សុខភាព៖ រន្ទះបាញ់ ជាបាតុភូតធម្មជាតិដែលផ្ដល់គ្រោះថ្នាក់ដល់អាយុជីវិត។ ភាគច្រើននៃជនរងគ្រោះដែលត្រូវរន្ទះបាញ់គឺមានអាការគាំងបេះដូង និងពិបាកក្នុងការដកដង្ហើម។
ការគាំងបេះដូងនេះហើយ ជាមូលហេតុធ្វើឱ្យជនរងគ្រោះដែលត្រូវរន្ទះបាញ់បាត់បង់ជីវិត ដោយសារតែមានការជួយសង្រ្គោះយឺតពេល។
ខាងក្រោមនេះជាដំបូន្មានក្នុងការជួយសង្រ្គោះបឋមក្នុងករណីរន្ទះបាញ់។
- ដាក់ជនរងគ្រោះលើកន្ទេល ឬកម្រាលអ្វីមួយ នៅទីដែលមានសុវត្តិភាព ចៀសវាងដាក់ជនរងគ្រោះដេកផ្ទាល់លើដី ឬត្រាំទឹក
- ត្រូវពិនិត្យមើលចង្វាក់ដង្ហើម និងបេះដូង ដោយស្ទាបចង្វាក់ជីវចរនៅត្រង់កជនរងគ្រោះ
- ក្នុងករណីជនរងគ្រោះមិនដកដង្ហើម សូមផ្លុំខ្យល់ចូលមាត់របស់គេ សូមធ្វើរបៀបនេះរហូតដល់ជនរងគ្រោះដកដង្ហើមឡើងវិញ
- ដោយឡែកក្នុងករណីដែលជនរងគ្រោះគ្មានជីពចរ សូមយកដៃទាំងពីរសង្កត់ពីលើសន្ទះទ្រូងគាត់ សូមធ្វើបែបនេះរហូតទាល់តែសាច់ដុំបេះដូងរបស់ជនរងគ្រោះមានដំណើរការ ឬលោតឡើងវិញ
- បន្ទាប់ពីព្យាយាមសង្រ្គោះបឋមលើជនរងគ្រោះដែលត្រូវរន្ទះបាញ់រួចហើយ សូមប្រញ៉ាប់ប្រញាល់នាំជនរងគ្រោះទៅកាន់មន្ទីរពេទ្យដែលនៅក្បែរបំផុត។
ដើម្បីការពារខ្លួនពីគ្រោះធម្មជាតិរន្ទះបាញ់ សូមប្រុងប្រយ័ត្នការប្រែប្រួលនៃអកាសធាតុ ជាពិសេសក្នុងរដូវភ្លៀង តែងតែមានខ្យល់កន្ត្រាក់ ផ្គរ រន្ទះ ជាញឹកញាប់។ ចំពោះមេឃក្ដៅ ឬមេឃស្រឡះ កម្រមានបាតុភូតធម្មជាតិនេះណាស់។
- នៅឱ្យឆ្ងាយពីវត្ថុដែលអាចចម្លងចរន្ត
- បើស្ថិតក្នុងទីវាល សូមអង្គុយចុះ និងឃ្លាតគ្នាឱ្យបានយ៉ាងហោចណាស់ ៣០ ម៉ែត្រ
- កុំស្ថិតនៅក្រោមដើមឈើ ជាពិសេសដើមឈើធំៗ និងកុំជ្រោកក្រោមអង់តែនខ្សែភ្លើង
- កាត់បន្ថយ ឬផ្អាកប្រើប្រាស់គ្រឿងអេឡិចត្រូនិច
សូមបញ្ចាក់ថា រន្ទះបាញ់ គឺច្រើនតែបាញ់លើទីដែលខ្ពស់ជាងគេ។ ជនរងគ្រោះដែលត្រូវរន្ទះបាញ់ ច្រើនតែគាំបេះដូងឈានទៅរកសេចក្ដីស្លាប់ ដូច្នេះ បើយើងជួយសង្រ្គោះបឋមលើជនរងគ្រោះដែលត្រូវរន្ទះបាញ់ទាន់ពេល អាចមានសង្ឃឹមរស់បាន។ ចុងក្រោយ កុំភ្លេចនាំជនរងគ្រោះទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅក្បែរអ្នកជាទីបំផុត៕
-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom
-ប្រភពៈ ព័ត៌មានក្នុងស្រុក