍ ខ្ទៀតប៉ះឈាមរបស់យើង (ក្នុងករណីយើងមានរបួសហូរឈាម)
៥. ការព្យាបាលជំងឺអេដស៏
- រហូតមកទល់បច្ចុប្បន្ននេះ មិនទាន់មានអ្នក ប្រាជ្ញណាម្នាក់ អាចរកឃើញថ្នាំសំលាប់មេរោគអេដស៏បាននៅឡើយទេ គេរកឃើញ តែថ្នាំសំរាប់ពន្យា ជីវិតអ្នកជំងឺអេដស៏ តែប៉ុណ្ណោះ ។ មេរោគអេដស៏ - វាមិនសំលាប់មនុស្សដោយផ្ទាល់ទេ វាគ្រាន់តែធ្វើ អោយប្រព័ន្ធការពារខ្លួនមនុស្សចុះខ្សោយ ដែលធ្វើអោយខ្លួនអ្នកជំងឺនោះ ងាយនឹងទទួល យកនូវជំងឺ ផ្សេងៗ ហៅថា ជំងឺឱកាសនិយម ដូច្នេះគេព្យាបាលជំងឺអេដស៏ គឺព្យាបាលជំងឺឱកាសនិយម ។
៦. ជំងឺឱកាសនិយម ដែលជួបប្រទះញឹកញាប់នៅប្រទេសកម្ពុជា យើង មានដូចជា៖
ជំងឺឱកាសនិយម គឺសំដៅលើជំងឺដែលកើតឡើងលើបុគ្គលដែលកំពុងតែមានជំងឺស្រាប់។ ជាក់ស្ដែង បើនរណាម្នាក់កើតជំងឺអេដស៍ ប្រព័ន្ធការពាររាងកាយរបស់គេនឹងចុះខ្សោយជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាលទ្ធផល អ្នកជំងឺមិនត្រឹមតែកើតជំងឺអេដស៍ប៉ុណ្ណោះទេ ថែមទាំងអាចកើតជំងឺផ្សេងទៀតដូចជា៖
- ជំងឺរបេងសួត រឺ របេងក្រៅសួត
- ជំងឺទាក់ទងទៅនឹងប្រព័ន្ធដង្ហើម ឧទាៈ ជំងឺរលាកសួត ដោយ ពពួកបាក់តេរី រឺ ពពួកផ្សិត
- ជំងឺទាក់ទងទៅនឹង ខួរក្បាល ឧទាៈ ជំងឺរលាកខួរក្បាល
- ជំងឺទាក់ទងទៅនឹងប្រពន្ធ័រំលាយអាហារ ឧទាៈ រាគ ផ្សិតអណ្តាត រឺ មាត់
- ជំងឺសើរស្បែក ឧទា ៖ កើតរើម, រមាស់
- ជំងឺរលាកកូនកណ្តុរ
ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)