(+855) 11 909 020 / 69 909 011

យល់ដឹងពីវីតាមីន អា (A) 

វីតាមីនអា (A)  គឺជាវីតាមីនមានសារៈសំខាន់ខ្លាំងណាស់ ចំពោះស្បែក ភ្នែក និងប្រព័ន្ធការពាររាងកាយរបស់មនុស្សយើង មានដូចជា ជម្រុញឱ្យ​មាន​ការ​លូតលាស់ជាលិកា ជួសជុល​ឆ្អឹង សម្រួលដល់​ការឆ្លើយតបរបស់​ប្រព័ន្ធ​ភាព​សុំា។ 

វីតាមីន A មាន ២ ប្រភេទ គឺវីតាមីន A រុក្ខជាតិ និងវីតាមីន A សត្វ ដោយផ្អែកទៅលើប្រភព និងតួនាទីរបស់វា។ 

ក. វីតាមីន A សត្វ

វីតាមីន A សត្វ (ភាសាជីវគីមីសាស្ដ្រថា រ៉េទីណុល) ដែលភាសាសាមញ្ញហៅថា វីតាមីនកាពារ។ វីតាមីន A សត្វ មានមុខងារពិសេសដូចជា ជំនួយភ្នែក ជួយឱ្យទារកក្នុងផ្ទៃលូតលាស់បានល្អ និងកើតមកមានសុខភាពល្អ ជួយឱ្យកុមារលូតលាស់បានល្អ និងជួយពន្លឿនការជាសះស្បើយនៃស្បែកដែលរងរបួសជាដើម។ 

ក្នុងរបបអាហារប្រចាំថ្ងៃ យើងគួរទទួលទានជាតិវីតាមីន A សត្វ ក្នុងបរិមាណចំនួន ៨០០ ឯកតារ៉េទីណុលសម្រាប់បុរស, ៧០០ ឯកតារ៉េទីណុលសម្រាប់ស្ដ្រី, ពី ៧០០ ទៅ ៨០០ ឯកតារ៉េទីណុលសម្រាប់យុវជន និងចំនួន ៦០០ ឯកតារ៉េទីណុលសម្រាប់យុវតី។

ចំណីអាហារដែលមានផ្ទុកវីតាមីន A សត្វ គឺជាប្រភេទអាហារមានជាតិប័រ មានជាតិទឹកដោះគោក្នុងស៊ុតនិងពងពណ៌លឿង ថ្លើមសត្វ និងប្រេងថ្លើមត្រីជាដើម។ 

កង្វះជាតិវីតាមីន A សត្វ ក្នុងរាងកាយនឹងប្រឈមបញ្ហាសុខភាពរួមមាន៖  

- ងងឹតភ្នែក(អាចខ្វាក់ភ្នែក) 
- រាងកាយលូតលាស់យឺតយ៉ាវ
- ស្ងួតភ្នែក រលាកភ្នែក ក្រហមភ្នែក ភ្នែកចាញ់ពន្លឺថ្ងៃ 
- ស្បែកស្ងួតមានពណ៌ប្រផេះ និងពណ៌ស្វាយ
- កើតជំងឺស្លេកស្លាំង 
- ដង្កូវស៊ីធ្មេញ 
- រាករូស 
- កើតជំងឺក្រួសក្នុងតម្រងនោមផងដែរ 
- អារម្មណ៍ថាឆាប់មួរម៉ៅ 

ក្រុមមនុស្សដែលគួរតែទទួលទានជាតិវីតាមីន A សត្វបន្ថែម ខុសពីមនុស្សធម្មតាគឺ៖  

- ស្ដ្រីដែលកំពុងប្រើប្រាស់គ្រាប់ថ្នាំលេបពន្យារកំណើត (ថ្នាំគ្រាប់លេប) 
- អ្នកដែលមានជំងឺឆ្លងពីមេរោគ 
- អ្នកដែលពិសាសុរា ជក់បារី 
- អ្នកដែលតមជាតិខ្លាញ់ជាដើម 

