ដូចអ្នកធ្លាប់បានដឹងរួចមកហើយថា ក្នុងលក្ខខណ្ឌដែលចំណីអាហារ និងទឹកដែលអ្នកបរិភោគ និងផឹក ហូរចូលក្នុងពោះវៀនធំលឿនខុសពីធម្មតា នោះលាមកនឹងរាវ បង្កជា ជំងឺរាគ។ ក្រៅពីនេះ ក៏មានកត្តាផ្សេងទៀតដែលបង្កជំងឺរាគ ផងដែរ ដូចជា ការបរិភោគចំណីអាហារផ្ទុកវីរុសជំងឺរាគជាដើម។ ហើយជាធម្មតា ជំងឺ រាគ (រាគរូស) នឹងបាត់ទៅវិញក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃ ឬក្រោមមួយសប្ដាហ៍។ សូមបញ្ជាក់ថា ពោះវៀនធំ មានតួនាទី ស្រូវយកជាតិទឹកចេញពីចំណីអាហារ ដើម្បីបន្សល់ទុកនូវលាមករឹង ដែលត្រូវបញ្ចេញមកក្រៅវិញតាមរយៈទ្វារធំ។
ក៏ប៉ុន្តែ បើអ្នកកើតជំងឺរាគក្នុងរយៈពេលយូរថ្ងៃ ឬរាគរូសច្រើនជាងមួយសប្ដាហ៍មិនព្រមបាត់ទៅវិញ វាអាចជារោគសញ្ញាបញ្ជាក់ថា អ្នកកំពុងតែកើតជំងឺរលាកពោះវៀន ឬជំងឺផ្សេងៗទៀតជាដើម។ ដូច្នេះ អ្នកជំងឺរាគ គួរតែអញ្ជើញរុះរាន់មកជួបជាមួយគ្រូពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលវេលា ចៀសវាងមានគ្រោះថ្នាក់ដល់អាយុជីវិត។
ខាងក្រោមនេះជារោគសញ្ញាជំងឺរាគ ដែលអ្នកជំងឺគួរតែទៅជួបជាមួយគ្រូពេទ្យ៖
១. មនុស្សពេញវ័យ
- រាគរូសជិត ១ សប្ដាហ៍ និងច្រើនជា ១សប្ដាហ៍
- បាត់បង់ជាតិទឹកច្រើនក្នុងខ្លួន រហូតលេចចេញនូវរោគសញ្ញា នោមតិចតូចណាស់ក្នុងមួយថ្ងៃ អស់កម្លាំង វិលមុខ ស្រេកទឹក ឈឺក្បាល ទឹកនោមឡើងពណ៌ខ្លាំង ស្ងួតមាត់ និងស្បែក។
- លាមកដែលបន្ទោរបង់ចេញមក មានពណ៌ខ្មៅ ឬមានឈាម
- ចុកពោះរមួលខ្លាំង
- ឈឺចាប់រន្ធគូថ
- កម្ដៅក្នុងខ្លួនឡើងរហូតដល់ ៤០ អង្សាសេរ
២. ចំពោះក្មេង
- កម្ដៅក្នុងខ្លួនឡើងរហូតដល់ ៤០ អង្សាសេរ
- លាមកដែលបន្ទោរបង់ចេញមក មានពណ៌ខ្មៅ ឬមានឈាម
- ក្មេងយំខ្លាំងតែពុំសូវមានទឹកភ្នែក ឬជួនកាលយំគ្មានទឹកភ្នែក
- ងងុយដេកខុសពីធម្មតា
- កត់សម្គាល់ឃើញថា ក្មេងកាចខុសពីធម្មតា
- ពោះ ភ្នែក និងថ្ពាល់របស់ក្មេងរូងខូង
- ស្បែកយារ
៣. បាត់បង់ជីវិត
ជំងឺរាគ អាចឆក់យកអាយុជីវិតអ្នកជំងឺបាន ជាពិសេសទារក និងក្មេងតូចៗ បន្ទាប់ពី អ្នកជំងឺរាគ យឺតយ៉ាវក្នុងការព្យាបាលបន្ទាប់ពីចេញរោគសញ្ញាធ្ងន់ធ្ងរដូចបានរៀបរាប់ខាងលើនេះ។
ជាក់ស្ដែង អ្នកជំងឺរាគធ្ងន់ធ្ងរឈានដល់ការបាត់បង់ជីវិត ដោយសារតែ
- បាត់បង់ជាតិទឹកច្រើនក្នុងខ្លួនរហូតដល់ខ្សោះជាតិទឹកក្នុងខ្លួន
- បាត់បង់អេឡិចត្រូលីត្រសំខាន់ៗដែលជួយដល់មុខងាររបស់បេះដូង និងសាច់ដុំ៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)