ក្នុងអំឡុងពេលទឹកជំនន់កំពុងតែកើតមានឡើង សូមប្រជាជនកម្ពុជាទាំងអស់ចំណាយពេល៥នាទី យល់ដឹងស៊ីជម្រៅពីវិធីសង្រ្គោះបឋមក្នុងករណីលង់ទឹក ដើម្បីប្រសិទ្ធភាពក្នុងការជួយសង្រ្គោះជនរងគ្រោះ និងចៀសវៀងគ្រោះថ្នាក់ដល់ខ្លួនឯង ។ ការសង្រ្គោះបឋមករណីលង់ទឹក បែងចែកជា ៣ដំណាក់កាល គឺ (ដំណាក់កាលទី១ ( ពេលជួយអ្នកលង់ទឹកពីក្នុងទឹក ) , ដំណាក់កាលទី២ (ពេលជួយសង្រ្គោះអ្នកលង់ទឹកលើគោក) , ដំណាក់កាលទី៣ (ក្រោយពេលដឹងខ្លួន) , ។
តើអ្វីជាការ លង់ទឹក ? ការលង់ទឹក គឺបណ្ដាលមកពីសារធាតុរាវ (ទឹក) ហូរចូលតាមច្រមុះ ឬមាត់ ធ្វើឱ្យស្ទះដល់ដំណើរចេញចូលរបស់ខ្យល់ ។
មានកត្តាជាច្រើនបណ្ដាលឱ្យ លង់ទឹក ដូចជា អ្នកមិនពូកែលង់ទឹក ទឹកកួច ទឹកជំនន់ហូរខ្លាំង និងបញ្ហាផ្សេងៗទៀត (លិចទូក ឈ្លក់ទឹក រមួលក្រពើ ... ) ។
យ៉ាងណាមិញ ចំពោះករណី លង់ទឹក យើងគ្រប់រូបគួរតែចេះអំពីការសង្រ្គោះបឋមដែលមានប្រសិទ្ធភាព ដើម្បីបន្ថយហានិភ័យធ្ងន់ធ្ងរចៀសវាងប្រឈមនឹងការបាត់អាយុជីវិត ។
ការសង្រ្គោះបឋមករណីលង់ទឹក ត្រូវបានបែងចែកជា ៣ដំណាក់ផ្សេងគ្នា ។
១. ដំណាក់កាលទី១ ( ពេលជួយអ្នកលង់ទឹកពីក្នុងទឹក )
- ហាមដាច់ខាតចុះទៅជួយអ្នកកំពុងលង់ទឹក ព្រោះវាអាចបណ្ដាលឱ្យលង់ទឹកទាំងពីរនាក់ ។ តែក្នុងករណីជនរងគ្រោះលង់ទឹកគ្មានចលនា ឬសន្លប់ ទើបតម្រូវឱ្យចុះទៅជួយជនរងគ្រោះដោយលើកក្បាលជនរងគ្រោះឱ្យផុតពីទឹក រួចទ្រពោះដើម្បីឱ្យក្បាលសំយុងចុះមកក្រោមឱ្យទឹកចេញក្រៅវិញ ហើយរកកន្លែងសុវត្ថិភាព។
- ក្នុងករណីមួយទៀត ពេលឃើញជនរងគ្រោះកំពុងលង់ទឹក សូមរកវត្ថុក្បែរដៃ ដូចជា បោះខ្សែ ខ្សែពោង ឈើវែង ឱ្យអ្នកលង់ទឹកចាប់តោងឡើងមកលើគោកវិញ ។
២. ដំណាក់កាលទី២ (ពេលជួយសង្រ្គោះអ្នកលង់ទឹកលើគោក)
- បន្ទាប់ពីរកកន្លែងមានសុវត្ថិភាពដាក់ជនរងគ្រោះ សូមព្យាយាមដាស់ឱ្យជនរងគ្រោះដឹងខ្លួន បើគ្មានប្រតិកម្មទេសូមពិនិត្យមើលក្នុងមាត់ បើមានអ្វីស្ទះផ្លូវដង្ហើម(បំពង់ក) សូមយកដៃកាយចេញមកក្រៅនូវវត្ថុដែលស្ទះ តែហាមបង្វិលក្បាលជនរងគ្រោះ ។
