សុខភាព៖ ការណែនាំសង្ខេបពីអ្នកឯកទេសផ្នែកកុមារ បានឱ្យដឹង កុមារដែលមានអាយុចន្លោះពី ៣ ទៅ ៥ ឆ្នាំ ដេកថ្ងៃ ជួយបង្កើនសមត្ថភាពយ៉ាងសកម្ម នៃខួរក្បាលរបស់ពួកគេ ក្នុងអំឡុងពេលគេង ធ្វើឱ្យខួរក្បាលចងចាំបានល្អ និងរហ័សរហួន។
ជាមួយគ្នានេះ កុមារដេកថ្ងៃក្រោយពីទទួលទានអាហារថ្ងៃត្រង់រួច ពួកគេមានកម្លាំងកំហែងអាចបំពេញការងាររបស់ពួកគេ (ការងាររបស់កុមារ រត់លេង ធ្វើនេះធ្វើនោះ រៀនសូត្រពីមនុស្សចាស់...) និងរៀនសូត្របានជាច្រើនម៉ោងនៅពេលរសៀល បើនិយាយជារួម គឺបន្ទាប់ពីពួកគេក្រោកពីគេង។ ការណែនាំដដែល បានឱ្យដឹងទៀតថា ក្មេងដេកថ្ងៃ នឹងទទួលបានថាមពលខ្លះៗ បន្តទៅថ្ងៃស្អែកថែមទៀតផង។
សម្រាប់មនុស្សចាប់ពីពេញវ័យទៅ ការគេងថ្ងៃ មានផលប្រយោជន៍ច្រើន ដូចជា អាចកាត់បន្ថយ Stress ជួយឱ្យមាននិងរក្សាបានការចងចាំល្អ និងអាចផ្ទង់អារម្មណ៍បាននឹង ក្នុងការបញ្ចេញសកម្មភាពការងារ ឬគំនិតផ្តួចផ្តើមល្អ និងធ្វើឱ្យមុខងារប្រព័ន្ធប្រសាទមានលំនឹងល្អឡើងវិញ។
ដូចគ្នានេះដែរ សម្រាកតែពីរ ឬបីនាទី ប៉ុណ្ណោះ អាចនឹងធ្វើឱ្យយើងស្ថិតនៅជាមនុស្សមានសភាពរហ័សរហួនជានិច្ច ព្រោះតែបានសម្រាកសូ្របយកថាមពលមកបំពេញសេចក្តីត្រូវការរបស់សរីរាង្គកាយឡើងវិញបាន។
អ្នកដែលមានកាលវិភាគការងារមមាញឹកខ្លាំង រហូតធ្វើការដល់ពេលយប់ជ្រៅ គួរសាកល្បងគេងនៅពេលថ្ងៃ ព្រោះជួយបំពេញដំណេកពេលយប់បានពីមួយម៉ោង ទៅពីរម៉ោង ក្នុងមួយថ្ងៃ៕
-កែសម្រួលៈ សុខក្រម-Sokhakrom
-ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក