(+855) 11 909 020 / 69 909 011

វិធីសង្រ្គោះបឋម លើអ្នកដែលកំពុងតែលង់ទឹក

សុខភាពៈ​ លង់ទឹក បណ្ដាលមកពីវត្ថុរាវ (ទឹក) ធ្វើឱ្យស្ទះដំណើរ​ខ្យល់ចូល​ទៅក្នុងមាត់ និង​ច្រមុះ។ មូលហេតុដែលនាំឱ្យលង់ទឹក​ គឺដោយសារអ្នកលេងទឹកមិនពូកែហែលទឹក មិនដឹងពីជម្រៅទឹក ទឹកកួច ជំនន់បក់បោកខ្លាំង និងបញ្ហាឧបករណ៍ហែលទឹក (អាវពោង និងលិចទូក...)។ 

 

ក្នុងករណីដែលឃើញមានជនណាម្នាក់លង់ទឹក លោកអ្នកអាចអនុវត្តវិធីសង្រ្គោះបឋមខាងក្រោមនេះបាន ដែលបែងចែកជាបីដំណាក់កាលគឺ៖

 

ដំណាក់កាលទី១-ពេលជួយអ្នកលង់ទឹកពីក្នុងទឹក 

 

- ហាមដាច់ខាតចុះទៅជួយអ្នកកំពុងលង់ទឹក ព្រោះវាអាចបណ្ដាលឱ្យលង់ទឹកទាំងពីរនាក់ 

- ប្រើប្រាស់ឧបករណ៍ជាមធ្យោបាយជួយអ្នកលង់ទឹក ជំនួសឱ្យការចុះទៅជួយដោយផ្ទាល់ ដូចជា បោះខ្សែយោងពោង ឈើវែងៗជាដើម

- ក្នុងករណីជនរងគ្រោះលង់ទឹកហើយ លោកអ្នកត្រូវចុះទៅស្រង់ជងរគ្រោះពីទឹក ដោយលើកក្បាលជនរងគ្រោះឱ្យផុតពីទឹក  រួចទ្រពោះ ដើម្បីឱ្យក្បាលសំយុងចុះមកក្រោម ដើម្បីឱ្យទឹកហូរចេញក្រៅវិញ ហើយយកមកដាក់នៅកន្លែងដែលមានសុវត្តិភាព។  

 

ដំណាក់កាលទី២-ពេលជួយសង្រ្គោះអ្នកលង់ទឹកលើគោក 

 

- ដាស់​ឱ្យអ្នកលង់​ទឹកដឹងខ្លួន បើគ្មាន​ប្រតិកម្មទេ ត្រូវបើក​មាត់គាត់​ឡើង ហើយ​ពិនិត្យ​មើលតើ​មានអ្វីស្ទះ នៅក្នុង​ផ្លូវដង្ហើម​(បំពង់ក)​គាត់ឬទេ។

- បើមានអ្វីក្នុងផ្លូវដង្ហើមអ្នកលង់ទឹក ត្រូវយកដៃកាយចេញមកក្រៅ តែហាមបង្វិលក្បាលជនរងគ្រោះឱ្យសោះ។   

- រួចងើយក្បាលអ្នកលង់ទឹកទៅក្រោយបន្តិច ដើម្បីឱ្យស្រួលដកដង្ហើម ដើម្បីឱ្យទឹកហូរចេញមកក្រៅឱ្យអស់។

- មើល​ដើមទ្រូង ស្ដាប់​ដង្ហើម ស្ទង់​ជីពចរដៃ ឬ​ជីពចរក​ដែលនៅ​ជិតបេះដូង​បំផុត បើនៅ​ដើរមាន​ន័យថា​គាត់នៅ​មានសង្ឃឹម​រស់។ 

- ករណី​មិនមាន​ដង្ហើម ត្រូវផ្លុំខ្យល់​បញ្ចូល​តាមមាត់ ដោយ​ដាក់ក្បាល​គាត់ងើយ​ទៅក្រោយ ហើយ​ចំហមាត់។

- ច្របាច់​គល់ច្រមុះ​ឱ្យខ្លាំង ដកដង្ហើម​ចូលឱ្យវែង ហាមាត់ឱ្យធំ ហើយផ្អឹប បបូរមាត់​លោកអ្នក​ជុំវិញ​មាត់គាត់។

- ផ្លុំខ្យល់​ចូលក្នុង​មាត់គាត់ រហូត​ទាល់តែ​លោកអ្នក​ឃើញទ្រូង​គាត់ឡើង​ប៉ោង។ បន្ទាប់មក​ត្រូវយក មាត់ចេញ និង​បន្ដអនុវត្ដ​បែបនេះ​៥វិនាទីម្ដង។

 

ដំណាក់កាលទី៣-ក្រោយពេលដឹងខ្លួន

 

- ពេលអ្នកលង់ទឹកដឹងខ្លួន ត្រូវដាក់ឱ្យគេងផ្អៀង 

- យកភួស ឬក្រណាត់មកដណ្ដប់ឱ្យគាត់មានភាពកក់ក្ដៅ 

- ត្រូវនៅក្បែរអ្នកទើបតែដឹងខ្លួនពីលង់ទឹករហូតទាល់តែគាត់មានកម្លាំង ងើបដើរដោយខ្លួនឯងបាន 

- គួរបញ្ជូនអ្នកលង់ទឹកដែលដឹងខ្លួនហើយ ទៅព្យាបាលនៅមន្ទីរពេទ្យបន្តទៀត ដើម្បីហានិភ័យផ្សេងៗ។ 

 

សូមបញ្ជាក់ថាៈ ទាក់ទងនឹងករណីលង់ទឹកនេះដែរ ក្មេងៗគឺមានអត្រាគ្រោះថ្នាក់ខ្ពស់បំផុត ព្រោះកម្លាំងខ្សោយមិនអាចទប់ទល់នឹង ការស្ទះផ្លូវដង្ហើមក្នុងទឹកបានយូរ ដូច្នេះ​ សូមកុំបណ្ដោយឱ្យកូនតូចៗ របស់លោកអ្នកលេងទឹកតែម្នាក់ឯង។ ជាមួយគ្នានេះ រាល់ពេលងូតទឹក មិនថា អាង បឹង ទន្លេ សមុទ្រ សូមស្លៀកសម្លៀកបំពាក់ដែលពុំសូវជក់ទឹក ចៀសវាងខោអាវជក់ទឹកខ្លាំង ដូចជា អាវរងារ និងខោខាប៊ូយជាដើម ព្រោះវាធ្វើឱ្យទម្ងន់របស់យើងកាន់តែធ្ងន់ និងឆាប់អស់កម្លាំងពេលហែលទឹក ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដោយចៃនដ្យ ដូចជាអាការ​រមួលក្រពើ ឬ​ហត់ពេក៕ 

 

- កែសម្រួលៈ សុខក្រម- SokhaKrom 

- ដកស្រង់ពីៈ សុខភាព និងបរទេស