(+855) 11 909 020 / 69 909 011

ស្វែងយល់ពីវិធីការពារ និងសង្រ្គោះបឋមពេលខ្យល់-គ

សុខភាព៖ ខ្យល់គ ជារោគសញ្ញានៃជំងឺមួយដែលធ្វើឱ្យអ្នកជំងឺងងឹតមុខ វិលមុខ ចង់ក្អួត និងសន្លប់បាត់ស្មារតី។ រោគសញ្ញា ខ្យល់គ ជាពាក្យសាមញ្ញនិយមហៅតៗគ្នា តែក្នុងន័យវេជ្ជសាស្រ្តហៅថា សាំងគុប (Syncope)។  

 

ទាក់ទងនឹងរោគសញ្ញាខ្យល់គនេះដែរ បើអ្នកឃើញនរណាម្នាក់កំពុងតែស្ថិតក្នុងអាការមួយចំនួនដូចជា ស្រេកទឹក ឈឺក្បាល  ដកដង្ហើមញាប់ ថប់ៗខ្យល់ ត្រជាក់​ចុងដៃចុងជើង ស្លេកស្លាំង ឡើង​ប្រផេះ បបូរមាត់​ស្លេកឡើង​ពណ៌ស្វាយ ​បែកញើស​ខ្លាំង រមួលពោះរកក្អួត ឬចង់ក្អួតចង្អោរ វិលមុខ និងឈានដល់ការសន្លប់ គឺបានន័យថា គេកំពុងតែស្ថិតក្នុងអាការខ្យល់គ។ តែយ៉ាងណាមិញ អ្នកមិនគួរទុកឱ្យជនរងគ្រោះមានអាការមិនស្រួលខ្លួនរហូតដល់សន្លប់នោះទេ ផ្ទុយទៅវិញ អ្នកគួរតែចាប់ផ្ដើមសង្រ្គោះបឋមទៅលើជនរងគ្រោះជាបន្ទាន់។

ខាងក្រោមនេះជាវិធីសង្រ្គោះបឋមលើជនរងគ្រោះខ្យល់គ៖ 

១- នាំអ្នកជំងឺចូលកន្លែងម្លប់ដែលមានបរិយាកាសល្អ ឬអាចបាំងម្លប់ឱ្យអ្នកជំងឺ

២- បន្ធូរសម្លៀកបំពាក់អ្នកជំងឺឱ្យធូររលុងដើម្បីឱ្យងាយស្រួលដកដង្ហើម

៣- ជូតខ្លួនអ្នកជំងឺដោយទឹកធម្មតា 

៤- ម៉ាស្សាដៃជើងឱ្យបានញឹកញាប់ដើម្បីឱ្យឈាមរត់ស្រួល

៥- ឱ្យអ្នកជំងឺផឹកទឹកបន្តិចបន្តួច 

៦- ចុងក្រោយព្យាយាមនាំអ្នកជំងឺទៅមន្ទីរពេទ្យ និង

៧- ល្អបំផុតបន្ទាប់ពីជួយអ្នកជំងឺបានខ្លះៗហើយ ចាំបាច់ត្រូវបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យជាបន្ទាន់ សូមកុំទុកអ្នកជំងឺចោលព្រោះជំងឺនេះអាចឆក់យកជីវិតជនរងគ្រោះបានគ្រប់វិនាទី។ 

ទន្ទឹមនឹងនេះដែរ ក្រៅពីវិធីជួយសង្រ្គោះបឋមលើជនរងគ្រោះស្ថិតក្នុងស្ថានភាពខ្យល់គ ឬស៊ាំគុប អ្នកក៏គួរតែដឹងពីវិធីការពារខ្លួនកុំឱ្យកើតជំងឺនេះផងដែរ។ 

ខាងក្រោមនេះជាវិធីការពារខ្លួនពីជំងឺខ្យល់គ៖

១- បរិភោគអាហារពេលព្រឹកឱ្យបានទៀងទាត់ដើម្បីឱ្យមានលំនឹងជាតិស្ករក្នុងខ្លួន  

២- សម្រាប់អ្នកដែលតែងតែមានអាការវិលមុខ ពិបាកដកដង្ហើម គួរតែចៀសវាងស្ថិតក្នុងបរិយាកាសអាប់អួរ ថប់ខ្យល់...

៣- សម្រាប់អ្នកដែលមានបញ្ហាផ្លូវចិត្តដូចជាឆាប់តក់ស្លុត ឬភ័យខ្លាច គួរតែនៅឱ្យឆ្ងាយចំពោះសកម្មភាពរន្ធត់ដូចជាមើលរឿងខ្មោច លេងពញ្ញាក់គ្នា កុំសម្លុតអ្នកដែលមានវិបត្តិផ្លូវចិត្តបែបនេះ...

៤- ដោយឡែកចំពោះអ្នកកើតជំងឺទឹកនោមផ្អែមគួរតែប្រើប្រាស់ថ្នាំការពារស៊ាំគុប ឬខ្យល់គ តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ 

៥- ចំពោះអ្នកមានជំងឺមួយចំនួនដូចជា ​ជម្ងឺ​សរសៃ​ឈាម​បេះដូង ក្រពេញ​ទីរ៉ូអ៊ីត និង​សរសៃ​ឈាម​ខួរក្បាល គួរតែឆាប់ព្យាបាលដើម្បីបង្ការខ្លួនពីជំងឺខ្យល់គ។  

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម - Sokhakrom