តើអ្វីជាជម្ងឺព្រាយក្រឡាភ្លើងរបស់ស្រ្តីសម្រាលកូន?
សុខភាព៖ ព្រាយក្រឡាភ្លើង (pre-eclampsia) ជាប្រភេទជម្ងឺម្យ៉ាងកើតលើស្រ្តីសម្រាលកូន។
ជម្ងឺនេះឧស្សាហ៍កើតលើស្រ្តីសម្រាលកូនមានវ័យក្រោម ១៨ ឆ្នាំ និងមានវ័យលើសពី ៣៥ ទៅ ៤០ឆ្នាំ ចំពោះអ្នកមានកូនដំបូង ឬអ្នកមានកូនច្រើនចាប់ពីកូនទី ៤ ឡើងទៅ។ ជាមួយគ្នានេះដែរ អ្នកដែលមានកូនភ្លោះ និងស្រ្តីមានផ្ទៃពោះមានទឹកភ្លោះច្រើន ក៏អាចប្រឈមនឹងជំងឺក្រឡាភ្លើងនេះផងដែរ។
កត់សង្កេតឃើញថា ស្រ្តីសម្រាលកូនដែលមានវ័យលើសពី ៤០ ឆ្នាំ កើតជម្ងឺព្រាយក្រឡាភ្លើង អាចមកពីកត្តាបញ្ហាមួយចំនួនដែលចូលរួមចំណែកធ្វើឱ្យកើតជម្ងឺនេះ ដូចជា ការឡើងសម្ពាធឈាម ខ្វះអាហារូបត្ថម្ភ មានកូនញឹកពេក មានប្រវត្តិកើតជំងឺលើសឈាម ទឹកនោមផ្អែម និងតម្រងនោមជាដើម។
រោគសញ្ញានៃជម្ងឺក្រឡាភ្លើង៖
- ហើមដៃហើមជើង
- ប្រកាច់
- ឈឺក្បាល
- សម្ពាធឈាមឡើងខ្ពស់។
ផលវិបាក និងបញ្ហាប្រឈម៖
- ទារកកើតមកស្វិត
- ទារកអាចកើតមិនគ្រប់ខែ
- បង្កឲ្យមានឈាមកកនៅខាងក្រោយសុក ជាហេតុប្រឈមនឹងគ្រោះថ្នាក់កូនស្លាប់ក្នុងផ្ទៃ
- ម្តាយខូចតម្រងនោម ឈាមកកក្នុងសរសៃ ហើយប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលនិងមានជំងឺទឹកដក់នៅក្នុងសួត និងធ្ងន់ធ្ងរបំផុតអាចធ្វើឱ្យម្ដាយស្លាប់បាន។
សូមបញ្ជាក់ថា ប្រសិនបើស្ត្រីមានផ្ទៃពោះឃើញរោគសញ្ញាមានសម្ពាធឈាមឡើងខ្ពស់និងមានហើមជើងត្រូវតែ សូមប្រញាប់ទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពណាមួយជាបន្ទាន់ ដើម្បីទទួលយកសេវាព្យាបាល៕
-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom
-ប្រភពៈ ព័ត៌មានក្នុងស្រុក