(+855) 11 909 020 / 69 909 011

តើអ្វីជាជម្ងឺព្រាយក្រឡាភ្លើងរបស់ស្រ្តីសម្រាលកូន?

សុខភាព៖ ព្រាយក្រឡាភ្លើង (pre-eclampsia) ជាប្រភេទជម្ងឺម្យ៉ាងកើតលើស្រ្តីសម្រាលកូន។  
 
ជម្ងឺនេះឧស្សាហ៍កើតលើស្រ្តីសម្រាលកូនមានវ័យក្រោម ១៨ ឆ្នាំ​ និងមានវ័យលើសពី ៣៥ ទៅ ៤០ឆ្នាំ ចំពោះ​អ្នក​មានកូន​ដំបូង ឬ​អ្នក​មានកូន​ច្រើន​ចាប់ពី​កូន​ទី ​៤ ​ឡើង​ទៅ។ ជាមួយគ្នានេះដែរ អ្នក​ដែល​មានកូន​ភ្លោះ​ និង​ស្រ្តីមានផ្ទៃពោះ​មាន​ទឹកភ្លោះ​ច្រើន ​ក៏​អាច​ប្រឈម​នឹង​ជំងឺ​ក្រឡាភ្លើង​នេះផង​ដែរ។
 
កត់សង្កេតឃើញថា ស្រ្តីសម្រាលកូនដែលមានវ័យលើសពី ៤០ ឆ្នាំ កើតជម្ងឺព្រាយក្រឡាភ្លើង អាចមកពីកត្តាបញ្ហាមួយចំនួនដែលចូលរួមចំណែកធ្វើឱ្យកើតជម្ងឺនេះ ដូចជា ការឡើងសម្ពាធឈាម ខ្វះអាហារូបត្ថម្ភ មានកូនញឹកពេក មានប្រវត្តិកើតជំងឺលើសឈាម ទឹកនោមផ្អែម និងតម្រងនោមជាដើម។
 
រោគសញ្ញានៃជម្ងឺក្រឡាភ្លើង៖
- ហើមដៃហើមជើង
- ប្រកាច់ 
- ឈឺក្បាល
- សម្ពាធឈាមឡើងខ្ពស់។   
 
ផលវិបាក និងបញ្ហាប្រឈម៖
- ទារកកើតមកស្វិត
- ទារកអាចកើតមិនគ្រប់ខែ
- បង្ក​ឲ្យ​មាន​ឈាមកក​នៅ​ខាងក្រោយ​សុក​ ជា​ហេតុ​ប្រឈម​នឹង​គ្រោះថ្នាក់​​កូន​ស្លាប់ក្នុងផ្ទៃ
- ម្តាយ​ខូច​តម្រងនោម ឈាមកក​ក្នុង​សរសៃ ហើយ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​និង​មាន​ជំងឺ​ទឹក​ដក់​នៅ​ក្នុង​សួត និងធ្ងន់ធ្ងរបំផុតអាចធ្វើឱ្យម្ដាយស្លាប់បាន។  
 
សូមបញ្ជាក់ថា ប្រសិនបើស្ត្រី​មាន​ផ្ទៃពោះ​​ឃើញ​រោគ​សញ្ញា​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់​និង​មាន​ហើមជើង​ត្រូវ​តែ សូម​ប្រញាប់​ទៅ​កាន់​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ណាមួយ​ជា​បន្ទាន់​ ដើម្បី​ទទួលយកសេវាព្យាបាល៕ 
 
-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom 
-ប្រភពៈ ព័ត៌មានក្នុងស្រុក