វីតាមីនអា (A) គឺជាវីតាមីនមានសារៈសំខាន់ខ្លាំងណាស់ ចំពោះស្បែក ភ្នែក និងប្រព័ន្ធការពាររាងកាយរបស់មនុស្សយើង មានដូចជា ជម្រុញឱ្យមានការលូតលាស់ជាលិកា ជួសជុលឆ្អឹង សម្រួលដល់ការឆ្លើយតបរបស់ប្រព័ន្ធភាពសុំា។
វីតាមីន A មាន ២ ប្រភេទ គឺវីតាមីន A រុក្ខជាតិ និងវីតាមីន A សត្វ ដោយផ្អែកទៅលើប្រភព និងតួនាទីរបស់វា។
ក. វីតាមីន A សត្វ
វីតាមីន A សត្វ (ភាសាជីវគីមីសាស្ដ្រថា រ៉េទីណុល) ដែលភាសាសាមញ្ញហៅថា វីតាមីនកាពារ។ វីតាមីន A សត្វ មានមុខងារពិសេសដូចជា ជំនួយភ្នែក ជួយឱ្យទារកក្នុងផ្ទៃលូតលាស់បានល្អ និងកើតមកមានសុខភាពល្អ ជួយឱ្យកុមារលូតលាស់បានល្អ និងជួយពន្លឿនការជាសះស្បើយនៃស្បែកដែលរងរបួសជាដើម។
ក្នុងរបបអាហារប្រចាំថ្ងៃ យើងគួរទទួលទានជាតិវីតាមីន A សត្វ ក្នុងបរិមាណចំនួន ៨០០ ឯកតារ៉េទីណុលសម្រាប់បុរស, ៧០០ ឯកតារ៉េទីណុលសម្រាប់ស្ដ្រី, ពី ៧០០ ទៅ ៨០០ ឯកតារ៉េទីណុលសម្រាប់យុវជន និងចំនួន ៦០០ ឯកតារ៉េទីណុលសម្រាប់យុវតី។
ចំណីអាហារដែលមានផ្ទុកវីតាមីន A សត្វ គឺជាប្រភេទអាហារមានជាតិប័រ មានជាតិទឹកដោះគោក្នុងស៊ុតនិងពងពណ៌លឿង ថ្លើមសត្វ និងប្រេងថ្លើមត្រីជាដើម។
កង្វះជាតិវីតាមីន A សត្វ ក្នុងរាងកាយនឹងប្រឈមបញ្ហាសុខភាពរួមមាន៖
- ងងឹតភ្នែក(អាចខ្វាក់ភ្នែក)
- រាងកាយលូតលាស់យឺតយ៉ាវ
- ស្ងួតភ្នែក រលាកភ្នែក ក្រហមភ្នែក ភ្នែកចាញ់ពន្លឺថ្ងៃ
- ស្បែកស្ងួតមានពណ៌ប្រផេះ និងពណ៌ស្វាយ
- កើតជំងឺស្លេកស្លាំង
- ដង្កូវស៊ីធ្មេញ
- រាករូស
- កើតជំងឺក្រួសក្នុងតម្រងនោមផងដែរ
- អារម្មណ៍ថាឆាប់មួរម៉ៅ
ក្រុមមនុស្សដែលគួរតែទទួលទានជាតិវីតាមីន A សត្វបន្ថែម ខុសពីមនុស្សធម្មតាគឺ៖
- ស្ដ្រីដែលកំពុងប្រើប្រាស់គ្រាប់ថ្នាំលេបពន្យារកំណើត (ថ្នាំគ្រាប់លេប)
- អ្នកដែលមានជំងឺឆ្លងពីមេរោគ
- អ្នកដែលពិសាសុរា ជក់បារី
- អ្នកដែលតមជាតិខ្លាញ់ជាដើម
ខ. វីតាមីន A រុក្ខជាតិ
វីតាមីន A រុក្ខជាតិ ឬដែលភាសាសាមញ្ញហៅថា វីតាមីនស្បែក។ វីតាមីន A រុក្ខជាតិមានមុខងារសំខាន់ៗ ដូចជា ប្រឆាំងការលូតលាស់កោសិកាមហារីកមួយចំនួន ( មហារីកស្បែក មហារីកសួត និងជម្ងឺមហារីកប្លោកនោម) , ជំនួយភ្នែក, ថែទាំសុខភាពស្បែក ធ្វើឱ្យស្បែកស្រស់ថ្លា ទប់ទល់កម្ដៅថ្ងៃ ទប់ស្កាត់ល្បឿនភាពចាស់ដែលធ្វើឱ្យយើងអាចនៅក្មេងជាងវ័យបានយូរថែមទៀតផង។
ក្នុងរបបអាហារប្រចាំថ្ងៃ យើងគួរទទួលទានជាតិវីតាមីន A រុក្ខជាតិ ក្នុងបរិមាណចំនួន ៣៥០ ឯកតារ៉េទីណុល ដែលមានទម្ងន់ប្រមាណជា ២,១ មីលីក្រាមប៉ែតតាការ៉ូទែន។
ចំណីអាហារផ្ទុកវីតាមីនអារុក្ខជាតិ រួមមាន បន្លែបៃតងដែលមានស្លឹកជាពិសេសស្ពៃ, ផ្លែឈើ និងបន្លែពណ៌ទឹកក្រូច និងពណ៌ក្រហម ដូចជា ការ៉ុត ម្ទេសក្រហម ត្រសក់ស្រូវ ផ្លែស្វាយ សណ្ដែកបារាំង ។ល។
កង្វះជាតិវីតាមីនអារុក្ខជាតិក្នុងរាងកាយនឹងប្រឈមបញ្ហាសុខភាពរួមមាន៖
- ងងឹតភ្នែក(អាចខ្វាក់ភ្នែក)
- រាងកាយលូតលាស់យឺតយ៉ាវ
- ស្ងួតភ្នែក រលាកភ្នែក
- ស្បែកស្ងួតមានពណ៌ប្រផេះ និងពណ៌ស្វាយ
- ដង្កូវស៊ីធ្មេញ
- រាករូស
- កើតជំងឺក្រួសក្នុងតម្រងនោមផងដែរ
- អារម្មណ៍ថាឆាប់មួរម៉ៅ
ក្រុមមនុស្សដែលគួរតែទទួលទានជាតិវីតាមីន A រុក្ខជាតិបន្ថែម ខុសពីមនុស្សធម្មតាគឺ៖
- ស្ដ្រីដែលកំពុងប្រើប្រាស់គ្រាប់ថ្នាំលេបពន្យារកំណើត
- អ្នកដែលមានជំងឺឆ្លងពីមេរោគ
- អ្នកដែលពិសាសុរា ជក់បារី
- អ្នកដែលតមជាតិខ្លាញ់ជាដើម
ចំណាំ៖ ក្រុមមនុស្សដែលគួរតែទទួលជាតិវីតាមីនបន្ថែមខុសពីមនុស្ស A រុក្ខជាតិ និង វីតាមីន A សត្វ និងផលវិបាកពីការកង្វះជាតិវីតាមីនទាំង ២ ប្រភេទ គឺមិនសូវខុសគ្នាឡើយ។ ប្រសិនបើ និយាយដល់កង្វះជាតិវីតាមីន A គឺអាចបណ្ដាលមកពីរាងកាយខ្វះជាតិវីតាមីនណាមួយ ឬទាំងពីរ ក្នុងចំណោមវីតាមីនទាំងពីរខាងលើនេះ។
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)