សុខភាពៈ លង់ទឹក បណ្ដាលមកពីវត្ថុរាវ (ទឹក) ធ្វើឱ្យស្ទះដំណើរខ្យល់ចូលទៅក្នុងមាត់ និងច្រមុះ។ មូលហេតុដែលនាំឱ្យលង់ទឹក គឺដោយសារអ្នកលេងទឹកមិនពូកែហែលទឹក មិនដឹងពីជម្រៅទឹក ទឹកកួច ជំនន់បក់បោកខ្លាំង និងបញ្ហាឧបករណ៍ហែលទឹក (អាវពោង និងលិចទូក...)។
ក្នុងករណីដែលឃើញមានជនណាម្នាក់លង់ទឹក លោកអ្នកអាចអនុវត្តវិធីសង្រ្គោះបឋមខាងក្រោមនេះបាន ដែលបែងចែកជាបីដំណាក់កាលគឺ៖
ដំណាក់កាលទី១-ពេលជួយអ្នកលង់ទឹកពីក្នុងទឹក
- ហាមដាច់ខាតចុះទៅជួយអ្នកកំពុងលង់ទឹក ព្រោះវាអាចបណ្ដាលឱ្យលង់ទឹកទាំងពីរនាក់
- ប្រើប្រាស់ឧបករណ៍ជាមធ្យោបាយជួយអ្នកលង់ទឹក ជំនួសឱ្យការចុះទៅជួយដោយផ្ទាល់ ដូចជា បោះខ្សែយោងពោង ឈើវែងៗជាដើម
- ក្នុងករណីជនរងគ្រោះលង់ទឹកហើយ លោកអ្នកត្រូវចុះទៅស្រង់ជងរគ្រោះពីទឹក ដោយលើកក្បាលជនរងគ្រោះឱ្យផុតពីទឹក រួចទ្រពោះ ដើម្បីឱ្យក្បាលសំយុងចុះមកក្រោម ដើម្បីឱ្យទឹកហូរចេញក្រៅវិញ ហើយយកមកដាក់នៅកន្លែងដែលមានសុវត្តិភាព។
ដំណាក់កាលទី២-ពេលជួយសង្រ្គោះអ្នកលង់ទឹកលើគោក
- ដាស់ឱ្យអ្នកលង់ទឹកដឹងខ្លួន បើគ្មានប្រតិកម្មទេ ត្រូវបើកមាត់គាត់ឡើង ហើយពិនិត្យមើលតើមានអ្វីស្ទះ នៅក្នុងផ្លូវដង្ហើម(បំពង់ក)គាត់ឬទេ។
- បើមានអ្វីក្នុងផ្លូវដង្ហើមអ្នកលង់ទឹក ត្រូវយកដៃកាយចេញមកក្រៅ តែហាមបង្វិលក្បាលជនរងគ្រោះឱ្យសោះ។
- រួចងើយក្បាលអ្នកលង់ទឹកទៅក្រោយបន្តិច ដើម្បីឱ្យស្រួលដកដង្ហើម ដើម្បីឱ្យទឹកហូរចេញមកក្រៅឱ្យអស់។
- មើលដើមទ្រូង ស្ដាប់ដង្ហើម ស្ទង់ជីពចរដៃ ឬជីពចរកដែលនៅជិតបេះដូងបំផុត បើនៅដើរមានន័យថាគាត់នៅមានសង្ឃឹមរស់។
- ករណីមិនមានដង្ហើម ត្រូវផ្លុំខ្យល់បញ្ចូលតាមមាត់ ដោយដាក់ក្បាលគាត់ងើយទៅក្រោយ ហើយចំហមាត់។
- ច្របាច់គល់ច្រមុះឱ្យខ្លាំង ដកដង្ហើមចូលឱ្យវែង ហាមាត់ឱ្យធំ ហើយផ្អឹប បបូរមាត់លោកអ្នកជុំវិញមាត់គាត់។
- ផ្លុំខ្យល់ចូលក្នុងមាត់គាត់ រហូតទាល់តែលោកអ្នកឃើញទ្រូងគាត់ឡើងប៉ោង។ បន្ទាប់មកត្រូវយក មាត់ចេញ និងបន្ដអនុវត្ដបែបនេះ៥វិនាទីម្ដង។
ដំណាក់កាលទី៣-ក្រោយពេលដឹងខ្លួន
- ពេលអ្នកលង់ទឹកដឹងខ្លួន ត្រូវដាក់ឱ្យគេងផ្អៀង
- យកភួស ឬក្រណាត់មកដណ្ដប់ឱ្យគាត់មានភាពកក់ក្ដៅ
- ត្រូវនៅក្បែរអ្នកទើបតែដឹងខ្លួនពីលង់ទឹករហូតទាល់តែគាត់មានកម្លាំង ងើបដើរដោយខ្លួនឯងបាន
- គួរបញ្ជូនអ្នកលង់ទឹកដែលដឹងខ្លួនហើយ ទៅព្យាបាលនៅមន្ទីរពេទ្យបន្តទៀត ដើម្បីហានិភ័យផ្សេងៗ។
សូមបញ្ជាក់ថាៈ ទាក់ទងនឹងករណីលង់ទឹកនេះដែរ ក្មេងៗគឺមានអត្រាគ្រោះថ្នាក់ខ្ពស់បំផុត ព្រោះកម្លាំងខ្សោយមិនអាចទប់ទល់នឹង ការស្ទះផ្លូវដង្ហើមក្នុងទឹកបានយូរ ដូច្នេះ សូមកុំបណ្ដោយឱ្យកូនតូចៗ របស់លោកអ្នកលេងទឹកតែម្នាក់ឯង។ ជាមួយគ្នានេះ រាល់ពេលងូតទឹក មិនថា អាង បឹង ទន្លេ សមុទ្រ សូមស្លៀកសម្លៀកបំពាក់ដែលពុំសូវជក់ទឹក ចៀសវាងខោអាវជក់ទឹកខ្លាំង ដូចជា អាវរងារ និងខោខាប៊ូយជាដើម ព្រោះវាធ្វើឱ្យទម្ងន់របស់យើងកាន់តែធ្ងន់ និងឆាប់អស់កម្លាំងពេលហែលទឹក ដើម្បីចៀសវាងគ្រោះថ្នាក់ដោយចៃនដ្យ ដូចជាអាការរមួលក្រពើ ឬហត់ពេក៕
- កែសម្រួលៈ សុខក្រម- SokhaKrom
- ដកស្រង់ពីៈ សុខភាព និងបរទេស