(+855) 11 909 020 / 69 909 011

តើអ្នករាគដល់កម្រិតណា ទើបគួរទៅជួបជាមួយគ្រូពេទ្យ? 

ដូចអ្នកធ្លាប់បានដឹងរួចមកហើយថា ក្នុងលក្ខខណ្ឌដែលចំណីអាហារ និងទឹកដែលអ្នកបរិភោគ និងផឹក ហូរចូលក្នុងពោះវៀនធំលឿនខុសពីធម្មតា នោះលាមកនឹងរាវ បង្កជា ជំងឺរាគ។ ក្រៅពីនេះ ក៏មានកត្តាផ្សេងទៀតដែលបង្កជំងឺរាគ ផងដែរ ដូចជា ការបរិភោគចំណីអាហារផ្ទុកវីរុសជំងឺរាគជាដើម។ ហើយជាធម្មតា ជំងឺ រាគ (រាគរូស) នឹងបាត់ទៅវិញក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃ ឬក្រោមមួយសប្ដាហ៍។ សូមបញ្ជាក់ថា ពោះវៀនធំ មានតួនាទី ស្រូវយកជាតិទឹកចេញពីចំណីអាហារ ដើម្បីបន្សល់ទុកនូវលាមករឹង ដែលត្រូវបញ្ចេញមកក្រៅវិញតាមរយៈទ្វារធំ។ 

ក៏ប៉ុន្តែ បើអ្នកកើតជំងឺរាគក្នុងរយៈពេលយូរថ្ងៃ ឬរាគរូសច្រើនជាងមួយសប្ដាហ៍មិនព្រមបាត់ទៅវិញ វាអាចជារោគសញ្ញាបញ្ជាក់ថា អ្នកកំពុងតែកើតជំងឺរលាកពោះវៀន ឬជំងឺផ្សេងៗទៀតជាដើម។ ដូច្នេះ អ្នកជំងឺរាគ  គួរតែអញ្ជើញរុះរាន់មកជួបជាមួយគ្រូពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលវេលា ចៀសវាងមានគ្រោះថ្នាក់ដល់អាយុជីវិត។     

ខាងក្រោមនេះជារោគសញ្ញាជំងឺរាគ ដែលអ្នកជំងឺគួរតែទៅជួបជាមួយគ្រូពេទ្យ៖ 

១. មនុស្សពេញវ័យ

- រាគរូសជិត ១ សប្ដាហ៍ និងច្រើនជា ១សប្ដាហ៍ 
- បាត់បង់ជាតិទឹកច្រើនក្នុងខ្លួន រហូតលេចចេញនូវរោគសញ្ញា នោមតិចតូចណាស់ក្នុងមួយថ្ងៃ អស់កម្លាំង វិលមុខ ស្រេកទឹក ឈឺក្បាល ទឹកនោមឡើងពណ៌ខ្លាំង ស្ងួតមាត់ និងស្បែក។ 
- លាមកដែលបន្ទោរបង់ចេញមក មានពណ៌ខ្មៅ ឬមានឈាម 
- ចុកពោះរមួលខ្លាំង 
- ឈឺចាប់រន្ធគូថ
- កម្ដៅក្នុងខ្លួនឡើងរហូតដល់ ៤០ អង្សាសេរ

២. ចំពោះក្មេង 

- កម្ដៅក្នុងខ្លួនឡើងរហូតដល់ ៤០ អង្សាសេរ
- លាមកដែលបន្ទោរបង់ចេញមក មានពណ៌ខ្មៅ ឬមានឈាម 
- ក្មេងយំខ្លាំងតែពុំសូវមានទឹកភ្នែក ឬជួនកាលយំគ្មានទឹកភ្នែក 
- ងងុយដេកខុសពីធម្មតា 
- កត់សម្គាល់ឃើញថា ក្មេងកាចខុសពីធម្មតា
- ពោះ ភ្នែក និងថ្ពាល់របស់ក្មេងរូងខូង
- ស្បែកយារ

៣. បាត់បង់ជីវិត 

ជំងឺរាគ អាចឆក់យកអាយុជីវិតអ្នកជំងឺបាន ជាពិសេសទារក និងក្មេងតូចៗ បន្ទាប់ពី អ្នកជំងឺរាគ យឺតយ៉ាវក្នុងការព្យាបាលបន្ទាប់ពីចេញរោគសញ្ញាធ្ងន់ធ្ងរដូចបានរៀបរាប់ខាងលើនេះ។ 
ជាក់ស្ដែង អ្នកជំងឺរាគធ្ងន់ធ្ងរឈានដល់ការបាត់បង់ជីវិត ដោយសារតែ
- បាត់បង់ជាតិទឹកច្រើនក្នុងខ្លួនរហូតដល់ខ្សោះជាតិទឹកក្នុងខ្លួន 
- បាត់បង់អេឡិចត្រូលីត្រសំខាន់ៗដែលជួយដល់មុខងាររបស់បេះដូង និងសាច់ដុំ៕ 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)