(+855) 11 909 020 / 69 909 011

សង្រ្គោះបឋមលើជនរងគ្រោះក្នុងករណីរន្ទះបាញ់

សុខភាព៖ រន្ទះបាញ់ ជាបាតុភូតធម្មជាតិដែលផ្ដល់គ្រោះថ្នាក់ដល់អាយុជីវិត។ ភាគច្រើននៃជនរងគ្រោះដែលត្រូវរន្ទះបាញ់គឺមានអាការគាំងបេះដូង និងពិបាកក្នុងការដកដង្ហើម។ 

 

ការគាំងបេះដូងនេះហើយ ជាមូលហេតុធ្វើឱ្យជនរងគ្រោះដែលត្រូវរន្ទះបាញ់បាត់បង់ជីវិត ដោយសារតែមានការជួយសង្រ្គោះយឺតពេល។ 

 

ខាងក្រោមនេះជាដំបូន្មានក្នុងការជួយសង្រ្គោះបឋមក្នុងករណីរន្ទះបាញ់។

 

- ដាក់ជនរងគ្រោះលើកន្ទេល ឬកម្រាលអ្វីមួយ នៅទីដែលមានសុវត្តិភាព ចៀសវាង​ដាក់​ជនរង​គ្រោះ​ដេក​ផ្ទាល់លើ​ដី ឬ​ត្រាំ​ទឹក

- ត្រូវ​ពិនិត្យ​មើល​ចង្វាក់​ដង្ហើម និង​បេះដូង ដោយ​ស្ទាប​ចង្វាក់​ជីវ​ចរ​នៅ​ត្រង់​ក​ជន​រង​គ្រោះ

- ក្នុងករណីជនរងគ្រោះមិនដកដង្ហើម សូមផ្លុំខ្យល់ចូល​មាត់​របស់គេ ​សូមធ្វើ​របៀប​នេះ​រហូត​ដល់​ជន​រង​គ្រោះ​ដកដង្ហើម​ឡើង​វិញ

- ដោយឡែកក្នុងករណីដែលជនរងគ្រោះគ្មានជីពចរ សូមយកដៃទាំងពីរសង្កត់ពីលើ​សន្ទះ​ទ្រូង​គាត់ សូមធ្វើ​បែបនេះរហូត​ទាល់តែ​សាច់ដុំ​បេះដូង​របស់ជនរងគ្រោះមានដំណើរការ ឬលោតឡើងវិញ 

- បន្ទាប់ពីព្យាយាមសង្រ្គោះបឋមលើជនរងគ្រោះដែលត្រូវរន្ទះបាញ់រួចហើយ សូមប្រញ៉ាប់ប្រញាល់នាំជនរងគ្រោះទៅកាន់មន្ទីរពេទ្យដែលនៅក្បែរបំផុត។ 

 

ដើម្បីការពារខ្លួនពីគ្រោះធម្មជាតិរន្ទះបាញ់ សូមប្រុងប្រយ័ត្នការប្រែប្រួលនៃអកាសធាតុ ជាពិសេសក្នុងរដូវភ្លៀង តែងតែមានខ្យល់កន្ត្រាក់ ផ្គរ រន្ទះ ជាញឹកញាប់។ ចំពោះមេឃក្ដៅ ឬមេឃស្រឡះ កម្រមានបាតុភូតធម្មជាតិនេះណាស់។ 

 

- នៅឱ្យឆ្ងាយពីវត្ថុដែលអាចចម្លងចរន្ត 

- បើស្ថិតក្នុងទីវាល សូមអង្គុយចុះ និងឃ្លាតគ្នាឱ្យបានយ៉ាងហោចណាស់ ៣០ ម៉ែត្រ 

- កុំស្ថិតនៅក្រោមដើមឈើ ជាពិសេសដើមឈើធំៗ និងកុំជ្រោកក្រោមអង់តែនខ្សែភ្លើង 

- កាត់បន្ថយ ឬផ្អាកប្រើប្រាស់គ្រឿងអេឡិចត្រូនិច

 

សូមបញ្ចាក់ថា រន្ទះបាញ់ គឺច្រើនតែបាញ់លើទីដែលខ្ពស់ជាងគេ។ ជនរងគ្រោះដែលត្រូវរន្ទះបាញ់ ច្រើនតែគាំបេះដូងឈានទៅរកសេចក្ដីស្លាប់ ដូច្នេះ បើយើងជួយសង្រ្គោះបឋមលើជនរងគ្រោះដែលត្រូវរន្ទះបាញ់ទាន់ពេល អាចមានសង្ឃឹមរស់បាន។ ចុងក្រោយ កុំភ្លេចនាំជនរងគ្រោះទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅក្បែរអ្នកជាទីបំផុត៕ 

 

-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom 

-ប្រភពៈ ព័ត៌មានក្នុងស្រុក