(+855) 11 909 020 / 69 909 011

យល់ច្បាស់ពីវិធីសង្រ្គោះបឋមករណីលង់ទឹកទើបមិនគ្រោះថ្នាក់ដល់ខ្លួនឯង 

ក្នុងអំឡុងពេលទឹកជំនន់កំពុងតែកើតមានឡើង សូមប្រជាជនកម្ពុជាទាំងអស់ចំណាយពេល៥នាទី យល់ដឹងស៊ីជម្រៅពីវិធីសង្រ្គោះបឋមក្នុងករណីលង់ទឹក ដើម្បីប្រសិទ្ធភាពក្នុងការជួយសង្រ្គោះជនរងគ្រោះ និងចៀសវៀងគ្រោះថ្នាក់ដល់ខ្លួនឯង ។ ការសង្រ្គោះបឋមករណីលង់ទឹក បែងចែកជា ៣ដំណាក់កាល គឺ (ដំណាក់កាលទី១ ( ពេលជួយអ្នកលង់ទឹកពីក្នុងទឹក ) , ដំណាក់កាលទី២ (ពេលជួយសង្រ្គោះអ្នកលង់ទឹកលើគោក) , ដំណាក់កាលទី៣ (ក្រោយពេលដឹងខ្លួន) , ។ 

តើអ្វីជាការ លង់ទឹក ? ការលង់ទឹក គឺបណ្ដាលមកពីសារធាតុរាវ (ទឹក) ហូរចូលតាមច្រមុះ ឬមាត់ ធ្វើឱ្យស្ទះដល់ដំណើរចេញចូលរបស់ខ្យល់ ។ 

មានកត្តាជាច្រើនបណ្ដាលឱ្យ លង់ទឹក ដូចជា អ្នកមិនពូកែលង់ទឹក ទឹកកួច ទឹកជំនន់ហូរខ្លាំង និងបញ្ហាផ្សេងៗទៀត (លិចទូក ឈ្លក់ទឹក រមួលក្រពើ ... ) ។ 

យ៉ាងណាមិញ ចំពោះករណី លង់ទឹក យើងគ្រប់រូបគួរតែចេះអំពីការសង្រ្គោះបឋមដែលមានប្រសិទ្ធភាព ដើម្បីបន្ថយហានិភ័យធ្ងន់ធ្ងរចៀសវាងប្រឈមនឹងការបាត់អាយុជីវិត ។ 

ការសង្រ្គោះបឋមករណីលង់ទឹក ត្រូវបានបែងចែកជា ៣ដំណាក់ផ្សេងគ្នា ។ 

១. ដំណាក់កាលទី១ ( ពេលជួយអ្នកលង់ទឹកពីក្នុងទឹក )

- ហាមដាច់ខាតចុះទៅជួយអ្នកកំពុងលង់ទឹក ព្រោះវាអាចបណ្ដាលឱ្យលង់ទឹកទាំងពីរនាក់ ។ តែក្នុងករណីជនរងគ្រោះលង់ទឹកគ្មានចលនា ឬសន្លប់ ទើបតម្រូវឱ្យចុះទៅជួយជនរងគ្រោះដោយលើកក្បាលជនរងគ្រោះឱ្យផុតពីទឹក រួចទ្រពោះដើម្បីឱ្យក្បាលសំយុងចុះមកក្រោមឱ្យទឹកចេញក្រៅវិញ ហើយរកកន្លែងសុវត្ថិភាព។ 
- ក្នុងករណីមួយទៀត ពេលឃើញជនរងគ្រោះកំពុងលង់ទឹក សូមរកវត្ថុក្បែរដៃ ដូចជា បោះខ្សែ ខ្សែពោង ឈើវែង ឱ្យអ្នកលង់ទឹកចាប់តោងឡើងមកលើគោកវិញ ។   

២. ដំណាក់កាលទី២ (ពេលជួយសង្រ្គោះអ្នកលង់ទឹកលើគោក) 