- រួចងើយក្បាលជនរងគ្រោះទៅក្រោយបន្តិច ដើម្បីឱ្យស្រួលដកដង្ហើម និងឱ្យទឹកហូរចេញមកក្រៅឱ្យអស់។
មើលដើមទ្រូង ស្ដាប់ដង្ហើម ស្ទង់ជីពចរដៃ និងជីពចរ ក ដែលនៅជិតបេះដូងបំផុត បើជីពចរនៅដើរ មានន័យថាជនរងគ្រោះនៅមានសង្ឃឹមរស់។
- ក្នុងករណីមិនមានខ្យល់ដកដង្ហើម សូមបញ្ចូលខ្យល់តាមមាត់ជនរងគ្រោះ ដោយដាក់ក្បាលគាត់ងើយទៅក្រោយ និងចំហរមាត់ ។ ច្របាច់គល់ច្រមុះឱ្យខ្លាំង ដកដង្ហើមចូលឱ្យវែង ហាមាត់ឱ្យធំ ហើយផ្អឹប បបូរមាត់របស់អ្នកជុំវិញមាត់ជនរងគ្រោះ រួចផ្លុំខ្យល់ចូលក្នុងមាត់ រហូតទាល់តែលោកអ្នកឃើញទ្រូងជនរងគ្រោះឡើងប៉ោង។ បន្ទាប់មកត្រូវដកមាត់ចេញសិន សឹមបន្ដអនុវត្ដបែបនេះ៥វិនាទីម្ដង។
៣. ដំណាក់កាលទី៣ (ក្រោយពេលដឹងខ្លួន)
- ពេលអ្នកលង់ទឹកដឹងខ្លួន ត្រូវដាក់ឱ្យគេងផ្អៀង
- យកភួយ ឬក្រណាត់មកដណ្ដប់ឱ្យគាត់មានភាពកក់ក្ដៅ
- ត្រូវនៅក្បែរអ្នកទើបតែដឹងខ្លួនពីលង់ទឹករហូតទាល់តែគាត់មានកម្លាំង ងើបដើរដោយខ្លួនឯងបាន
- គួរបញ្ជូនអ្នកលង់ទឹកដែលដឹងខ្លួនហើយ ទៅព្យាបាលនៅមន្ទីរពេទ្យបន្តទៀត ដើម្បីហានិភ័យផ្សេងៗ។
ទន្ទឹមនឹងករណីលង់ទឹកនេះដែរ សូមឪពុកម្ដាយ និងអាណាព្យាបាលទាំងអស់ មេត្តាជ្រាបថា កុមារប្រឈមនឹងគ្រោះថ្នាក់បំផុតចំពោះករណីលង់ទឹក ដោយសារតែពួកគេគ្មានកម្លាំងគ្រប់គ្រាន់ ក្នុងការទប់ទល់នឹងការអត់ដង្ហើមយូរ ដូច្នេះ សូមកុំបណ្ដោយកូនៗរបស់លោកអ្នក ងូតទឹកលេងតែម្នាក់ឯង ជាពិសេសក្នុងអំឡុងពេលគ្រោះទឹកជំនន់ ៕
- ស្រាវជ្រាវ និងកែសម្រួលអត្ថបទ ដោយក្រុមការងារ សុខក្រម-Sokhakrom
- សូមទាញយកកម្មវិធីសុខក្រមនៅលើកម្មវិធីទូរស័ព្ទដៃ ដោយវាយពាក្យថា Sokhakrom ក្នុង Play Store និង App Store ដើម្បីអានអត្ថបទ និងទស្សនាវីដេអូស្ដីពីសុខភាពដោយសេរី ដែលបកស្រាយដោយវេជ្ជបណ្ឌិតល្បីក្នុងប្រទេសកម្ពុជា
- សូមគោរពជូនលោកវេជ្ជបណ្ឌិត ដែលចង់ចែករំលែកគន្លឹះថែទាំសុខភាព សូមទំនាក់ទំនងមកកាន់ក្រុមការងារ សុខក្រម យើងខ្ញុំ