ខ. វីតាមីន A រុក្ខជាតិ

វីតាមីន A រុក្ខជាតិ ឬដែលភាសាសាមញ្ញហៅថា វីតាមីនស្បែក។ វីតាមីន A រុក្ខជាតិមានមុខងារសំខាន់ៗ ដូចជា ប្រឆាំងការលូតលាស់កោសិកាមហារីកមួយចំនួន ( មហារីកស្បែក មហារីកសួត និងជម្ងឺមហារីកប្លោកនោម) , ជំនួយភ្នែក, ថែទាំសុខភាពស្បែក ធ្វើឱ្យស្បែកស្រស់ថ្លា ទប់ទល់កម្ដៅថ្ងៃ ទប់ស្កាត់ល្បឿនភាពចាស់ដែលធ្វើឱ្យយើងអាចនៅក្មេងជាងវ័យបានយូរថែមទៀតផង។ 

ក្នុងរបបអាហារប្រចាំថ្ងៃ យើងគួរទទួលទានជាតិវីតាមីន A រុក្ខជាតិ ក្នុងបរិមាណចំនួន ៣៥០ ឯកតារ៉េទីណុល ដែលមានទម្ងន់ប្រមាណជា ២,១ មីលីក្រាមប៉ែតតាការ៉ូទែន។

ចំណីអាហារផ្ទុកវីតាមីនអារុក្ខជាតិ រួមមាន បន្លែបៃតងដែលមានស្លឹកជាពិសេសស្ពៃ, ផ្លែឈើ និងបន្លែពណ៌ទឹកក្រូច និងពណ៌ក្រហម ដូចជា ការ៉ុត ម្ទេសក្រហម ត្រសក់ស្រូវ ផ្លែស្វាយ សណ្ដែកបារាំង ។ល។ 

កង្វះជាតិវីតាមីនអារុក្ខជាតិក្នុងរាងកាយនឹងប្រឈមបញ្ហាសុខភាពរួមមាន៖  

- ងងឹតភ្នែក(អាចខ្វាក់ភ្នែក) 
- រាងកាយលូតលាស់យឺតយ៉ាវ
- ស្ងួតភ្នែក រលាកភ្នែក 
- ស្បែកស្ងួតមានពណ៌ប្រផេះ និងពណ៌ស្វាយ
- ដង្កូវស៊ីធ្មេញ 
- រាករូស 
- កើតជំងឺក្រួសក្នុងតម្រងនោមផងដែរ 
- អារម្មណ៍ថាឆាប់មួរម៉ៅ 

ក្រុមមនុស្សដែលគួរតែទទួលទានជាតិវីតាមីន A រុក្ខជាតិបន្ថែម ខុសពីមនុស្សធម្មតាគឺ៖ 

- ស្ដ្រីដែលកំពុងប្រើប្រាស់គ្រាប់ថ្នាំលេបពន្យារកំណើត
- អ្នកដែលមានជំងឺឆ្លងពីមេរោគ 
- អ្នកដែលពិសាសុរា ជក់បារី 
- អ្នកដែលតមជាតិខ្លាញ់ជាដើម 

ចំណាំ៖ ក្រុមមនុស្សដែលគួរតែទទួលជាតិវីតាមីនបន្ថែមខុសពីមនុស្ស A រុក្ខជាតិ និង វីតាមីន A សត្វ និងផលវិបាកពីការកង្វះជាតិវីតាមីនទាំង ២ ប្រភេទ គឺមិនសូវខុសគ្នាឡើយ។ ប្រសិនបើ និយាយដល់កង្វះជាតិវីតាមីន A គឺអាចបណ្ដាលមកពីរាងកាយខ្វះជាតិវីតាមីនណាមួយ ឬទាំងពីរ ក្នុងចំណោមវីតាមីនទាំងពីរខាងលើនេះ។

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)