- បន្ទាប់ពីរកកន្លែងមានសុវត្ថិភាពដាក់ជនរងគ្រោះ សូមព្យាយាមដាស់ឱ្យជនរងគ្រោះដឹងខ្លួន បើគ្មានប្រតិកម្មទេសូមពិនិត្យមើលក្នុងមាត់ បើមានអ្វីស្ទះផ្លូវដង្ហើម(បំពង់ក) សូមយកដៃកាយចេញមកក្រៅនូវវត្ថុដែលស្ទះ តែហាមបង្វិលក្បាលជនរងគ្រោះ ។
- រួចងើយក្បាលជនរងគ្រោះទៅក្រោយបន្តិច ដើម្បីឱ្យស្រួលដកដង្ហើម និងឱ្យទឹកហូរចេញមកក្រៅឱ្យអស់។
មើលដើមទ្រូង ស្ដាប់​ដង្ហើម ស្ទង់​ជីពចរដៃ និង​ជីពចរ ក ​ដែលនៅ​ជិតបេះដូង​បំផុត បើជីពចរនៅ​ដើរ មាន​ន័យថា​ជនរងគ្រោះនៅ​មានសង្ឃឹម​រស់។
- ក្នុងករណីមិនមានខ្យល់ដកដង្ហើម សូមបញ្ចូលខ្យល់តាមមាត់ជនរងគ្រោះ ដោយដាក់ក្បាលគាត់ងើយទៅក្រោយ និងចំហរមាត់ ។ ច្របាច់​គល់ច្រមុះ​ឱ្យខ្លាំង ដកដង្ហើម​ចូលឱ្យវែង ហាមាត់ឱ្យធំ ហើយផ្អឹប បបូរមាត់របស់​អ្នក​ជុំវិញ​មាត់ជនរងគ្រោះ រួចផ្លុំខ្យល់​ចូលក្នុង​មាត់ រហូត​ទាល់តែ​លោកអ្នក​ឃើញទ្រូងជនរងគ្រោះឡើង​ប៉ោង។ បន្ទាប់មក​ត្រូវដកមាត់ចេញសិន សឹម​បន្ដអនុវត្ដ​បែបនេះ​៥វិនាទីម្ដង។

៣. ដំណាក់កាលទី៣ (ក្រោយពេលដឹងខ្លួន)

- ពេលអ្នកលង់ទឹកដឹងខ្លួន ត្រូវដាក់ឱ្យគេងផ្អៀង 
- យកភួយ ឬក្រណាត់មកដណ្ដប់ឱ្យគាត់មានភាពកក់ក្ដៅ 
- ត្រូវនៅក្បែរអ្នកទើបតែដឹងខ្លួនពីលង់ទឹករហូតទាល់តែគាត់មានកម្លាំង ងើបដើរដោយខ្លួនឯងបាន 
- គួរបញ្ជូនអ្នកលង់ទឹកដែលដឹងខ្លួនហើយ ទៅព្យាបាលនៅមន្ទីរពេទ្យបន្តទៀត ដើម្បីហានិភ័យផ្សេងៗ។ 


ទន្ទឹមនឹងករណីលង់ទឹកនេះដែរ សូមឪពុកម្ដាយ និងអាណាព្យាបាលទាំងអស់ មេត្តាជ្រាបថា កុមារប្រឈមនឹងគ្រោះថ្នាក់បំផុតចំពោះករណីលង់ទឹក ដោយសារតែពួកគេគ្មានកម្លាំងគ្រប់គ្រាន់ ក្នុងការទប់ទល់នឹងការអត់ដង្ហើមយូរ ដូច្នេះ សូមកុំបណ្ដោយកូនៗរបស់លោកអ្នក ងូតទឹកលេងតែម្នាក់ឯង ជាពិសេសក្នុងអំឡុងពេលគ្រោះទឹកជំនន់ ៕  


- ស្រាវជ្រាវ និងកែសម្រួលអត្ថបទ ដោយក្រុមការងារ សុខក្រម-Sokhakrom

- សូមទាញយកកម្មវិធីសុខក្រមនៅលើកម្មវិធីទូរស័ព្ទដៃ ដោយវាយពាក្យថា Sokhakrom ក្នុង Play Store និង App Store ដើម្បីអានអត្ថបទ និងទស្សនាវីដេអូស្ដីពីសុខភាពដោយសេរី ដែលបកស្រាយដោយវេជ្ជបណ្ឌិតល្បីក្នុងប្រទេសកម្ពុជា 
- សូមគោរពជូនលោកវេជ្ជបណ្ឌិត ដែលចង់ចែករំលែកគន្លឹះថែទាំសុខភាព សូមទំនាក់ទំនងមកកាន់ក្រុមការងារ សុខក្រម យើងខ្ញុំ